ភាព​សិច​ស៊ី​:​សិល្បករ​ចង់​ឲ្យ​បើក​ទូលាយ​ជាង​នេះ


សិល្បករ​មួយ​ចំនួន​បាន​បញ្ចេញយោបល់​ថា កម្ពុជា​គួរ​បើកចំហ​ខ្លាំង​ជាង​នេះ​ទៅ​លើ​ភាព​សិច​ស៊ីក្នុង​វិស័យ​សិល្បៈ ដើម្បី​ឲ្យ​ទាន់​សម័យកាល និង​ដើម្បី​ឲ្យ​វិស័យ​សិល្បៈ​មាន​ភាព​រស់​រវើក ។ តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​នូវ​ភាព​ស៊ិ​ច​ស៊ី​នាង វ៉ា​ន់ វ​ល័​ក្ខ បាន​លើក​ឡើង​ថា ជា​ធម្មតា ការ​សិច​ស៊ី​នៅ​ក្នុង​សិល្បៈ​ខ្មែរ​នា​សម័យនេះ គឺ​តែងតែ​ទទួល​ការ​រិះគន់​ពី​មហាជន ព្រោះ​អ្នកសិល្បៈ​ជា​បុគ្គល​សាធារណៈ ។

នាង​បញ្ជាក់​ថា មហាជន​ខ្លះ​រិះគន់​បង្អាប់​បន្ថោក​ដែល​ពិបាក​ទទួលយក ប៉ុន្តែ​ដោយឡែក​យើង​ទទួលយក​រិះគន់​ណា​ក្នុង​ន័យ​ស្ថាបនា តែ​ក្នុង​នាម​ជា​អ្នកសិល្បៈ​យើង​ក៏​មិន​គួ​សិច​ស៊ី​ឲ្យ​ហួស ហេតុ​ពេក​នោះ​ដែរ ។

វ៉ា​ន់ វ​ល័​ក្ខ រហូត​មក​ដល់​ពេល​នេះ​នាង​ក៏​មិនដឹង​ច្បាស់​ដែរ​ថា ការ​សិច​ស៊ី​នេះ​មានការ​បើក​ទូលំ ទូលាយ​ដល់​កម្រិត​ណា​ដែរ ។ ប៉ុន្តែ​នាង គឺជា​តារា​ម្នាក់​ដែល​ចូល​ចិត្តការ​សិច​ស៊ី ហេតុនេះ​នាង​តែងតែ​បញ្ចេញ​នូវ​ភាព​សិច​ស៊ី​តាម​ចិត្ត​ចង់​របស់​ខ្លួន តែ​មិនមែន​សិច​ស៊ី​ឲ្យ​ហួសហេតុ​ពេក​ដែរ ។

ចំណែក​តារា​សម្តែង​ដែល​និយម​បង្ហាញ​ភាព​សិច​ស៊ី​ដូច​គ្នា​ដែរ​នោះ​នាង ពេជ្រ អា​វី​ហ្សា ក៏​បាន​លើក​ឡើង​ដែរ​ថា បច្ចុប្បន្ន​យើង​គួរ​មានការ​បើក​ទូលាយ​ខ្លះ​ចំពោះ​ការ​ថត​បែប​សិច​ស៊ីក្នុង​សង្គម​សិល្បៈ​ខ្មែរ ដោយសារ​នាង​ក៏​បាន​មើលឃើញ​ពី​ភាព​សិច​ស៊ីក្នុង​សិល្បៈ​ខ្មែរ​នេះ​ផង​ដែរ​តាំងពី​ដើម​មក ។ នាង​បញ្ជាក់​ថា សម័យនេះ​ជា​សម័យ​ជឿនលឿន និង​ទំនើប ដូចនេះ​សង្គម​សិល្បៈ​ស្រុក​គេ​ក៏​មានការ​ហ៊ាន​ថត​សិច​ស៊ី​បែប​សិល្បៈ​នេះ ហើយ​គេ​ក៏​មាន​បុរាណ​វា​មិន​ខុស​អ្វី​ពី​ប្រទេស​យើង​ដូច​គ្នា ។

នាង​បន្ត​ថា ជា​ធម្មតា​ខ្មែរ​យើង​មានការ​គោរព​ប្រពៃណី​ដ៏​ល្អ​ផូរផង់ ។ ហេតុនេះ​ភាព​ស៊ិ​ច​ស៊ី​ហាក់​មិនសូវ​ទទួលយក​បាន ប៉ុន្តែ​បើសិនជា​ក្នុង​សិល្បៈ​យើង​មាន​បុរាណ​លាយ​ជាមួយ​ភាព​សិច​ស៊ី​ខ្លះ​នោះ​ទំនងជា​អាច​ល្អ ។ នាង​និយាយ​បន្ថែម​ទៀត​ថា នាង​លើក​ឡើង​ខាងលើ​នេះ​មិនមែន​នាង​ចង់​បង្ហាញ​ភាព​សិច​ស៊ី​តាម​ចំណង់​ចំណូលចិត្ត​ហួសហេតុ​នោះ​ឡើយ ។ ពោល គឺ​នាង​សំដៅលើ​ភាព​សិច​ស៊ី​ល្មម​ដែល​អាច​ទទួលយក​បាន​នៅ​ក្នុង​សិល្បៈ​ប៉ុណ្ណោះ ។

ដោយឡែក​តារាចម្រៀង និង​ជា​អតីត​ប្រធាន​សមាគម​សិល្បៈករ​ខ្មែរ​លោក សុះ ម៉ាច ក៏​បាន​លើក​ឡើង ជា​ទស្សន​ដែរ​ថា ដំណាក់កាល​នេះ​ហើយ​យើង​គួរ​មើល​ពិភពលោក​គេ​វិវត្តន៍​ដល់​ណា​ហើយ មាន​ន័យ​ថា សិល្បៈ​ទាំង​សម័យ និង​បុរាណ គឺ​ត្រូវ​ដើរ​ទន្ទឹម​គ្នា ។ លោក​បញ្ជាក់​ថា យើង​ត្រូវ​ទទួលយក​នូវ​អ្វី​ដែល​ថ្មី​ហើយ​យើង​ក៏​ត្រូវ​មានការ​អភិរក្ស​ផង​ដែរ អ្នកសិល្បៈ គឺ​មានការ​យល់​ដឹង​ចំពោះ​ការ​សម្តែង​ក៏​ដូច​ជា ការ​ស្លៀកពាក់​ទៅ​តាម​កាលៈទេសៈ​ដែល​ខ្លួន​បាន​ចូលរួម ។ យើង​គួ​មានការ​បើក​ចិត្ត​ឲ្យ​ទូលាយ​បន្តិច ក្នុង​ពេល​ដែល​សង្គម​សិល្បៈ​ខ្មែរ​បាន​ឈាន​ជើង​ដល់​សម័យ​សកល​ភា​វូ​នី​យ​កម្ម ដែល​មាន​ភាព​ទំនើប និង​ទាន់សម័យ ។

ចំណែក​ចាងហ្វាង​ផលិតកម្ម​មហាហង្ស​លោក អ៊ិ​ន សុ​ភិន ក៏​បាន​លើក​ឡើង​ដែរ​ថា ការ​ថត​សិច​ស៊ី​នេះ​ផលិតកម្ម​របស់​លោក​មាន​ស្តង់ដា​ពាក់ព័ន្ធ​ទៅ​នឹង​សាច់​រឿង​ពោល​បើ​សាច់​រឿង​សិច​ស៊ី គឺ​ត្រូវ​តម្រូវ​តាម​នោះ ។ លោក​បញ្ជាក់​ថា ជា​ទូទៅ​ប្រសិនបើ​យើង​ថត​សិច​ស៊ី​តាម​បែប សិល្បៈ​នោះ​ទំនងជា​មិន​ទទួល​កា​រិះគន់​ខ្លាំង​ទេ ប៉ុន្តែ​ប្រសិនបើ​អ្នកដឹកនាំ​គាត់​ថត​លេងសើច ហើយ​យក​មក​បង្ហោះ​ផ្តេសផ្តាស់​នោះ ប្រាកដជា​មានការ​រិះគន់​ខ្លាំង ។ បើសិនជា​យើង​គិត​ថា ចង់​ថត​ឲ្យ​មាន​ភាព​សិច​ស៊ី ដើម្បី​ទាក់ទាញ​អ្នក​ទស្សនា​ដោយ​ប្រាសចាក​ពី​សាច់​រឿង​ទាំងស្រុង​នោះ គឺ​ប្រាកដ​ណាស់​ការ​រិះគន់​ពី​មហាជន​នឹង​កើត​មាន​ឡើងជា​មិន​ខាន​ឡើយ ។ បើ​តាម​លោក អ៊ិ​ន សុ​ភិន ប្រសិនបើ​សិច​ស៊ី​ខុស​សាច់​រឿង​នោះ គឺ​យើង​មិន​គួរ​បើកចំហរ​ពេក​ទេ ប៉ុន្តែ​ប្រសិនបើ​សិច​ស៊ី​តាម​សាច់​រឿង និង​បែប​សិល្បៈ​នោះ គឺ​យើង​មិន​គួ​គប្បី​ហាមឃាត់​ខ្លាំង​ពេក​ទេ ។

ដោយឡែក​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ ប្រធាន​នាយកដ្ឋាន​ភាពយន្ត​លោក ប៉ុក បូ​រក្ស បាន​អះអាង​ថា យើង​ត្រូវ​ទទួលស្គាល់​នូវ​បរិបទ​សង្គម​នា​ពេល​បច្ចុប្បន្ន​នេះ ដោយ​យើង​ត្រូវ​កំណត់​នូវ​និយម​ន័យ​ឲ្យ​បាន​ច្បាស់​នូវ​ធ្វី​ដែល​ហៅ​ថា​ភាព​សិច​ស៊ី ។ លោក ប៉ុ​ក្ស បូ​រក្ស បញ្ជាក់​ថា ការ​ថត​បែប​សិច​ស៊ីក្នុង​សិល្បៈ​នេះ គឺ​យើង​អាច​ទទួលយក​ទៅ​តាម​ការ​កម្រិត និង​លក្ខណៈ​នៃ​សាច់​រឿង​ពោល គឺ​មិនមែន​ឈុត​មុជទឹក​យើង​មិន​ឲ្យ​តួ​ស្លៀក​សា​រ៉ុ​ង​ចុះ​ងូតទឹក​នោះ​ទេ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ