ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​អាយុ​71​ឆ្នាំ​ ទទួល​សញ្ញាបត្រ​បរិ​ញ្ញា

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោកយាយ​ម្នាក់​អាយុ៧១​ឆ្នាំបាន​បង្ហាញខ្លួន​ក្នុង​សម្លៀក​បំពាក់​ឯកសណ្ឋាន​និស្សិត​ទទួល​សញ្ញាបត្រ ។ ពិត​ណាស់ លោកយាយ​ជា​និស្សិត​ដែល​បាន​តស៊ូ​សិក្សា​រៀនសូត្រ​រហូត​បាន​បញ្ចប់​ថ្នាក់​បរិញ្ញា​បត្រ​ឯកទេសទស្សនវិជ្ជា ។ វត្តមាន​របស់​លោកយាយ គឺ​ក្នុង​ពិធី​ប្រគេន​និង​ប្រគល់​សញ្ញាបត្រ​របស់​ពុទ្ធិ​ក​សាកលវិទ្យាល័យ​ព្រះ​សីហ​នុ​រាជ ដែល​បានប្រារព្ធ​ធ្វើ​នៅ​វិទ្យាស្ថាន​អប់រំ​ជាតិ…

រាជធានី​ភ្នំពេញ ៖ លោកយាយ​ម្នាក់​អាយុ៧១​ឆ្នាំបាន​បង្ហាញខ្លួន​ក្នុង​សម្លៀក​បំពាក់​ឯកសណ្ឋាន​និស្សិត​ទទួល​សញ្ញាបត្រ ។ ពិត​ណាស់ លោកយាយ​ជា​និស្សិត​ដែល​បាន​តស៊ូ​សិក្សា​រៀនសូត្រ​រហូត​បាន​បញ្ចប់​ថ្នាក់​បរិញ្ញា​បត្រ​ឯកទេសទស្សនវិជ្ជា ។ វត្តមាន​របស់​លោកយាយ គឺ​ក្នុង​ពិធី​ប្រគេន​និង​ប្រគល់​សញ្ញាបត្រ​របស់​ពុទ្ធិ​ក​សាកលវិទ្យាល័យ​ព្រះ​សីហ​នុ​រាជ ដែល​បានប្រារព្ធ​ធ្វើ​នៅ​វិទ្យាស្ថាន​អប់រំ​ជាតិ នា​ព្រឹក​ថ្ងៃ​ទី​៥ ខែធ្នូ ក្រោម​អធិបតីភាព​លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនងជាមួយ​រដ្ឋសភា ព្រឹទ្ធ​សភា និង​អធិការកិច្ច ។

លោកយាយ​ឈ្មោះ អ៊ា សុខា មានស្រុក​កំណើត​នៅ​ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។ សព្វថ្ងៃ​លោកយាយ​ជា​ស្ត្រី​មេម៉ាយ រស់នៅ​ម្នាក់ ឯង​គ្មាន​កូនចៅ​ទេ បន្ទាប់​ពី​កូនប្រុស​គាត់​ម្នាក់ បាន​ស្លាប់​នៅ​អាយុ​៣៣​ឆ្នាំ ។ក្នុង​បទ​សម្ភាសន៍​ជាមួយ​អ្នកកាសែត​លោកយាយ អ៊ា សុខា មាន​ប្រសាសន៍​ថា លោកយាយតស៊ូ​តាម​បែប​ធម្មជាតិ ដោយ​ការ​ខិតខំ​ប្រឹងប្រែង​ដោយ​ខ្លួនឯង​ស្ទើរ​ទាំងស្រុង ទម្រាំ​មាន​ថ្ងៃនេះ​គឺ លោកយាយ​ទ្រាំ​ចំណាយ​ការ​ហូប​ចុក​ខ្វះខាត​ដើម្បី​រៀន​ឱ្យ​ចប់​ចុង​ចប់​ដើម ។

គាត់​ខិតខំ​ប្រឹងរៀន​តាំងពី​ថ្នាក់បឋមសិក្សា រហូត​ដល់​បញ្ចប់ថ្នាក់​បរិញ្ញាបត្រ​នៅ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហ​នុ​រាជ ខេត្តកំពង់ឆ្នាំង ។ ពិតជា​គួរ​ឱ្យ​សរសើរ​សម្រាប់​លោកយាយ ដែល​មាន​អាយុ​រហូត​ដល់​ជាង​កន្លះ​សតវត្ស​ទៅ​ហើយ តែ​នៅ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​រហូត​ទទួល​បាន​លទ្ធផល​នា​ពេល​នេះ ។

លោកយាយ​បាន​អំពាវនាវ​ដល់​ពុទ្ធបរិស័ទ ឬ​ដូនជី ត្រូវ​ខិតខំ​តស៊ូ​រៀនសូត្រ​ទាំងអស់​គ្នា​ដើម្បី​ទ្រទ្រង់​ព្រះ​ពុទ្ធ​សាសនា ។ សូម​បញ្ជាក់​ថា ពិធី​ប្រគេន​និង​ប្រគល់​សញ្ញាបត្រ​របស់​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហ​នុ​រាជ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​អប់រំ​ជាតិ ។លោកយាយ​មាន​ប្រសាសន៍​ថា គាត់​រស់នៅតែ​ម្នាក់ឯង ។

ចំពោះ​ជីវភាព​រស់នៅ​ត្រូវ​បានលោកយាយ​បង្ហើប​ថា ត្រី​មួយ​ក្បាល​ថ្លៃ​១.០០០រៀល លោកយាយ​ទុក​ហូប​២​ថ្ងៃ គួប​ផ្សំ​នឹង​ការ​ដើរ​បេះ​ត្រកួន បេះ​ស្លឹក​អំពិល​តាម​ផ្លូវ​ដើម្បី​យក​មក​ស្ល​ហូប ។ ទោះបី​ប្រឈម​នឹង​ការ​លំបាក​បែប​នេះ​ក្តី ក៏​លោកយាយ​នៅ​តែ​ខំប្រឹង​តស៊ូ​រៀនសូត្រ​រហូត​រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ​ពេល​នេះ ។

លោកយាយ អ៊ា សុខា រៀន​នៅ​ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះ​សីហ​នុ​រាជ ខេត្តកំពង់ឆ្នាំង ។ គាត់​សប្បាយចិត្ត​ពេល​បាន​ទទួល​សញ្ញាបត្រ​នៅថ្ងៃនេះ តែ​បញ្ហា​នៅ​ត្រង់​ថា​លោកយាយ​មាន​តែម្នាក់ឯង ប្រសិនបើ​មាន​កូនចៅ​នោះ​ប្រហែលជា​ពួក​គេ​មក​អបអរសាទរ​សញ្ញាបត្រ​លោកយាយ​មិន​ខាន​ឡើយ ។

លោកយាយ​ថា ការ​តស៊ូរៀនសូត្រ​គឺ​ដើម្បី​ទ្រទ្រង់​ព្រះពុទ្ធ​សាសនា និង​មាន​សទ្ធា​និង​ឆន្ទៈ​ពិតប្រាកដ មិន​មាន​អ្នក​ណាបង្ខំ​ ឡើយ ។ ការ​ទទួល​សញ្ញាបត្រ​របស់​លោកយាយ​នេះ​អាច​ចាត់​ទុក​ថា​ទើបតែ​មាន​ម្នាក់​ប៉ុណ្ណោះ ដែល​តស៊ូ​រៀនសូត្រ​រហូត​ទទួល​បាន​សញ្ញាបត្រ​ក្នុង​វ័យ​ចំណាស់ ។ យើង​គ្រប់​គ្នា​ពិតជា​មាន​មោទនភាព​ចំពោះ​លោកយាយ​ណាស់ ៕

អត្ថបទសរសេរ ដោយ