រមណីយដ្ឋាន​កោះដាច់ ដ៏​កម្សត់​អើយ​ ​អ្នក​​អី​ក៏​ក្រិន​ម្ល៉េះ?


រាជធានី​ភ្នំពេញ ៖ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​រមណីយដ្ឋាន​កោះដាច់​បាន​ស្ថិត​នៅ​ក្រោម​ការ​ដែល​គ្រប់គ្រង​របស់​ឯកជន​ឈរ​ចាំ​លក់​សំបុត្រ​ប្រមូល​តែ​ប្រាក់ ពី​អ្នក​ដែល​នាំ​ក្រុម​គ្រួសារ​មក​សម្រាក​និង​កម្សាន្ត​ងូតទឹក​ទន្លេ​ដ៏​ថ្លា​ឆ្វង់ ក៏​ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​រមណីយដ្ឋាន​នេះ​មិន​មាន​ការ​អភិវឌ្ឍន៍​ឡើយ ទាំង​ផ្លូវ​ចូល​និង​ទីតាំង​អង្គុយ​តាម​ក្យូ​ស​ជាប់​មាត់ទឹក​គឺ​ក្រិន​ផ្អេះ​ដដែល ។

រមណីយដ្ឋាន​កោះដាច់​នៅ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​ស្ថិត​នៅ​ក្នុងភូមិ​ក្បាលកោះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ដែល​មាន​ទីតាំង​មិន​ឆ្ងាយ​ជាង​១៥​គីឡូម៉ែត្រ​ពី​ទិស​ខាងជើង​នៃ​រាជធានី​ភ្នំពេញ ។

លោក យាង គ​ន្ធា អ្នក​រាជធានី​ភ្នំពេញ​ដែល​នាំ​ក្រុម​គ្រួសារ​មក​លេង​រមណីយដ្ឋាន​កោះដាច់​បាន​និយាយ​ថា ៖ យ៉ាង​ហោច​ណាស់​ក្នុង​មួយ​ខែ​គាត់​តែងតែ​នាំ​ក្រុម​គ្រួសារ​មក​ងូតទឹក​ទន្លេ​និង​ហូប​បាយ​នៅ​តូប​មាត់ទន្លេ​កោះដាច់​ម្តង​ៗ​ដែរ ។ ក៏​ប៉ុន្តែ​ពី​មួយ​ខែ​ទៅ​មួយ​ខែ ក៏​ដូច​ជា​រដូវ​បុណ្យ​ទាន​នៅ​ទី​នេះ​ការ​លក់​ម្ហូបអាហារ តម្លៃ​នៅ​លើ​មាត់​ម្ចាស់​តូប​អ្នក​ថា​តែ​ម្តង ។ ជាក់ស្តែង​កាលពី​ថ្ងៃ​អាទិត្យ​​កន្លង​មកនេះ​គាត់​បាន​មក​លេង​កម្សាន្ត​នៅ​កោះដាច់​ហើយ​កុម្ម៉ង់​ទិញ​មាន់​ស្រែ​មួយ និង​ត្រី​ដុត​មួយ ។ ពេល​នោះ​ម្ចាស់​តូប​ប្រាប់​តម្លៃ​មាន់​ស្រែ​មួយ​១០​ម៉ឺន​រៀល មាន់​បី​សាសន៍​៦​ម៉ឺន​រៀល រីឯ​ត្រី​ដុត​មួយ​៥​ម៉ឺ​ន​រៀល គ្រាន់​ឮ​តម្លៃ​ម្ហូប​ភ្លាម​ប្រពន្ធ​របស់​គាត់​យកដៃ​រឹត​ទ្រូង​ត​ ម្តង ។

លោក គ​ន្ធា ក៏​បាន​និយាយ​ទៀត​ថា តម្លៃ​ម្ហូបអាហារ​នៅ​ទី​នេះ​ពិតជា​ថ្លៃ​មិន​អាច​ទទួលយក​បាន​មែន​…​តែបើ​ភ្ញៀវ​ណា​យក​ម្ហូប​មក​ខ្លួនឯង​គឺ​គេ​គិតថ្លៃ​តូប​មួយ​ពី​២​ម៉ឺន​ទៅ​៣​ម៉ឺ​ន​រៀល ។ បើ​មាន​បញ្ហា​អ្វី​កើតឡើង​រកមុខ​ម្ចាស់​ម៉ៅ​ការ​កោះដាច់​មិន​ដែល​ឃើញ​ទេ​ទុក​ឲ្យ​អតិថិជន​ឈ្លោះប្រកែក​គ្នា​បែកផ្សែង​តាម​ដំណើរ ។ ជា​រឿយ​ៗ​ឲ្យ​តែ​នៅ​ពេល​បុណ្យ​ទាន​ម្តង​ៗ​ម្ចាស់​តូប​ទាំងអស់​កាប់ឆៅ​ភ្ញៀវ​តែ​ម្តង ទើប​មានរឿង​កើត ឡើង​មិន​ដែល​ខាន ។

ដោយឡែក​យុវជន​មួយ​ក្រុម​មាន​គ្នា​ប្រហែលជា​១០​នាក់​បាន​លើក​ឡើង​ថា ៖ ម្ហូបអាហារ​លក់​នៅ​រមណីយដ្ឋាន​កោះដាច់​នេះ​ពិតជា​មាន​តម្លៃ​ខ្ពស់​មែន មិន​ថា​ថ្ងៃ​ធម្មតា​ឬ​ថ្ងៃ​បុណ្យ​ទាន​នោះ​ទេ ។ ប្អូន​ៗ​បាន​បញ្ជាក់​ថា ពេល​មក​លេង​កោះដាច់​ម្តង​ៗ​ពួក​គេ​ទិញ​សំបុត្រ​ចូល​តម្លៃ​៣០០០​រៀល​ហើយ​នាំ​គ្នា​ងូតទឹក​ទន្លេ​ម៉ា​ឆ្អែត ហើយ​ក៏​នាំ​គ្នា​ទៅ​ហូប​បាយ​នៅ​ហាង​មាត់ទន្លេ​ព្រែក​លាប​វិញ​ព្រោះ​ទីនោះ​តម្លៃ​ម្ហូប​សមរម្យ​ដែល​អាច​ទទួលយក​បាន​ព្រោះ​ទី​នេះ​កាប់ឆៅ​ពេក ។

រមណីយដ្ឋាន​កោះដាច់​នេះ​មើលទៅ​គ្មាន​ការ​អភិវឌ្ឍ​អ្វី​ឲ្យ​ប្លែក​នោះ​ឡើយ​ក្រោម​ការ​គ្រប់គ្រង​ក្រុមហ៊ុន​ឯកជន​មួយ ។ ក្រៅពី​មាន​ទឹកទន្លេ​សម្រាប់​ឲ្យ​ងូតទឹក​លេង គ្មាន​អ្វី​អភិវឌ្ឍ​ប្លែក​សោះ​នៅ​ជ្រិញ​ដដែល ហើយ​ក្រុមហ៊ុន​ម៉ៅ​ការ​ឈរ​ចាំ​ទារ​លុយ​មិន​ឱ្យ​របូត​ទេ សូ​ម្បី​តែ​បង្គន់​ចូល​ម្តង​១០០០​រៀល​ដែរ​ដឹង​តែ​ពី​លុយ ។

លោកតា កឹ​ម លន ស្ថិត​ក្នុង​វ័យ​ប្រហែល​ជាង​៧០​ឆ្នាំ​ឈរ​ឃ្វាលគោ​នៅ​ក្បាលកោះ​ក្បែរ​រមណីយ​ដ្ឋាន​កោះដាច់​បាន​រៀបរាប់​ឲ្យ​ដឹង​ថា​៖ កោះដាច់​គឺជា​ឈ្មោះ​កោះ​មួយ​ដែល​ត្រូវ​បាន​ហៅ​តាំងពី​សម័យ​បូរាណ​មក ព្រោះ​សណ្ឋាន​របស់​កោះ​នេះ​នៅ​ដាច់​ដោយឡែក​ពី​គេ​មិន​មាន​ផ្លូវ​ដី​ណា​ដែល​ត​ភ្ជាប់​ទៅ​ដី​លើ​កោះ​នេះ​ទេ ។ ទីតាំង​កោះដាច់ ទៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ទូកដរ​ពី​កំពង់ចម្លង​បាក់​ខែង​ឆ្ពោះទៅ​កោះដាច់ ។

ជា​ទូទៅ​កោះដាច់ ត្រូវ​បាន​អ្នក​ទីក្រុង​ភ្នំពេញ ជា​ពិសេស​យុវជន​យុវនារី ស្គាល់​ថា ជា​កន្លែង​កម្សាន្ត និង​ងូតទឹក​លេង​តាម​ឆ្នេរ​ខ្សាច់​ទន្លេមេគង្គ នា​រដូវប្រាំង​នៅ​ចុង​ស​ប្តា​ហ៍ ។ កាល​ណោះ​គ្មាន​ក្រុមហ៊ុន​ណា​ឈរ​ចាំ​យក​លុយ​នោះ​ទេ គឺ​ចូល​ទៅ​ងូតទឹក​លេង​តាម​សប្បាយ មាន​ទាំង​អ្នក​ភូមិ​ក្បាលកោះ​និង​អ្នក​ភូមិ​ផ្សេង​ៗ​ផង​ដែរ ជា​ពិសេស​ដឹកគោ​មក​លាង​ទឹក ។ តែ​ពេល​នេះ​កោះដាច់​ដែល​ស្ថិត​នៅ​ក្នុងភូមិ​ក្បាលកោះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វា​នា​ពេល​បច្ចុប្បន្ន​នេះ នៅ​ក្រោម​ការ​គ្រប់គ្រង​ក្រុមហ៊ុន​ឯកជន​ដោយ​គ្មាន​ការ​អភិវឌ្ឍ​អ្វី​បន្តិច​សោះ​នៅ​ក្រិន​ផ្អេះ​ដដែល អត់​រីក​ទេ គេ​យក​តែ​លុយ ។

មានការ​រិះគន់​ទៀត​ថា ពី​ដើម​យ៉ាង​មេច​គឺ​នៅ​ដដែល មាន​ប្លែក​បន្តិច​គឺ​គេ​សង់រោង​ចាំ​ទារ​លុយ​ពី​អ្នក​ចូល​កម្សាន្ត និង​មាន​វាលស្មៅ​សម្រាប់​ដាក់​ម៉ូតូ​រថយន្ត​តែ​ប៉ុណ្ណោះ ។ លោកតា​លន បាន​ឲ្យ​ដឹង​ទៀត​ថា លោកតា​ធ្លាប់​បានឮ​ភ្ញៀវ​ដែល​មក​លេង​កោះដាច់​នាំ​គ្នា​រអ៊ូរទាំ​ថ្លៃ​តូប ថ្លៃ​ម្ហូប​ថ្លៃ​ពេក តម្លៃ​ស្ថិត​នៅ​លើ​ម្ចាស់​តូប​ទារ​តែ​ម្តង​បញ្ហា​នេះ​គួរ​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូច​ជា​ក្រសួង​ពាក់ព័ន្ធ​ចុះ​មក​ពិនិត្យ​រៀបរយ​ឡើង​វិញ​ហើយ ។ ជា​ពិសេស​គ្មាន​ការ​អភិវឌ្ឍ​អ្វី​សោះ​ហើយ​ប្រគល់​ឲ្យ​ឯកជន​ទៅ​វិញ ។ ថ្លៃ​ឡើង​កប់​ហើយ​កន្លែង​នឹង​ជា​ទន្លេ​សម្រាប់​ប្រជាជន​ទៅ​លេង មេ​៉​ច​ក៏​ទាមទារ​ឱ្យ​បង់លុយ​ចូល​ចឹ​ង ។ ការ​ប្រមូល​លុយ ហើយ​ប្រាប់​ថា​យក​ទៅ​អភិវឌ្ឍន៍ តែ​ជិះ​ឡើង​ហុយ​ដី ។ សូ​ម្បី​តែ​អ្នក​នៅ​លើ​កោះ ក៏​យក​លុយ​ត​មៃ្ល​ចូល​លេង​ដែរ មិន​ដែល​ឃើញ​អភិវឌ្ឍន៍​អី​ផង ។ ហេតុ​អ្វី​នៅ​ស្រុក​ខ្មែរ​យើង​ឱ្យ​តែ​មាន​រមណីយដ្ឋាន​កម្សាន្ត​របស់របរ​លក់​ថ្លៃ​ម្ល៉េះ ។

ទាក់ទិន​នឹង​ការ​អភិវឌ្ឍ​រមណីយដ្ឋាន​កោះដាច់ ម្ចាស់​ម៉ៅ​ការ​កោះដាច់​និយាយ​ក្នុង​ន័យ​សុំ​មិន​បង្ហាញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ៖ រមណីយដ្ឋាន​កោះដាច់​ត្រូវ​បាន​ក្រុមហ៊ុន​គាត់​ដេញថ្លៃ​បាន​រយៈ​១៥​ឆ្នាំ ហើយ​នៅ​ឆ្នាំ​២០២២ ទើប​ផុត​អាណិត្ត ។

រីឯ​តម្លៃ​បង់​ប្រចាំ​ឆ្នាំទៅ​ឲ្យ​ក្រសួងទេសចរណ៍​និង​សាលាសង្កាត់​កោះដាច់​គាត់​មិន​អាច​ប្រាប់​បាន​ឡើយ​ខ្លាច​ប៉ះពាល់ ។ ម្ចាស់​គ្រប់គ្រង​កោះ​ដាច់​ដែល​ជិត​ផុត​អាណិត្ត​បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្រសួង​អភិវឌ្ឍន៍ជនបទ​និង​មាន​គម្រោង​យក​រមណីយដ្ឋាន​កោះដាច់​ពី​ក្រសួងទេសចរណ៍​មក​គ្រប់គ្រង​វិញ​និង​មាន​ផែនការ​នៅ​ពេល​ខាង​មុខ ឲ្យ​ក្រុមហ៊ុន​ចិន​ធ្វើការ​អភិវឌ្ឍន៍​វិញ ទំនងជា​នៅ​ឆ្នាំ​២០២២ ពេល​ក្រុមហ៊ុន​របស់​គាត់​ផុត​អាណត្តិ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ