ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​​តែម​​ ម៉ឺន​ បញ្ជាក់​​គម្រោង​​ទៅ​បារាំង​​រ​បស់​ជើង​​ខ្លាំង​ទាំង​​5​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ កីឡាករ​ និង​កីឡា​ការិនី​​ជើង​ខ្លាំង​កម្ពុជា​ចំនួន​៥​រូប​ដែល​មនុស្ស​ភាគ​ច្រើន​មាន​ការ​តាម​ដាន​ពីគម្រោង​ទៅ​ប្រកួត​នៅ​ប្រទេស​បារាំង​របស់​ពួកគេ​តាំងពី​មិន​ទាន់​ចេញ​ដំណើរ​នោះ បាន​ទៅ​ដល់​​ប្រទេស​បារាំង​​ហើយ បន្ទាប់​ពី​បាន​ឡើង​យន្ត​ហោះ​ចេញ​ផុត​ពី​ប្រទេស​កម្ពុជា​ កាល​ពី​ថ្ងៃ​ចន្ទ​ ទី​២៦​ ឧសភា​ វេលា​ម៉ោង​២​រសៀល​ ។​

រាជ​ធានី​ភ្នំ​ពេញ​ ៖ កីឡាករ​ និង​កីឡា​ការិនី​​ជើង​ខ្លាំង​កម្ពុជា​ចំនួន​៥​រូប​ដែល​មនុស្ស​ភាគ​ច្រើន​មាន​ការ​តាម​ដាន​ពីគម្រោង​ទៅ​ប្រកួត​នៅ​ប្រទេស​បារាំង​របស់​ពួកគេ​តាំងពី​មិន​ទាន់​ចេញ​ដំណើរ​នោះ បាន​ទៅ​ដល់​​ប្រទេស​បារាំង​​ហើយ បន្ទាប់​ពី​បាន​ឡើង​យន្ត​ហោះ​ចេញ​ផុត​ពី​ប្រទេស​កម្ពុជា​ កាល​ពី​ថ្ងៃ​ចន្ទ​ ទី​២៦​ ឧសភា​ វេលា​ម៉ោង​២​រសៀល​ ។​

លោក​តែម ម៉ឺន​ ប្រធាន​សហ​ព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ បាន​ផ្តល់​សម្ភាសន៍​បញ្ជាក់​ពី​ផែន​ការ​របស់​អ្នក​ទាំង​៥ នៅ​ក្នុង​ប្រទេស​បារាំង​នោះ ។​ កីឡាករ​ទាំង​៥​ ដែល​បាន​ឡើង​យន្ត​ហោះ​ចាក​ចេញ​ទៅ​កាន់​ប្រទេស​បារាំង​នោះ​រួម​មាន​ កីឡាករ​វង្ស ណយ​ មក​ពី​ក្លិប​កងពល​តូច​លេខ​៣១,​ កីឡាករ​សេន​ ប៊ុនថេន​ មក​ពី​ក្លិប​ក្រសួង​មហា​ផ្ទៃ,​ កីឡាករ​សែន​ រ៉ាឌី មក​ពី​ក្លិប​អប្សរា​គុន​​ខ្មែរ, កីឡាករ​រឿង សោភ័ណ្ឌ មក​ពី​ក្លិប​មកុដ​រាជ​សីហ៍​ និង​កីឡា​ការិនី​ វី ស្រីខួច​ មក​ពី​ក្លិប​នាគ​មាន​ជ័យ ។​ ការ​ចេញដំណើរ​របស់​ពួកគេ​មិន​មាន​មន្ត្រី​សហ​ព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ណា​ម្នាក់​ដឹក​នាំ​ទៅ​នោះ​ទេ​ បុ៉ន្តែ​នៅ​ថ្ងៃទី​២ មិថុនា​ លោក​តែម ម៉ឺន​ នឹង​ដឹក​នាំ​ប្រតិភូ​មួយ​ចំនួន​ទៅ​កាន់​ទី​នោះ ។​ ទោះ​យ៉ាង​ណា​ ​ការ​ធ្វើ​ដំណើរ​របស់​ពួកគេ​​មិន​​មាន​បញ្ហា​ចោទ​នោះ​ទេ​ ដោយសារ​តែ​ សេន ប៊ុនថេន​ ធ្លាប់​បាន​ទៅ​កាន់​ទី​នោះ​ឡើងស្គាល់​​ផ្លូវ​ទៅ​​ហើយ​រី​ឯ​អ្នក​រៀបចំដែល​ជាអ្នក​ធានា​ទៅ​ ក៏​ចាត់​ចែង​មនុស្ស​រង់ចាំ​ទទួល​ដែរ​ ។

ការ​ចាក​ចេញ​របស់​​ពួក​គេ​ជូន​ដំណើរ​ដោយ​លោក​តែម ម៉ឺន​ លោក​នាង ស៊ី​វត្ថា​ អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​ស្ថានីយ​ទូរ​ទស្សន៍​បាយ័ន និង​តំណាង​សហ​ព័ន្ធ​មួយ​ចំនួន​ទៀត ។​ ដំណើរ​ចាក​ចេញ​នោះ​ កីឡាករ​ខ្លះ​​មិន​មែន​ជា​លើក​ទី​១​នោះ​ទេ​ បុ៉ន្តែ​សម្រាប់​កីឡា​ករ​ភាគ​ច្រើន​ គឺ​ជា​​លើក​ដំបូងរបស់​ពួក​គេ​ ។ យ៉ាង​ណា​ក៏ដោយ​ ប្រធាន​សហ​ព័ន្ធ​កីឡាប្រដាល់​កម្ពុជា​បាន​អះ​អាង​​ថា​ នោះ​ជា​លើក​ទី​៥ ឬ​ទី​៦​ ហើយ​ដែល​មន្ត្រី​សហ​ព័ន្ធ​របស់​លោក​ បាន​បញ្ជូន​កីឡាករ​ប្រដាល់​ពី​កម្ពុជា​ទៅកាន់​ប្រទេស​បារាំង​ និង​សហ​គមន៍​អឺរុ៉ប ។​

លោក​តែម ម៉ឺន​ បញ្ជាក់​ឱ្យ​ដឹង​ថា​ គម្រោង​បញ្ជូន​ពួកគេទៅ​កាន់​ប្រទេស​បារាំង​នោះ​ ដើម្បី​ឱ្យ​ពួកគេ​បាន​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​ដណ្តើម​ជើង​ឯក​អាស៊ី​អឺរុ៉ប​​ធំ​មួយ​ ដែល​ត្រូវ​ធ្វើ​​ឡើង​នៅ​ក្នុង​ប្រទេស​បារាំង ។​ វេទិកា​នេះ​នឹង​ត្រូវ​ប្រព្រឹត្ត​ឡើង​ចំនួន​២​លើក​ គឺ​លើក​ទី​១ ​ថ្ងៃ​ទី​៧ មិថុនា​ និង​​លើក​ទី​២ នៅ​ថ្ងៃទី​២៨​ មិថុនា ក្នុង​ឆ្នាំ​២០១៤​ នេះ ដោយ​មាន​កីឡាករ​មកពី​ប្រទេស​អាស៊ី​ផ្សេង​ទៀត​ និង​កីឡាករ​នៅ​ក្នុង​តំបន់​អឺរុ៉ប​ ពិសេស​គឺ​ប្រទេស​បារាំង​ផ្ទាល់​តែ​ម្តង​ចូល​រួម ។​ ក្រៅ​ពី​គម្រោង​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​ធំ​ទាំង​ពីរ​ កីឡា​ករ-​កីឡាការិនី​របស់​កម្ពុជា​ ក៏​អាច​មាន​ការ​ប្រកួត​មិត្តភាព​ក្នុង​លក្ខណៈ​តូចៗ​ដើម្បី​សាក​ល្បង​កម្លាំង និង​ដើម្បី​បង្ហាញ​ឱ្យ​​បរទេស​បាន​ស្គាល់​ពី​ក្បាច់​គុន​ប្រដាល់​របស់​ខ្មែរ​នោះ​ផង​ដែរ ។​

លោក​តែម ម៉ឺន​ ប្រាប់​ថា​ លោក​នឹង​ដឹក​នាំ​ប្រតិភូ​ទៅ​កាន់​ប្រទេស​​បារាំង​នៅ​ថ្ងៃ​ទី​២ មិថុនា​ និង​​ត្រឡប់​មក​វិញ​នៅ​​ថ្ងៃ​ទី​១០ មិថុនា ដើម្បី​ចូលរួម​បើក​ឆាក​ព្រឹត្តិ​ការណ៍​ប្រដាល់​នៅ​ថ្ងៃទី​៧​ មិថុនា​ ដែល​មាន​ការ​ចូលរួម​ចម្រុះ​ដោយ​កីឡាករ​ជា​ច្រើន​រូប​ទាំង​កម្ពុជា និង​បណ្តាប្រទេស​ផ្សេង ។​ លោក​ចាត់​ទុក​ថា នេះ​ជា​ជោគ​ជ័យ​ថ្មី​មួយ​ដែលជួយ​ឱ្យ​កីឡាករ​កម្ពុជា​បាន​បង្ហាញ​ខ្លួន​នៅ​លើ​ឆាក​អន្តរ​ជាតិ ។​ ក្នុង​នោះ​លោក​ក៏រំពឹង​ថា​ កីឡាករទាំង​​៥​រូប​ដែល​សុទ្ធ​តែ​បាន​សម្រាំង​ចេញ​ពី​ពិភព​ប្រដាល់​ខ្មែរ​នោះ​ ក៏​ពិត​ជា​មាន​មោទន​ភាព​ពាំ​នាំ​ជោគ​ជ័យ​ត្រឡប់​មក​វិញ​ដើម្បី​មុខ​​មាត់​របស់​កម្ពុជា​ផង​ដែរ ។​

លោក​អះ​អាង​ថា​ កីឡា​ករ និង​កីឡា​ការិនី​ទាំង​៥​រូប​នឹង​វិល​ត្រឡប់​មក​វិញ​នៅ​អំឡុង​ចុង​ខែ​មិថុនា​ ឬ​ដើម​ខែ​កក្កដាយ៉ាង​យូរ​ បន្ទាប់​ពី​ការ​ប្រកួត​ត្រូវបាន​បញ្ចប់ ។​ ការបញ្ជាក់​នេះ​ បង្ហាញ​យ៉ាង​ច្បាស់​ថា​ វិស័យ​កីឡាប្រដាល់​របស់​កម្ពុជា​កាន់តែ​មាន​ការ​រីក​ចម្រើន​ទូលំ​ទូលាយ​ជាង​មុន​ ដោយ​មិន​មែន​គ្រាន់តែ​រីក​ចម្រើន​នៅ​ក្នុងប្រទេស​កម្ពុជា​នោះ​ទេ​ គឺ​សូម្បី​តែ​សហ​គមន៍​អឺរុ៉ប​ ក៏​មាន​ការ​ទទួល​ស្គាល់​ពី​សន្ទុះ​ឆ្ពោះ​ទៅ​​មុខ​នៃ​វិស័យ​នេះ​របស់​កម្ពុជា​ដែរ ទើប​បាន​ដាក់សំណើ​ឱ្យ​កម្ពុជា​បញ្ជូន​កីឡាករ​ និង​កីឡាការិនី​ជាបន្ត​​បន្ទាប់​ទៅ​កាន់​​ប្រទេស​​បារាំង​ បូក​រួម​ទាំងព្រឹត្តិ​ការណ៍​ជើង​ឯក​អាស៊ី​អឺរុ៉ប​នា​ពេល​នេះ​ផង ៕​