ព្រឹទ្ធសភា​នឹង​បើក​សម័យប្រជុំ​ពេញអង្គ​ពិភាក្សា និង​អនុម័ត​ច្បាប់​ថវិកា​ឆ្នាំ​២០២០ នៅ​ថ្ងៃ​ទី​៩ ធ្នូ​នេះ


រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ធ្នូ​នេះ បាន​កំណត់​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០១៩​ខាង​មុខ​នេះ ដើម្បី​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២០ និង​សេចក្តីព្រាងច្បាប់​សំខាន់​២​ផ្សេង​ទៀត ។

លោក​ម៉​ម ប៊ុ​ន​នាង សមាជិក និង​ជា​អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​ឲ្យ​ដឹង ក្រោយ​កិច្ចប្រជុំ​អចិន្ត្រៃយ៍​ថា​ព្រឹទ្ធសភា​នឹង​បើក​សម័យប្រជុំ​ពេញអង្គ នៅ​ថ្ងៃ​ទី​០៩ ខែធ្នូ លើ​របៀប​វារ​១-​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២០ ។ ២- ពិនិត្យ និង​ឱ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៨ ។ ៣-​ពិនិត្យ និង​ឱ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​៣ មាត្រា​១៧ មាត្រា​២០ មាត្រា​២១ មាត្រា​២៧ មាត្រា​២៨ មាត្រា​២៩ មាត្រា​៥៤ មាត្រា​៥៥ និង​មាត្រា​៥៩ នៃ​ច្បាប់​ស្តី​ពី សហជីព​ដែល​ត្រូវ​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះ រាជក្រម​លេខ ន​ស​/​រកម​/០៥១៦/០០៧ ចុះ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៦ ។

អ្នកនាំពាក្យ​បាន​បន្ត​ថា សេចក្តី​ព្រាង​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង ឆ្នាំ​២០២០ ធ្វើ​ឡើង​ក្នុង​គោលបំណង​ធ្វើការ​អភិវឌ្ឍន៍​សង្គម​ឈាន​ដល់​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។ លោក​បញ្ជាក់​ថា​«​ថវិកា​ឆ្នាំ​២០២០​មាន​គោលដៅ​គ្រប់គ្រង​ដល់​និរន្ត​ភាព​នៃ​ប្រតិបត្តិការ​ថវិកា​របស់​រដ្ឋ និង​ដំណើរ​រីក​ចម្រើន​នៃ​ការ​កែទម្រង់​ស៊ីជម្រៅ​នៃ​សេដ្ឋកិច្ចជាតិ​ក្នុង​ការ​ត្រៀមខ្លួន​ទប់ទល់ និង​ឆ្លើយ​ត​ប្រកបដោយ​ប្រសិទ្ធភាព ចំពោះ​រាល់​បញ្ហា​ខាងក្នុង និង​ខាងក្រៅ​ប្រទេស​» ។

លោក ម៉​ម ប៊ុ​ន​នាង បាន​បន្ត​ថា ថវិកា​ឆ្នាំ​២០២០ និង​ក្លាយជា​គោលដៅ​ដ៏​មាន​ប្រសិទ្ធភាព​ដែល​អាច​ជួយ​ដល់​រាជរដ្ឋាភិបាល​ឲ្យ​សម្រេច​បាន​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ​របស់​ជាតិ​សំដៅ​ឲ្យ​បាន​ពេញលេញ​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា ។ ចំណែក​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ទូរ​ទាត់​ថវិកា​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រង ឆ្នាំ​២០២៨ វិញ​ត្រូវ​អ្នកនាំពាក្យ​ព្រឹទ្ធសភា​លើក​ឡើង​ថា បាន​បង្ហាញ​ភាព​សម​ស្រប​ដែល​អាច​ទទួលយក​បាន​ស្រប​តាម​ច្បាប់​ស្តី​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ និង​ក្រប​ខណ្ឌ​គោលនយោបាយ​គណនេយ្យ​ភាព​របស់​រដ្ឋបាល​កម្ពុជា ។

លោក​បន្ត​ថា គោលការណ៍​ទូរ​ទាត់​ថវិកា​ឆ្នាំ​២០១៨ ជា​ឧបករណ៍​គោលនយោបាយ​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​ប្រជាជន​បម្រើ​ការ​ការ​អភិវឌ្ឍន៍​របស់​កម្ពុជា និង​បាន​ឆ្លើយ​តប​អាទិភាព និង​តម្រូវការ​ចាំបាច់​របស់​គ្រប់​ក្រសួង​ស្ថាប័ន​នានា​ក្នុង​ការ​សម្រេច​បាន​គោល​យោ​បាយ​របស់​ខ្លួន និង​គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល​ផង​ដែរ ។

សូម​ជម្រាប​ថា ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០២០ ត្រូវ​បាន​រាជរដ្ឋាភិបាល​គ្រោង​នឹង​ចំណាយ​ចំនួន ៣៣ ៣៣៩ ៦៣៣ លាន​រៀល ស្មើ​ប្រមាណ ៨១៩៦ លាន​ដុល្លារ​អា​មេ​រិ​ក ត្រូវជា ២៨,០១% នៃ​ផលិតផល​ក្នុងស្រុក​សរុប ផ​.​ស​.​ស គឺ​មាន​កំណើន ២២,៧% ធៀប​នឹង​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៩៕

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ