រាជធានីភ្នំពេញ ៖ក្រុមព្រះសុរិយាបានព្រមានប្ដឹងស្ត្រីម្នាក់ដែលប្រមាថសិល្បៈភាពយន្តខ្មែរ ក្នុងពេលដែលក្រុមព្រះសុរិយាខិតខំយ៉ាងខ្លាំង ក្នុងបេកកសកម្មភាពដើម្បីស្វែងរកដុំហ្វី៊លចាស់ៗដែលបាត់បង់កាលពីសម័យសង្គ្រាមមកកែលម្អឡើងវិញ ។
លោកយាង វ៉ាន់ឌី ប្រធានក្រុមព្រះសុរិយា បានប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិកថា ករណីនេះបានកើតឡើងក្នុងពេលផេកហ្វេសប៊ុកក្រុមព្រះសុរិយារបស់លោកបានហៅព្រះគោរម្យងារសម្តេចព្រះរៀមនរោត្តម បុប្ផាទេវី ថា “ម្ចាស់ម៉ែ ” ដែលពាក្យនេះត្រូវបានហៅយ៉ាងទូលាយ បន្ទាប់ពីសម្តេចព្រះរាជបុត្រីយាងសោយព្រះទិវង្គត ទៅកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
លោកបញ្ជាក់ថា គាត់ចង់ឈ្នះរហូតដល់គាត់ចូលមកខំមិនគ្រប់ ហេីយថែមទាំងប្រមាថមើលងាយព្រលឹងដូនតា និងវិស័យភាពយន្តខ្មែរថែមទៀតផង ខណៈពេលដែលក្រុមរបស់លោកបានខិតខំយ៉ាងខ្លាំងក្នុងការប្រមែប្រមូលស្វែងរកដុំហ្វ៊ីលភាពយន្តខ្មែរពីដើម ដោយពេលខ្លះប្រើថវិកាផ្ទាល់ខ្លួន ។ ស្ត្រីខាងលើនេះបានព្យាយាមតាមរករឿងក្រុមរបស់លោកជាបន្តបន្ទាប់ ដោយលោកមិនបានដឹងពីមូលហេតុឲ្យពិតប្រាកដពីស្ត្រីរូបនេះឡើយ ប៉ុន្តែក្នុងពេលដែលមានការប្រើប្រាស់ពាក្យប្រមាថមើលងាយដល់ស្នាដៃអ្នកដឹកនាំរឿងភាពយន្តខ្មែរជើងចាស់នោះ ក្រុមរបស់លោកមិនអាចអត់ឱនបាននោះឡើយ ។
បើតាមលោកយាង វ៉ាន់ឌី រហូតមកទល់ពេលនេះលោកបានជួបមេធាវីរួចហើយ ហើយកំពុងរៀបចំឯកសារប្តឹងស្ត្រីខាងលើនេះពីបទប្រមាថជាតិសាសន៍ខ្លួនឯង ព្រោះប្រមាថព្រលឹងដូនតា និងវិស័យភាពយន្តខ្មែរ ។
ហ្វេសប៊ុកស្ត្រីឈ្មោះទេព ចរណៃ ដែលត្រូវបានគេដឹងថា កំពុងរស់នៅក្រៅប្រទេសនោះបានចូលខំមិននៅក្រោមរូបភាព និងខ្លឹមសារដែលផេកក្រុមព្រះសុរិយាបានបង្ហោះពីព្រះឆាយាលក្ខណ៍ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ដោយនៅក្នុងនោះដោយប្រើពាក្យ ម្ចាស់ម៉ែ ដោយស្ត្រីខាងលើនេះអះអាងថា ជាការប្រើពាក្យមិនត្រឹមត្រូវ ។ បញ្ហានេះបានធ្វើឲ្យកើតមានរឿងរ៉ាវបែកអូរ ហូរជាស្ទឹងក្លាយជាសង្គ្រាមពាក្យសម្តីវាយប្រហារគ្នាយ៉ាងក្តៅគគុកក្នុងផេករបស់ក្រុមព្រះសុរិយា រហូតដល់ថ្នាក់ស្ត្រីខាងលើនេះបានចោទក្រុមនេះថា ដោយសារពឹងលើដុំហ្វី៊លកុនដែលអស់តម្លៃ ហើយតោងជាប្រយោជន៍ស្វែងរកជំនួយ ។
ពាក្យសម្តីនេះហើយដែលបានធ្វើឲ្យក្រុមព្រះសុរិយាបានសម្តែងនូវការខឹងខ្លាំង ដោយបានចាត់ទុកការប្រើពាក្យសម្តីពីស្ត្រីនេះគឺជាការប្រមាថយ៉ាងធ្ងន់មកតម្លៃនៃខ្សែភាពយន្តខ្មែរ ហើយវាស្មើនឹងការប្រមាថមកលើពូជសាសន៍ខ្មែរគ្នាឯងផងដែរ ។
ក្រុមព្រះសុរិយាបានបង្ហោះសារឆ្លើបតបទៅកាន់ស្ត្រីនោះតាមបណ្តាញហ្វេសប៊ុកថា នេះជាការប្រមាថដ៏ធ្ងន់បំផុតចំពោះវិស័យភាពយន្តខ្មែរ ដែលបុគ្គលទេព ចរណៃ បានសរសេរប្រមាថយ៉ាងធ្ងន់ដល់វិស័យភាពយន្តខ្មែរដែលវិស័យកកើតឡើងតាំងពីសម័យសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋនៃយើង ដែលព្រះអង្គខិតខំខ្នះខ្នែងទំនុកបម្រុងឲ្យវិស័យនេះរស់។ បុគ្គលម្នាក់នេះមិនត្រឹមតែបានប្រមាថមកលើក្រុមព្រះសុរិយានោះទេ ក៏បានប្រមាថមកលើហ្វ៊ីលកុន ដែលនេះគឺជាការប្រមាថដ៏ធ្ងន់បំផុតចំពោះសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាភាពយន្តជាតិ ការប្រមាថមកលើរាជរដ្ឋាភិបាលកម្ពុជាដែលកំពុងខិតខំប្រមូលមរតកដូនតានៃភាពយន្តយកមករក្សាទុក ដោយមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាសេនាធិការ ។
ជាការប្រមាថចំពោះវីរភាពរបស់វរសិល្បករដែលបានពលីសាច់ស្រស់ឈាមស្រស់ដើម្បីធ្វើឲ្យហ្វី៊លកុន(ភាពយន្ត)មានភាពល្បីល្បាញតំណាងឲ្យសិល្បៈទី៧នៃកម្ពុជា ។ ប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះសិល្បករ សិល្បការិនីដែលនៅរស់មានជីវិតពីរបបខ្មែរក្រហម ប្រមាថដួងវិញ្ញាណក្ខន្ធបុព្វបុរស សិល្បករ សិល្បការិនីនៃវិស័យភាពយន្តដែលបានស្លាប់ក្នុងរបបខ្មែរក្រហម និងជាការប្រមាថដល់ទឹកចិត្តរបស់យុវជនដែលកំពុងបំពេញការងារស្រាវជ្រាវយ៉ាងមោះមុតស្វែងរកហ្វី៊លកុនដ៏លំបាកបំផុតគ្រប់ទីកន្លែង ។
ក្នុងនាមលោកជំទាវសុខ ស៊ីថន អនុប្រធានកិត្តិយសនៃក្រុមព្រះសុរិយា ក្រុមនេះកំពុងតែសិក្សាអំពីផ្លូវច្បាប់ចំពោះការប្រមាថមកលើហ្វ៊ីលកុនខ្មែរ ដោយប្រើភាសាថា ហ្វី៊លកុនអត់ប្រយោជន៍ ចំពោះពាក្យនេះធ្វើឲ្យប៉ះពាល់ដល់កិត្តិយសវិស័យភាពយន្តខ្មែរយ៉ាងខ្លាំង ដែលវិស័យភាពយន្តខ្មែរបានរួមចំណែកក្នុងសង្គមកម្ពុជាតាំងពីវិស័យនេះកកើតឡើងរហូតព្រះរាជាណាចក្រកម្ពុជាមានសន្តិភាពក្នុងបច្ចុប្បន្នភាពនេះ ។ ហ្វី៊លកុននៅតែឈរជានិមិត្តរូបនៃវិស័យភាពយន្តខ្មែរដែលមិនអាចប្រកែកបាន ។ ហ្វី៊លកុននៅតែមានតម្លៃដ៏វិសេសវិសាលសម្រាប់ប្រជាជាតិទាំងមូល ហើយបច្ចុប្បន្នហ្វ៊ីលកុនជាច្រើនបានបាត់បង់។
ហ្វី៊លកុនគឺជាភស្តុតាងប្រវត្តិសាស្ត្រដែលមិនអាចកាត់ថ្លៃបាន ដែលបង្ហាញពីការរីកចម្រើនលើតម្លៃសិល្បៈវប្បធម៌ភាពយន្តខ្មែរដែលគេចាត់ទុកថា ជាយុគមាសនៃវិស័យភាពយន្តខ្មែរ តាមរយៈហ្វី៊លកុន ដែលបុគ្គលម្នាក់នេះចាត់ទុកថាជារបស់ឥតប្រយោជន៍ទៅវិញ ។ ក្នុងនាមលោកជំទាវអនុប្រធានកិត្តិយស និងថ្នាក់ដឹកនាំទាំងអស់ រួមទាំងសមាជិក សមាជិកានៃក្រុមព្រះសុរិយានឹងរៀបចំពាក្យបណ្តឹងប្តឹងបុគ្គលម្នាក់តាមផ្លូវច្បាប់៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ