ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្ករ​កម្ពុជា​ហាក់​មាន​ទីផ្សារ​ថ្មី​មួយទៀត​បន្ទាប់​ពី​ប្រទេស​ស៊ី​រ៉ា​លី​អូន​ចង់​នាំ​ចូល​អង្ករ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ខណៈ​ដែល​កម្ពុជា​កំពុង​ខិតខំ​ពង្រីក​ទីផ្សារ​អន្តរជាតិ​បន្ថែម​ទៀត​សម្រាប់​ការ​នាំ​ចេញ​ស្រូវ​អង្ករ​នោះ ថ្មី​នេះ​ប្រតិភូ​មក​ពី​ប្រទេស​ស៊ី​រ៉ា​លី​អូន​បាន​បង្ហាញ​នូវ​គម្រោង​ក្នុង​ការ​នាំ​ចូល​អង្ករ​កម្ពុជា​ទៅ​កាន់​ប្រទេស​របស់​ខ្លួន ។ ​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​រសៀល​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៩ ជាមួយនឹង​លោក ប៉ាន សូរ​ស័ក្ដិ…

​រាជធានី​ភ្នំពេញ​៖ ខណៈ​ដែល​កម្ពុជា​កំពុង​ខិតខំ​ពង្រីក​ទីផ្សារ​អន្តរជាតិ​បន្ថែម​ទៀត​សម្រាប់​ការ​នាំ​ចេញ​ស្រូវ​អង្ករ​នោះ ថ្មី​នេះ​ប្រតិភូ​មក​ពី​ប្រទេស​ស៊ី​រ៉ា​លី​អូន​បាន​បង្ហាញ​នូវ​គម្រោង​ក្នុង​ការ​នាំ​ចូល​អង្ករ​កម្ពុជា​ទៅ​កាន់​ប្រទេស​របស់​ខ្លួន ។ ​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​រសៀល​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៩ ជាមួយនឹង​លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​នោះ លោក អើ​នេ​ស្ត ដុម​ម៉ា​ហ៊ី​ណា (Ernest M. Ndomahina) ឯកអគ្គរដ្ឋទូត​ប្រទេស​ស៊ី​រ៉ា​លី​អូន (Sierra Leone) ប្រចាំ​ប្រទេស​ចិន ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​សិក្សា​លើ​ទីផ្សារ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា​ទស្សនកិច្ច​របស់​លោក​នា​ពេល​នេះ គឺ​មាន «​គោលបំណង​ស្វែង​យល់​ពី​ទីផ្សារ​កសិកម្ម​របស់​កម្ពុជា ជា​ពិសេស​ដើម្បី​សិក្សា​អំពី​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ស៊ី​រ៉ា​លី​អូន​»​។

លោក​បាន​បញ្ជាក់​ថា អង្ករ​ជា​អាហារ​ចម្បង​របស់​ស៊ី​រ៉ា​លី​អូន ប៉ុន្តែ​ហេដ្ឋារចនាសម្ព័ន្ធ​កសិកម្ម​របស់​ប្រទេស​ស៊ី​រ៉ា​លី​អូន​មិន​ទាន់​បាន​ស្ដារ​បានជា​ស្ថាពរ​នៅឡើយ «​ដូចនេះ​ការ​នាំ​ចូល​អង្ករ​ពី​ប្រទេស​កម្ពុជា​នឹង​ពង្រឹង​ស្ថេ​រ​ភាព​ចំណីអាហារ​របស់​ប្រទេស​ស៊ី​រ៉ា​លីអូន​»​។

ជា​ការ​ឆ្លើយ​តប លោក ប៉ាន សូរ​ស័ក្ដិ បាន​បញ្ជាក់​ជូន​ខាង​ប្រតិភូ​ពិ​ប្រទេស​ស៊ី​រ៉ា​លី​អូន​ថា ផលិតកម្ម​ស្រូវ​នៅ​កម្ពុជា​មាន​ចំនួន​លើស​តម្រូវ​ការប្រមាណ ៤ លាន​តោន​ជា​រៀង​រាល់​ឆ្នាំ ដែល​អាច​ប្រើប្រាស់​សម្រាប់​ផ្គត់ផ្គង់​ជូន​ទៅ​ប្រទេស​ស៊ី​រ៉ា​លី​អូន​បាន​។ ជា​អនុសាសន៍​លើ​ការងារ​នេះ លោក​បាន​លើកទឹកចិត្ត​ឲ្យ​សហគមន៍​ធុរកិច្ច ឬ​ក្រុមហ៊ុន​នាំ​ចូល​នៃ​ប្រទេស​ស៊ី​រ៉ា​លី​អូន ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយនឹង​សហគមន៍​ធុរកិច្ច ឬ​ក្រុមហ៊ុននាំចេញ​នៃ​ប្រទេស​កម្ពុជា ដើម្បី​បង្កើត​ទំនាក់ទំនង​ផ្លូវការ និង​បង្ក​ភាព​ងាយស្រួល​ក្នុង​ធ្វើ​ពាណិជ្ជកម្ម​រវាង​គ្នា និង​គ្នា​។

​យោង​តាម​របាយការណ៍​ច្រក​ចេញចូល​តែ​មួយ​សម្រាប់​បំពេញបែបបទ​នាំ​ចេញ​អង្ករ គិត​ត្រឹម​នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ បាន​បញ្ជាក់​ថា នៅ​រយៈពេល​១០​ខែ ឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ចំនួន​៤៥៧,៩៤០​តោន កើនឡើង​ជាង​៥​ភាគរយ ដែល​ក្នុង​នោះ​ប្រទេស​ចិន នៅ​តែ​នាំមុខ​គេ ក្នុង​ការ​ទិញ​អង្ករ​ពី​កម្ពុជា ដោយ​រយៈពេល​១០​ខែ​មកនេះ ចិន​បាន​ទិញ​អង្ករ​ពី​កម្ពុជា ជាង​១៧​ម៉ឺន​តោន​, ប្រទេស​បារាំង ជាង​៦​ម៉ឺន​តោន​, ប្រទេស​ម៉ា​ឡេ​ស៊ី​ជិត​២.៥​ម៉ឺន​តោន និង​ប្រទេស Gabon ជាង​២​ម៉ឺន​តោន​។

​សូម​បញ្ជាក់​ថា​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​បាន​ធ្លាក់​ចុះ​ជាង​៣២​ភាគរយ គិត​មក​ត្រឹម​រយៈពេល​ប្រាំបួន​ខែ​ដើមឆ្នាំ​២០១៩​នេះ ដោយសារ​តម្លៃ​ពន្ធ​ខ្ពស់ ជា​ហេតុ​នាំ​ឲ្យ​សមាគម​អ្នក​នាំ​អង្ករ​កម្ពុជា​គ្រោង​នឹង​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​ឡើង​វិញ​អំពី​ការ​យកពន្ធ​អង្ករ​កម្ពុជា​នេះ​ដើម្បី​ឲ្យ​ការ​នាំ​ចេញ​មាន​កំណើន​ឡើង​វិញ ។ យ៉ាងណាមិញ ដោយសារ​តែ​សម្ពាធ​នៃ​ការ​យកពន្ធ​លើ​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប បាន​ធ្វើ​ឲ្យកម្ពុជា​ខិតខំ​ចរចា​រក​ទីផ្សារ​លក់​អង្ករ​ទៅ​កាន់​ប្រទេស​ចិន​ឲ្យ​បាន​ច្រើន​ជាង​មុន​ផង​ដែរ ។

​សូម​រម្លឹក​ថា​កាលពីដើម​ឆ្នាំ​២០១៩​នេះ សហភាព​អឺរ៉ុប​បាន​សម្រេច​យកពន្ធ​អង្ករ​កម្ពុជា​ចំនួន​១៧០​អឺ​រ៉ូ ឬ​ស្មើនឹង​ប្រមាណ​១៨៥​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​តោន ដើម្បី​ការពារ​ផលប្រយោជន៍​ទីផ្សារ​អង្ករ​នៅ​អឺរ៉ុប​របស់​ប្រទេស​អ៊ី​តា​លី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ