ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​តំបន់​ភ្លើងពណ៌​ដកថយ​ហើយ ​ជំនួស​វិញ​ដោយហាង​លក់ឡាន

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​ក្រឡេក​មើល​នៅ​តាម​បណ្ដោយ​ដងផ្លូវ​លេខ​២០០៤ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ រយៈពេល​ជាង​១០​ឆ្នាំ​កន្លង​មក មាន​ហាង​ផឹក​សុ​ី​បៀរ​ហ្គា​ដិ​ន ខារ៉ាអូខេ​KTV ភោជនីយដ្ឋាន…

រាជធានី​ភ្នំពេញ ៖ បើ​ក្រឡេក​មើល​នៅ​តាម​បណ្ដោយ​ដងផ្លូវ​លេខ​២០០៤ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់
​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ រយៈពេល​ជាង​១០​ឆ្នាំ​កន្លង​មក មាន​ហាង​ផឹក​សុ​ី​បៀរ​ហ្គា​ដិ​ន ខារ៉ាអូខេ​KTV ភោជនីយដ្ឋាន ឬ​ទីតាំង​ម៉ាស្សា​កោស​ជប់ រីក​ដុះដាល​គួរ​ឱ្យ​គយគន់ ដែល​ពេល​រាត្រី​មាន​ភ្លើងពណ៌​ចម្រុះ បាន​កើតឡើង​រីក​ដូច​ផ្សិត មាន​សកម្មភាព​ក្រុម​ចាប់​ម៉ូយ​ប្រចាំ​ហាង​ប្រ​សេក​ប្រសាច ជា​ពិសេស​សម្រែក​ពួក​នាង​ៗ​ដែល​បោយ​ដៃ​ហៅ​ម៉ូយ​ចូល​ម៉ាស្សា កោស​ជប់ នៅ​តាម​ហាង​របស់​ខ្លួន យ៉ាង​ប្រកួតប្រជែង​គួរ​ឱ្យ​អៀនខ្មាស់​ណាស់​សម្រាប់​សភាព​បុរស​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ម្តង​ៗ ។ ម្យ៉ាងទៀត​មើលឃើញ​ថា​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​សម្រាប់​ខណ្ឌ​ជាយ​រាជធានី ដែល​កំពុង​មានការ​អភិវឌ្ឍ​មួយ​នេះ។

ប៉ុន្តែ​ទន្ទឹម​និង​នេះ​ក៏​បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​នៅ​តំបន់​នោះ​ឈឺក្បាល​មិន​តិច​ដែរ ដែល​យូរ​ទៅ​បាន​ក្លាយជា​តំបន់​អនាធិបតេយ្យ​ពេញបន្ទុក​ទៅ​វិញ ។ បទល្មើស​ផ្សេង​ៗ ជា​ពិសេស​អំពើ​ហឹ​ង្សា​តែង​បាន​កើត​ចេញពី​តំបន់​ភ្លើងពណ៌​ជា​បន្តបន្ទាប់ ហើយ​អាជ្ញាធរ​តែងតែ ប្រមូល​ម្ចាស់​ហាង​មក​ធ្វើការ​ប្រជុំ​ណែនាំ​ប្រាប់​ពី​លក្ខខណ្ឌ​ជា​ច្រើន​លើក​ច្រើន​សា ដែល​ខ្លះ​មិន​ស្ដាប់​ក៏​បាន​ចុះ​បិទ​ហាង​មួយ​ចំនួន​ដែល​មិន​ស្ដាប់​តាម​ការ​ណែនាំ​នោះ​ផង​ដែរ ។

អ្វី​ដែល​ជា​ការ​កត់សម្គាល់​ថែម​ទៀត​នោះ រហូត​មក​ដល់​ក្នុង​ឆ្នាំ​២០១៩​នេះ​ត្រូវ​បាន​សង្កេត​ឃើញ​ថា ហាង​ផឹក​សុ​ី បៀរ​ហ្គា​ដិ​ន ខារ៉ាអូខេ​KTV ភោជនីយដ្ឋាន ឬ​ទីតាំង​ម៉ាស្សា​កោស​ជប់​ទាំងនោះ ដែល​លម្អ​ទៅ​ដោយ​នារី​ៗ​ស្រស់​ប្រឹ​ម​ប្រិ​យ តឺ​នុយ​ខើច​លើ​ខើច​ក្រោម មានការ​ថយ​ចុះ​យ៉ាង​ខ្លាំង​ពី​១០០​ភាគរយ នៅ​ត្រឹមតែ​ប្រហែល​មិន​ដល់​១០​ភាគរយ​ទេ ។

ប៉ុន្តែ​វា​អត់​ស្ងាត់​ទេ បាន​កើតឡើង​ជំនួស​មក​វិញ​នូវ​ហាង​លក់​រថយន្ត​១​ទឹក​ៗ​ដែល​នាំ​ចូល​ពី​បរទេស ព្រម​ទាំង​ទីតាំង​យានដ្ឋាន​ជួសជុល​រថយន្ត​និង​កន្លែង​លក់ដូរ​របស់របរ​ផ្សេង​ៗ​ជា​ច្រើន​បាន​ជំនួស​មក​វិញ ។ មិនតែប៉ុណ្ណោះ​ហាង​លក់​រថយន្ត​រួម​ជាមួយ​ទីតាំង​លក់ដូរ​ផ្សេង​ៗ នឹង​អាច​មានការ​កើនឡើង​កាន់តែ​ច្រើន​ថែម​ទៀត ហើយ​ពុំ​ទាន់​ដឹង​ថា​ហាង​ផឹក​សុ​ី​បៀរ​ហ្គា​ដិ​ន ខារ៉ាអូខេ​KTV ភោជនីយដ្ឋាន ឬ​ទីតាំង​ម៉ាស្សា​កោស​ជប់​ដែល​ដក​ចេញ​ទាំងនោះ​ទៅ​បោះទីតាំង​ថ្មី​នៅ​ទីណា​ទៀត​នោះ​ឡើយ ។

បើ​តាម​នគរបាល​ប៉ុស្តិ៍ ក​កា​កាប​១ បាន​និយាយ​ថា សព្វ​ថ្ងៃនេះ​ហាង​ផឹក​សុ​ី​បៀរ​ហ្គា​ដិ​ន ខារ៉ាអូខេ KTV ភោជនីយដ្ឋាន​ឬ​ទីតាំង​ម៉ាស្សា​ដែល​កន្លង​មក​កើតឡើង​ព្រោងព្រាត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០០៤ ជាង​១០​ឆ្នាំ​មក​ហើយ​ពិតជា​មានការ​ថយ​ចុះ​យ៉ាង​គំហុក​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​មែន ។

លោក​បាន​រៀបរាប់​ថា ការ​ចុះ​ថយ​ទីតាំង​ហាង​ភ្លើង​ព​ណ៍​ទាំងនេះ​ក៏​ព្រោះតែ​ហាង​មួយ​ចំនួន​ធំ​បាន​ជួល​ដី​គេ​បើក​រក​សុ​ី ហើយ​ភាគច្រើន​បាន​ចប់​កុងត្រា ត្រូវ​ម្ចាស់​ឈប់​ជួល​ឲ្យ​បើកហាង​បន្ត​ទៀត ដោយសារ​មាន​ភាព​រញ៉េរញ៉ៃ​ពេក ។ រីឯ​កត្តា​សំខាន់​មួយទៀត​គឺ​ជួល​ដី​ឲ្យ​អ្នក​បើកហាង​ផឹក​សុ​ី បៀរ​ហ្គា​ដិ​ន ខារ៉ាអូខេ​KTV ភោជនីយដ្ឋាន ឬ​ទីតាំង​ម៉ាស្សា បាន​តម្លៃ​ថោក ពេក ដែល​ក្នុង​១​ខែ​ៗ បាន​ត្រឹមតែ​៥០០​ដុល្លារ ឬ​ក៏​អាច​លើស​ពី​នេះ​បន្តិចបន្តួច​ប៉ុណ្ណោះ ។

លុះ​ក្រោយមក​បាន​ជួល​ទៅ​ឲ្យ​ក្រុម​អ្នករក​សុ​ី​បើកហាង​លក់​រថយន្ត​និង​លក់ដូរ​ផ្សេង​ៗ​វិញ​អាច​បាន​ថ្លៃ​ខ្ពស់​ជាង​គឺ​ក្នុង​១​ខែ​ៗ​ចាប់ពី​១.០០០​ដុល្លារ ទៅ​១.៥០០​ដុល្លារ​ឯណោះ ហើយ​គ្មាន​រឿង​ឈឺក្បាល​ត្រូវ​អាជ្ញាធរ​ចុះ​បិទ​ដូច​ហាង​ផឹក​សុ​ី​ឡើយ និង​បាន​លុយ​ឈ្នួល​ដោយ​ភាព​ថ្លៃថ្នូរ​ទៀត​ផង ។

ប្រភព​ខាងលើ​បាន​បន្ត​ថា ចំណែក​កត្តា​មួយទៀត ត្រូវ​បាន​មើលឃើញ​ថា ចំពោះ​អ្នក​បើកហាង​ខ្លះ​លក់​មិនសូវ​ដាច់ គ្មាន​លុយ​ទូទាត់​ឲ្យ​បុគ្គលិក​កម្មករ និង​ថ្លៃ​ឈ្នួល​ជួល​ដី​និង​ថ្លៃ​ឈ្នួល​ជួល​ផ្ទះ​ផង​ក្ស័យ​ធន់​រត់​លែង​រួច​ក៏​សម្រេចចិត្ត​ឈប់​ដំណើរការ​តទៅ​ទៀត ។

ទន្ទឹម​និង​នេះ​ក៏​មាន​ហាង​មួយ​ចំនួន​ទៀត ដែល​ឧស្សាហ៍​មានរឿង​កើតឡើង​ដូច​ជា អំពើ​ហិង្សា វាយតប់​គ្នា​រវាង​ម្ចាស់​ហាង​និង​ម្ចាស់​ក្បែរ​គ្នា ឬ​រវាង​ម្ចាស់​ហាង​ជាមួយ​ភ្ញៀវ​ដែល​ចូល​ទៅ​ផឹក​សុ​ី​ព្រមទាំង​ទំនាស់​រវាង​ភ្ញៀវ​និង​ភ្ញៀវ ស្រវឹង​វាយតប់​គ្នា បាញ់បោះ​សេរី​និង​ការ​ចេញ​ហៅ​ម៉ូយ​បែប​អនាធិបតេយ្យ មាន​រហូត​បង្កប់​សេវាកម្ម​បម្រើ​ផ្លូវភេទ​និង​រំខាន​ការ​រស់នៅ​របស់​អ្នក​ជិតខាង​រហូត​មានការ​ប្ដឹងផ្ដល់​គ្នា​ជា​ហូរហែ ដែល​ជា​រឿង​ឈឺក្បាល​ឥត​ឈប់ ។

មិនតែប៉ុណ្ណោះ​អំពើ​ហិង្សា មួយ​ចំនួន​ទៀត​កើត​ចេញពី​ហាង​ខ្លះ​ទៀត​លក់​កោរ​កាប់ឆៅ​ភ្ញៀវ ដោយ​ភ្ញៀវ​ហូប​តិច​តែ​គិតលុយ​ថ្លៃ​ហួសហេតុ ដល់​ពេល​ភ្ញៀវ​អត់​លុយ​ឲ្យ​ដកហូត​យក​ម៉ូតូ​ឬ​ឃាត់ខ្លួន​ភ្ញៀវ​ទុក​ដោយ​ខុសច្បាប់​ជាដើម ។ ក្រោយ​ពី​ការ​ណែនាំ​ច្រើន​លើក​ច្រើន​សារ​មិន​ស្ដាប់​តាម ក៏​ត្រូវ​បាន​អាជ្ញាធរ​ចុះ​បិទ​លែង​ឲ្យ​ដំណើរការ​រហូត​តែ​ម្ដង​ក៏​មាន​ដែរ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្រៅពី​នេះ​ក្រុម​អ្នក​ហៅ​ម៉ូយ​ប្រចាំ​ហាង​នីមួយ​ៗ​វិញ តែងតែ​ចេញ​ស្ទាក់​ហៅ​ម៉ូយ​បែប​អនាធិបតេយ្យ​ពេញ​ដងផ្លូវ នាំ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​និង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្ត​បន្ទប់ និយាយ​រួម​ពិបាក​ក្នុង​ការ​គ្រប់គ្រង​ណាស់​ដូច​ចាប់​ក្ដាម​ដាក់​ចង្អេរ​អុ​ី​ចឹ​ង ដោយ​ពួក​គាត់​មួយ​ចំនួន​មិន​មាន​គោរព​អាជ្ញាធរ​មូលដ្ឋាន​សោះឡើយ ។

លោក​ថា ប៉ុន្តែ​រហូត​មក​ដល់​ក្នុង​ឆ្នាំ​២០១៩​នេះ​បទល្មើស​ហាក់​មានការ​ស្ងប់ស្ងាត់ ព្រោះតែ​ហាង​ទាំងនោះ ពិតជា​បាន​ថយ​ចុះ​យ៉ាងច្រើន​មែន​នៅ​សល់​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ។ ទោះបីជា​បែប​ណា លោក​ក៏​មិន​ទាន់​បាន​ធ្វើ​ស្ថិតិ​គ្រប់គ្រង​ចំនួន​ហាង​ផឹក​សុ​ី ខារ៉ាអូខេ បៀរ​ហ្គា​ដិ​ន​ឬ​ម៉ាស្សា​កោស​ជប់ ដែល​នៅ​សេសសល់​កំពុង​តែ​ដំណើរការ​រាល់​ថ្ងៃនេះ​មាន​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ ។

ចំណែកឯ​ទីតាំង​លក់​រថយន្ត​ឬ​កន្លែង​រក​សុ​ី​ផ្សេង​ៗ​ទៀត​ដែល​កើតឡើង​នៅ​លើ​ទីតាំង​ហាង​ដែល​រើ​ចេញ​ទាំងនោះ ក៏​មិន​ទាន់​បាន​ស្រង់​នៅឡើយ​ដែរ ។ លោក​ថា ប៉ុន្តែ​តាម​អ្វី​ដែល​មើលឃើញ​ជាក់ស្ដែង​គឺ​ហាង​ភ្លើងពណ៌​រាត្រី​ដែល​ពី​មុន​មាន​ជាប់​គ្នា​ជា​ហូរហែ​នោះ​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង​មែនទែន ។ ចំណែក​បទល្មើស​ផ្សេង​ៗ​ដែល​កន្លង​មក​តែងតែ​កើត​ចេញពី​ទីនោះ​ក៏​លែង​មាន​ដែរ ហើយ​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ប្រហែល​អាច​ដឹង​ច្បាស់លាស់​ជាង ។

លោក ហែម ដា​រិ​ទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា​តាម​រយៈ​ឆាត​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ករណី​ហាង​អស់ហ្នឹង​វា​ថយ​មែន ។ ករណី​ខារ៉ាអូខេ​ផ្ទះ​១​ល្វែង ឬ​២​ល្វែង និង​លែង​សូវ​មាន​ហើយ​ឥឡូវនេះ ដោយសារ​តែ​គេ​ដាក់​លក់​រថយន្ត​វិញ​ឬ​ក៏​រក​សុ​ី​អី​ផ្សេង ព្រោះ​យើង​បិទ​ច្រើន​ក្នុង​ករណី​ដែល​ពួក​គាត់​ហៅ​ម៉ូយ​ឬ​ចេញ​ចាប់​ម៉ូយ​រញ៉េរញ៉ៃ​តាម​ផ្លូវ ហើយ​វិធានការ​យើង​តឹង​អុ​ី​ចឹ​ង ឥឡូវ​គាត់​គេច​អស់ហើយ គាត់​គេច​ទៅ​រក​សុ​ី​នៅ​ខណ្ឌ​កំ​បូល​វិញ​អស់ហើយ ៕

អត្ថបទសរសេរ ដោយ