ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​រដូវ​បោកបក់​តាម​ជ្រលង​ភ្នំ​កំចាយ​និង​បូកគោ​

4 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ យ៉ាង​ហោច​ណាស់​លំនៅ​ឋាន​ជាង​៦០០​ខ្នង​ នៅ​ក្នុង​ឃុំ​មួយ​ចំនួន​ក្នុងស្រុក​ព្រៃ​នប់ បាន​រង​គ្រោះ​ដោយ​ខ្យល់ព្យុះ​រដូវ​បោកបក់ ចាប់ពី​វេលា​ទៀប​ភ្លី​ថ្ងៃ​ទី​៣ ខែធ្នូ​មក ។ តាមមន្ត្រី​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ទោះបីជា​មិន​មានខូចខាត​ធ្ងន់…

ខេត្ត​ព្រះ​សីហ​នុ ៖ យ៉ាង​ហោច​ណាស់​លំនៅ​ឋាន​ជាង​៦០០​ខ្នង​ នៅ​ក្នុង​ឃុំ​មួយ​ចំនួន​ក្នុងស្រុក​ព្រៃ​នប់ បាន​រង​គ្រោះ​ដោយ​ខ្យល់ព្យុះ​រដូវ​បោកបក់ ចាប់ពី​វេលា​ទៀប​ភ្លី​ថ្ងៃ​ទី​៣ ខែធ្នូ​មក ។ តាមមន្ត្រី​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ទោះបីជា​មិន​មានខូចខាត​ធ្ងន់ តែ​បាន​ប៉ះពាល់​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ ព្រោះ​ក្នុង​ចំណោម​លំនៅ​ឋាន​ដែល​ប៉ះពាល់មួយ​ចំនួន​ធំ​គឺ​ចំ​លើ​គ្រួសារ​ដែល​មាន​ជីវភាព​មិនសូវ​ធូរធារ និង​ជា​ផ្ទះ​ខ្ទម​តូច​ៗ​ដែល​ងាយ​នឹង​រង​គ្រោះ​ដោយ​ខ្យល់​រដូវ ដែល​តែងតែ​កើត​មាន​ស្ទើររាល់​ឆ្នាំ ឱ្យ​តែ​ដល់​រដូវ​ច្រូតកាត់​មក​ដល់ ។

នៅ​តាម​ឃុំ​មួយ​ចំនួន ក្នុងស្រុក​ព្រៃ​នប់ ដែលមាន​ភូមិសាស្ត្រ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ចាប់ពី​វាល​រេញ​ទៅ​កំពត កំពុង​ទទួល​រង​នូវ​ឥទ្ធិពល​ខ្យល់ព្យុះ​រដូវ​ដែល​បោកបក់​ខ្លាំង​ៗ​មក​ពី​ភ្នំកំចាយ និង​ភ្នំ​បូកគោ ។ បណ្តា​ឃុំ​ដែល​រង​ប៉ះពាល់​មាន ឃុំ​វាល​រេញ ឃុំ​សាមគ្គី ឃុំ​ទឹកល្អក់ឃុំ​ទឹកថ្លា និង​ឃុំ​ខ្លះ​ទៀត​នៅ​ក្នុង​ខេត្តកំពត​ដែល​នៅ​ក្បែរ​គ្នា ក៏​ទទួល​រង​ឥទ្ធិពល​ពី​ព្យុះ​រដូវ​នេះ​ដែរ ។

ត្រឹមតែ​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៣ ខែធ្នូ​មកមានផ្ទះ​ប្រជាពលរដ្ឋ​រាប់រយ​ខ្នង​រង​ការ​ខូចខាត ដែល​តាម​របាយការណ៍​បឋម​ពី​មន្ត្រី​មូលដ្ឋាន​គិត​ត្រឹម​យប់​ថ្ងៃ​ទី​៣ ខែធ្នូ មានផ្ទះ​ជាង​៦០០​ខ្នង​រង​ការ​ខូចខាត ដូច​ជា​របើក​ដំបូល និង​របើក​ជញ្ជាំង​ជាដើម ។ នៅ​ថ្ងៃ​ទី​៤ ខែធ្នូ ខ្យល់​នៅ​តែ​បន្ត​ធ្លាក់ ដែល​ធ្វើ​ឱ្យ​លំនៅ​ឋាន​រង​ការ​ខូចខាត​មានការ​កើនឡើង​ថែម​ទៀត ។ បើ​ខ្យល់​នៅ​តែ​បន្ត​បោកបក់​ច្រើន​ថ្ងៃ​ទៀត តាម​ការ​សន្និដ្ឋាន ផ្ទះ​ពលរដ្ឋ​ដែល​រង​ការ​ខូចខាត​អាច​ឡើង​ដល់​ជិត​១.០០០​ខ្នង ក្នុង​នោះ​ក៏​មាន​ផលដំណាំ​មួយ​ចំនួន​រង​ការ​ខូចខាត​ដែរ ប៉ុន្តែ​ទោះជា​បែប​ណា​មិន​មាន​មនុស្ស​រងគ្រោះថ្នាក់​ទេ ។

សូម​បញ្ជាក់​ថា បណ្តា​ឃុំ​ជាប់​ផ្លូវជាតិ​លេខ​៣ វាល​រេញ​-​កំពត តែង​ទទួល​រង​នូវ​ឥទ្ធិពល​ខ្យល់ព្យុះ​រដូវ​ដែល​បោកបក់​មក​ពី​ភ្នំ​កំចាយ និង​ភ្នំ​បូកគោ​ជា​រៀង​រាល់​ឆ្នាំ​មិន​ដែល​អាក់ខាន​ឡើយ ភាគច្រើន​នៅ​ចុងឆ្នាំ ដោយ​គ្រាន់តែ​ឆ្នាំ​ខ្លះ​មាន​ទំហំ​ធំ ប៉ះពាល់​ធ្ងន់ និង​ឆ្នាំ​ខ្លះ​ប៉ះពាល់​តិចតួច​។ បាតុភូត​ធម្មជាតិ​នេះ តែង​កើតឡើង​តាំងពី​សម័យបុរាណ​មក មិនមែន​ទើបតែ​កើត​មាន​ថ្មី​ៗ​នេះ​ទេដែល​អាច​និយាយ​បាន​ថា អ្នក​ភូមិ​នៅ​តំបន់​នោះមាន​ទម្លាប់​ជាមួយ​ខ្យល់ព្យុះ​រដូវ​នេះ ត​កូន ត​ចៅ មិន​មាន​អ្វី​ប្លែក​ឡើយ តែ​អ្វី​ដែល​ប៉ះពាល់​ក្រោយ​ពី​នោះ​គឺ​ការ​ខូចខាត​ផ្ទះសម្បែង ៕​