រាជធានីភ្នំពេញ ៖ ក្រោយកិច្ចប្រតិបត្តិការសហការបង្ក្រាបក្រុមជួញដូរគ្រឿងញៀនជិត១០០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមប្រុសស្រីចំនួន៤នាក់ កាលពីវេលាម៉ោង៧និង២០នាទីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ប្រុញ សាន និងមានការចូលរួមពីប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ ខណ្ឌឫស្សីកែវ បានឆែកឆេរលំនៅដ្ឋានផ្ទះលេខ១៤ ផ្លូវលេខ៧ ក្នុងបូរីពិភពថ្មី ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។
ពេលសមត្ថកិច្ចចុះបង្ក្រាប មុខសញ្ញាមេខ្លោងមិននៅនោះទេ ប៉ុន្តែចាប់យកវត្ថុតាងរួមមានកញ្ឆាក្រៀម១កញ្ចប់ធំ, រថយន្ត ១គ្រឿង, ម៉ូតូចំនួន២គ្រឿង, ម៉ាស៊ីនរាប់លុយ១គ្រឿង និងជញ្ជីងថ្លឹង១គ្រឿង ។
គោលដៅទី២-កាលពីវេលាម៉ោង៨និង៥២នាទីយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចបានបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ាយ ហ្វានទៀនថាញ់( Mai Hoan Tien Thanh ) ភេទប្រុស ជនជាតិវៀតណាម នៅចំណុចផ្លូវលេខ៣០៤កែងផ្លូវលេខ១៥៣ ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា លុះដល់វេលាម៉ោង១០យប់ថ្ងៃដដែល សមត្ថកិច្ចបន្តទៅឆែកឆេរបន្ទប់លេខ៦០៨ នៃសណ្ឋាគារហ្វែរីឡេម ផ្លូវលេខ១២១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ដែលឈ្មោះ ម៉ាយ ហ្វានទៀនថាញ់( Mai Hoan Tien Thanh) ជួលស្នាក់នៅ ជាលទ្ធផលរកឃើញសារធាតុញៀនប្រមាណជិត ២គីឡូក្រាម រួមមាន ម្សៅម៉ត់ពណ៌ស សង្ស័យជាកេតាមីនចំនួន២កញ្ចប់, ម្សៅក្រាមពណ៌សថ្លា សង្ស័យមេតំហ្វេតាមីន(ICE) ចំនួន៤កញ្ចប់, ម្សៅក្រាមពណ៌ត្នោត សង្ស័យជាអ៊ិចស្តាស៊ី(MDMA) ចំនួន១កញ្ចប់ធំ និងថ្នាំគ្រាប់ចំរុះពណ៌ ១ប្រអប់ និង៦កញ្ចប់ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ