រាជធានីភ្នំពេញ ៖ ខណៈដែលសហភាពអឺរ៉ុបកំពុងរង់ចាំការឆ្លើយតបពីរាជរដ្ឋាភិបាលកម្ពុជា មុននឹង សម្រេចថាតើត្រូវព្យួរឋានៈអនុគ្រោះពន្ធដល់កម្ពុជាឬក៏យ៉ាងណានោះ រាជរដ្ឋាភិបាលបានប្រមូលថវិកា បម្រុងទុកប្រមាណ៣ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងលទ្ធភាពនៃការបាត់បង់ឋានៈអនុគ្រោះពន្ធជាយ ថាហេតុ ។មន្ត្រីរាជរដ្ឋាភិបាលបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមថវិកាប្រមាណ៣ពានលានដុល្លារអាមេរិករួចជាស្រេច ដើម្បីទប់ស្កាត់ផលប៉ះពាល់នានា ដែលអាចកើតមានឡើង ដោយសារលទ្ធភាពនៃការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ» ឬ Everything But Arms (EBA) ។
ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍមួយ កម្ពុជាទទួលបានឋានៈអនុគ្រោះពន្ធ(EBA) ពីសហភាពអឺរ៉ុប ដែលអនុញ្ញាតឲ្យកម្ពុជានាំចេញផលិតផលក្នុងស្រុករបស់ខ្លួនជាច្រើនប្រភេទទៅកាន់ប្រទេសនានានៅទ្វីបអ៊ឺរ៉ុបដោយមិនបាច់បង់ពន្ធ ។ ក្នុងមួយឆ្នាំៗ ឋានៈអនុគ្រោះពន្ធនេះបានធ្វើឲ្យកម្ពុជាចំណេញយ៉ាងហោចណាស់ប្រមាណ៦០០លានដុល្លារអាមេរិក ។ ប៉ុន្តែ ស្ថានភាពនយោបាយក្រោយឆ្នាំ២០១៣បានជំរុញឲ្យគណៈ កម្មការសហភាពអឺរ៉ុបពិចារណាថា ត្រូវព្យួរឋានៈអនុគ្រោះពន្ធ ដែលកម្ពុជាទទួលបាន ឬក៏យ៉ាងណា បើ សិនមិនស្តារលទ្ធិប្រជាធិបតេយ្យ សេរីភាពមូលដ្ឋាន និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា តែប្រមុខរាជ រដ្ឋាភិបាលកម្ពុជាបានចាត់ទុកថាមានការវាយតម្លៃបែបស្តង់ដារ២ចំពោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។ ទោះជាបែបណា កម្ពុជាមិនឱនក្បាលចំពោះការទាមទារដោយរំលោភអធិបតេយ្យភាពរបស់កម្ពុជានោះឡើយ ។
ប្រហែល១សប្តាហ៍ខាងមុខនេះ ពោលគឺត្រឹមថ្ងៃទី១២ ខែធ្នូ រាជរដ្ឋាភិបាលកម្ពុជានឹងត្រូវធ្វើការឆ្លើយតបទៅគណៈកម្មការសហភាពអឺរ៉ុបវិញ បន្ទាប់ពីគណៈកម្មការនេះបានចេញរបាយការណ៍វាយតម្លៃរបស់ខ្លួនលើស្ថានភាពសិទ្ធិមនុស្សនិងនយោបាយរបស់កម្ពុជា កាលពីខែវិច្ឆិកាកន្លងទៅនេះ ។ មុននេះ សមាគមកាត់ដេរ សភាពាណិជ្ជកម្មអឺរ៉ុប និងក្រុមហ៊ុនវិនិយោគទុននៅកម្ពុជាមួយចំនួន បានប៉ាន់ស្មាននាពេលកន្លងមកថា ការបាត់បង់ឋានៈអនុគ្រោះពន្ធ(EBA)នេះ អាចប៉ះពាល់ខ្លាំងគួរសមដល់សេដ្ឋកិច្ចកម្ពុជា ដោយបណ្តាលឲ្យមានការបាត់បង់ការងារធ្វើរបស់ពលរដ្ឋកម្ពុជាយ៉ាងហោចណាស់៩ម៉ឺននាក់ ហើយកម្ពុជានឹងបាត់បង់ចំណូលប្រមាណ៦០០លានដុល្លារអាមេរិក ពីការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។
ស្របពេលជាមួយគ្នានឹងការត្រៀមថវិកានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឬ Free Trade Agreement (FTA) ជាមួយប្រទេសដែលមានសេដ្ឋកិច្ចធំៗនានាដូចជា ចិន និងកូរ៉េខាងត្បូងជាដើម ដែលគោលដៅនេះអាចអនុញ្ញាតឲ្យកម្ពុជាទទួលបានទីផ្សារនាំចេញផលិតផលក្នុងស្រុករបស់ខ្លួនបន្ថែមទៀតផងដែរ ។សូមបញ្ជាក់ថា ការឆ្លើយតបគឺត្រឹមថ្ងៃទី១២ ខែធ្នូ ទៅកាន់សហភាពអឺរ៉ុប ។ យ៉ាងណាក៏ដោយបើមានការលុបចោលប្រព័ន្ធអនុគ្រោះ EBA នោះ គឺនឹងចាប់ផ្តើមចូលជាធរមាននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ខាងមុខ ៕
ចែករំលែកព័តមាននេះ