ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រំពឹង​ថា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ទីផ្សារ​ធំ​ៗ​ក្នុង​តំបន់​អឺរ៉ុប​អាស៊ី​នឹង​ចាប់ផ្ដើម​ឆ្នាំ​ក្រោយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កិច្ចព្រមព្រៀង​សេរី​រវាង​កម្ពុជា​និង​បណ្ដា​ប្រទេស​សហភាព​អឺរ៉ុប អាស៊ី រួម​មាន​ប្រទេស​ធំ​ៗ​ចំនួន​៥ មាន​ដូច​ជា ប្រទេស រុ​ស្ស៊ី អា​មេ​នៀ កា​ហ្សា​ក់​ស្ថានកៀ​ស៊ី​ស៊ី​ស្ថាន…

រាជធានី​ភ្នំពេញ ៖ កិច្ចព្រមព្រៀង​សេរី​រវាង​កម្ពុជា​និង​បណ្ដា​ប្រទេស​សហភាព​អឺរ៉ុប អាស៊ី រួម​មាន​ប្រទេស​ធំ​ៗ​ចំនួន​៥ មាន​ដូច​ជា ប្រទេស រុ​ស្ស៊ី អា​មេ​នៀ កា​ហ្សា​ក់​ស្ថានកៀ​ស៊ី​ស៊ី​ស្ថាន និង​ប្រទេស​បេឡា​រុស គ្រោង​នឹង​បញ្ចប់​និង​អាច​ដំណើរការ​ធ្វើ​ពាណិជ្ជកម្ម​ជា​ផ្លូវការ​នៅ​ឆ្នាំ ២០២០​ខាង​មុខ​នេះ ដែល​អាច​បង្កើន​ទំហំ​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ទាំងនោះ ។

យោង​តាម​ប្រសាសន៍​លោក​ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​មាន​ប្រសាសន៍​ថា កិច្ចព្រមព្រៀង​នេះ​ត្រូវ​ចរចា​ម្ដង​មួយ​ប្រទេស​ៗ ហើយ​ពេល​នេះ​កម្ពុជា​បាន​បញ្ចប់​អស់​ចំនួន​បួន​ប្រទេស​ហើយ នៅ​សល់​តែ​មួយ​ប្រទេស​ទៀត​ប៉ុណ្ណោះ​ដែល​ត្រូវ​ចរចា នោះ​គឺ​ប្រទេស​កា​ហ្សា​ក់​ស្ថាន ។

លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បាន​ថ្លែង​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា «​សម្រាប់​កិច្ចចរចា​ជាមួយ​បេឡា​រុស យើង​ក៏​សង្ឃឹមថានឹង​ជោគជ័យ​ដែរ ដោយសារ​តែ​ប្រទេស​រុ​ស្ស៊ី​បាន​ជំរុញ​អោយ​កា​ហ្សា​ក់​ស្ថាន​បង្កើត​កិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា​ផង​ដែរ ដូច្នេះ​យើង​មើលឃើញ​ថា​មិន​មាន​អ្វី​ជា​ឧបសគ្គ​នោះ​ទេ អ​ញ្ចឹ​ង​នៅ​ឆ្នាំ​ក្រោយ​កិច្ចចរចា​នេះ នឹង​ចប់ ហើយ​អាច​ចាប់ផ្ដើម​ធ្វើ​ពាណិជ្ជកម្ម​រួប​គ្នា​បាន​ហើយ » ។ លោក​បាន​បន្ត​ថា នៅ​ពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចាប់ផ្ដើម​អនុវត្តន៍​ជាមួយ​បណ្ដា​ប្រទេស​ទាំង​៥​ក្នុង​តំបន់​អឺរ៉ុប អាស៊ី កម្ពុជា​នឹង​អាច​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ទាំងនោះ បាន​កាន់តែ​ច្រើន​ដែល​អាច​ធ្វើ​អោយ​ទំហំ​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​បាន​កាន់តែ​ច្រើន​ផង​ដែរ ជា​ពិសេស​ទំនិញ​ដែល​មាន​តម្លៃ​ថ្លៃ​ផង​ដែរ ។

លោក​ប៉ាន សូរ​ស័ក្ដិ បាន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា «​ទំនិញ​ដែល​ជា​តម្រូវការ​ចាំបាច់​របស់​ប្រទេស​ទាំងនោះ រួម​មាន​អាវ​រវាង​ក្រាស់​ៗ ដែល ទំនិញ​ជា​ទំនិញ​មាន​តម្លៃ​ខ្ពស់​សម្រាប់​ទីផ្សារ​ប្រទេស​ទាំងនោះ »​។ លោក​បាន​បន្ថែម​ថា​ក្រៅពី​ពាណិជ្ជកម្ម​សេរី ជាមួយ​ប្រទេស​ក្នុង​តំបន់ អឺរ៉ុប អាស៊ី កម្ពុជា​ក៏​បាន​និង​កំពុង​ចរចា បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​ប្រទេស​ចិន និង​កូរ៉េ​ខាងត្បូង​ផង​ដែរ ដោយ​អ្នកបច្ចេកទេស និង​ប្រតិភូ​កម្ពុជា ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន ចរចា​នូវ​កិច្ចព្រមព្រៀង​នេះ ដើម្បីអោយ​កម្ពុជា អាច​នាំ​ចេញ​ទំនិញ​បាន​កាន់តែ​ច្រើន​ទៅ​កាន់​ប្រទេស​ទាំងនោះ ។ សម្រាប់​ពាណិជ្ជកម្ម​សេរី ជាមួយ​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​អាស៊ី កម្ពុជា​នឹង​អាច​នាំ​ចេញ​នូវ​ទំនិញ​សក្ដា​នុ​ជា​ច្រើន​ទៀត ក្នុង​វិស័យ​វាយនភ័ណ្ឌ និង​ផលិតផល​កសិកម្ម​ជា​ច្រើន​ទៀត​ទៅ​តាម​តម្រូវការ​ជាក់ស្ដែង​នៃ​ប្រទេស​ទាំងនោះ ។

បើ​តាម​លោក Hidetoshi Nishimura ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច សម្រាប់ អាស៊ាន និង អាស៊ី​បូព៌ា បានអោយ​ដឹង​ថា កម្ពុជា​នឹង​ទទួល​បាន​ទីផ្សារ​កាន់តែ​ធំ នៅ​ពេល​ដែល​ការ​ចរចា​បាន​បញ្ចប់​ជាមួយនឹង​បណ្ដា​ប្រទេស​ទាំងនោះ ហើយ​ផលិតផល​កម្ពុជា​នឹង​ត្រូវ​បាន​ចែកចាយ​លើ​បណ្ដា​ប្រទេស​ធំ​ៗ​លើ​ពិភពលោក ដូច​ជា​រុ​ស្ស៊ី និង​ប្រទេស​៤​ផ្សេង​ទៀត​ក្នុង​តំបន់​អឺរ៉ុប អាស៊ី ដូច្នេះ​វា​ជា​ឱ​កា​សម្រាប់​កម្ពុជា​ក្នុង​ការ​បន្ថែម​ការ​ផលិត​របស់​ខ្លួន​ដើម្បី​ផ្គត់ផ្គង់​លើ​ទីផ្សារ​ធំ​ៗ​លើ​ពិភពលោក ។ ​លោក​បាន​បន្ត​ថា កម្ពុជា​ត្រូវ​ត្រៀមខ្លួន ក្នុង​ការ​ទទួលយក​នូវ​អ្វី​ថ្មី​សម្រាប់​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​នៅ​ពេល​ខាង​មុខ ហើយ​កម្ពុជា​ក៏​ត្រូវ​ពង្រឹង​នូវ​គុណភាព​ការ​ផលិត​របស់​ខ្លួន​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដែល​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន គេ​ក៏​បាន​អនុវត្តន៍​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប អាស៊ី​នេះ​ដែរ ។

លោក​វ៉ា​ន់ សូ​អៀង ប្រធាន​សមាគម​រោងចក្រ​កាត់​សម្លៀក​បំពាក់​និង​ស្បែកជើង​កម្ពុជា ធ្លាប់​បាន​លើក​ឡើង​ថា តាម​រយៈ​កិច្ចព្រមព្រៀង​នេះ​នឹង​អាច​ទាញ​វិនិយោគិន​ក្នុង​វិស័យ​វាយនភ័ណ្ឌ មក​វិនិយោគ​នៅ​កម្ពុជា និង​ផលិត​នូវ​សម្ភារៈ​ដែល​ជា​តម្រូវការ​របស់​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​អាស៊ី សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ទាំងនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ