និន្នាការ​ប្រើប្រាស់​ធនាគារ​ឌី​ជី​ថ​ល នៅ​កម្ពុជា​កាន់តែ​កើន​ជំរុញ​ចរន្ត​សេដ្ឋកិច្ច​កាន់​តែ​ខ្លាំង


រាជធានី​ភ្នំពេញ ៖ ការ​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​ឌី​ជី​ថ​ល​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ​កាន់តែ​មាន​​កំណើន​ច្រើន​ឡើង ស្រប​តាម​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ជា​អតិថិជន​របស់​ធនាគារ ខណៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​នេះ វា​បាន​ជួយ​សម្រួល​ដល់​អ្នក​ប្រើប្រាស់​កាន់តែ​ងាយ​ស្រួល​ផង​ដែរ ។

ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​លោក នាង សុ​ផា​ន់​ណា នាយក​ជាន់ខ្ពស់​នៃ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី សាខា​ជ្រោយចង្វារ បាន​មាន​ប្រសាសន៍​អោយ​ដឹង​ថា និន្នាការ​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល ក្នុង​វិស័យ​ធនាគារ​មាន​កំណើន​គួរ​អោយ​កត់សម្គាល់ ។ កាលពី​៥​ឆ្នាំ​មុន បណ្ដា​ធនាគារ​មួយ​ចំនួន រួម​ទាំង​ធនាគារ​អេ​ស៊ី​លី​ដា ទើបតែ​រៀបចំ​នូវ​ប្រព័ន្ធ​នេះ​ទេ តែ​៥​ឆ្នាំ​ក្រោយ ពោល​នៅ​ពេល​បច្ចុប្បន្ន​នេះ ប្រព័ន្ធ​ធនាគារ​ឌី​ជី​ថ​ល បាន​ដាក់​អោយ​ដំណើរការ​ជា​ផ្លូវការ និង​មានការ​គាំទ្រ​ពី​ប្រជា​ពល​ដ្ឋ​កម្ពុជា​ជា​ច្រើន ដោយសារ​តែ​វា​មាន​ភាព​ងាយស្រួល និង​សុវត្ថិភាព​ខ្ពស់ បើ​ធៀប​នឹង​ប្រព័ន្ធ​ធនាគារ​ប្រពៃណី ។

លោក​បន្ត​ថា សម្រាប់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី មាន​ផែនការអភិវឌ្ឍន៍​ធនាគារ​ឌី​ជី​ថ​ល​នេះ អោយ​ឈានមុខ​គេ​នៅ​កម្ពុជា ដោយ​ធនាគារ​បាន​និង​កំពុង​អភិវឌ្ឍន៍​នូវ​ប្រព័ន្ធ​មួយ​ឈ្មោះ​ថា អេ​ស៊ី​លី​ដា យូ​នី​ធី ទាន់ចិត្ត ដែល​ប្រព័ន្ធ​នេះ ជា​ប្រព័ន្ធ​ធនាគារ​ឌី​ជី​ថ​ល​ថ្មី​នៅ​កម្ពុជា អាច​វេរ និង​ទូទាត់​ចាយវាយ​បាន​នៅ​គ្រប់​ទីកន្លែង​ដោយ​មិន​ចាំបាច់​មាន​ក្រដាសប្រាក់​ក្នុង​ដៃ​ឡើយ ។

លោក​ថា​៖ «​ចាប់តាំងពី​ធនាគារ​អេ​ស៊ី​លី​ដា បាន​ដាក់​អោយ​ដំណើរការ​នូវ​ប្រព័ន្ធ​អេ​ស៊ី​លី​ដា​យូ​នី​ធី​ទាន់ចិត្ត ឃើញ​ថា មាន​កំណើន​អ្នក​ប្រើប្រាស់​ច្រើន ជាក់ស្ដែង​ក្នុង​រយៈពេល​៩​ខែ​ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០១៩​នេះ ចំនួន​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​អេ​ស៊ី​លី​ដា​យូ​នី​ធី ទាន់ចិត្ត មាន​ដល់​ជាង ២០​លាន​ប្រតិបត្តិការ ហើយ​បើ​គិត​ជា​ទឹកប្រាក់​វិញ មាន​រហូត​ដល់ ៥៧០០​លាន​ដុល្លារ​អា​មេ​រិ​ក » ។

លោក​បន្ថែម​ថា បើ​យើង​ស្រ​ម៉ៃ​មើល​ថា ក្នុង​ករណី​គ្មាន​ប្រព័ន្ធ​ធនាគារ​ឌី​ជី​ថ​ល​ទេ​នោះ ហើយ​យើង​ធ្វើ​ប្រតិបត្តិការ​ដោយ​ផ្ទាល់​ជាមួយ​ភ្នាក់ងារ​ធនាគារ តើ​អតិថិជន​ត្រូវ​ចំណាយ​អ្វីខ្លះ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ទាំង​២០​លាន​ប្រតិបត្តិការ និង​ទឹកប្រាក់​ជាង ៥៧០០​លាន​ដុល្លារ​អា​មេ​រិ​ក​នេះ ។ ពិត​ណាស់​អតិថិជន​ត្រូវ​ចំណាយពេល​ធ្វើ​ដំណើរ​ដើម្បី​ទៅ​ធ្វើ​ប្រតិបត្តិការ​ដោយ​ផ្ទាល់ ហើយ​ត្រូវ​ចំណាយ​ថ្លៃ​ធ្វើ​ដំណើរ​ដែល​អាច​នាំ​អោយ​ខាត​ពេលវេលា​ធ្វើ​ការងារ ឬ​ប្រកប​អាជីវកម្ម​ផ្សេង​ៗ​ទៀត ។

លោក​បាន​បន្ត​ទៀត​ថា ជាមួយនឹង​ការ​វេរ និង​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេ​ស៊ី​លី​ដា​យូ​នី​ធី​ទាន់ចិត្ត​នេះ ជួយ​សម្រួល​ច្រើន​ដល់​អតិថិជន ហើយ​អតិថិជន​ក៏​ទទួល​បាន​នូវ​ផល​ចំណេញ​ច្រើន​ដូច​ជា មិន​អស់​ថ្លៃ​សេវា ហើយ​សម្រាប់​ការ​ទូទាត់​តាម​ការ​ស្កេ​ន​ជាមួយ QR Code ACLEDA TaonChet វិញ គឺ​ទទួល​បានការ​បញ្ចុះតម្លៃ​ពី ២០-៥០% តាម​ហាង​ទំនិញ​រាប់​ពាន់​កន្លែង​ដែល​ជា​ដៃគូ​របស់​ធនា​គរ អេ​ស៊ី​លី​ដា ។ ហើយ​ទូរស័ព្ទ​ដៃ​របស់​យើង​ប្រៀប​បាន​នឹង​កាបូប​លុយ និង​មាន​សុវត្ថិភាព​បំផុត ។

គួរ​រំលឹក​ថា កាលពី​កន្លង​ទៅ​នេះ​កម្ពុជា ក៏​បាន​រៀបចំ​នូវ​វេទិកា Fintech Day ដែល​ព្រឹត្តិការណ៍​នេះ​នឹង​ជំរុញ​អោយ​មានការ​អភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យា​ធនាគារ នៅ​កម្ពុជា​បាន​មួយ​កម្រិត​ទៀត ខណៈ​ប្រទេស​ក្នុង​តំបន់​អាស៊ាន បាន​និង​កំពុង​ជំរុញ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​នេះ​កាន់តែ​ខ្លាំង​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ