ធ្វើសកម្ម​ភាពលើអ្នកបើកកង់បីឥណ្ឌា ប្រ​ទាញទៅប្រទាញមកផ្អើល​ផ្លូវ​កម្ពុជា​ក្រោម


រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ខណៈ​កំពុង​បើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា​ធ្វើ​ដំណើរ​តាម​ផ្លូវ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​ចំនួន​២​នាក់​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​មិន​បាន​សម្រេច ដោយសារ​ជនរងគ្រោះទាញទៅទាញមក បណ្តាល​ឱ្យធ្លាក់ទូរស័ព្ទ ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ចំណែក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​នៅ​ចំណុច​ក្បែរ​រង្វង់​មូល​ផ្សារ​ថ្មី ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ ។

ជនសង្ស័យ​ម្នាក់​ខាងលើ​នេះ​ឈ្មោះ​ដួង គី​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្នាក់​នៅ​និង​មុខរបរ​ពិត​ប្រាកដ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ឌិន សា​រ៉ា​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា ស្នាក់​នៅ​ម្តុំ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​ជាមួយ​មិត្តភក្តិ​ម្នាក់​ទៀត​ជា​អ្នក​រត់​ម៉ូតូ​កង់​បីដូច​គ្នា ទើបតែ​ចេញ​មក​ពី​ញុំ​ា​ស៊ុប រួច​ហើយ​បំរុង​នឹង​ទៅ​រក​ដឹក​ម៉ូយ​ជា​បន្ត​ទៀត ។

តាម​ប្រភព​ដដែល​បានឱ្យ​ដឹង​បន្ត​ថា ខណៈ​ពេល​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត មក​ដល់​ស្តុ​ប​បែក​ជា​បួន គឺ​ស្តុ​ប​BS ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ មិន​ចាំ​ស្លាក​លេខ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​របស់​គាត់ ដែល​ទុក​នៅ​លើ​ម៉ូតូ​កង់​បី​ឥណ្ឌា​មិន​បាន​សម្រេច ដោយសារ​តែ​គាត់​ទាញ​ទៅ​ទាញ​មក​បណ្តាល​ឱ្យ​ធ្លាក់​ទូរស័ព្ទ​ដៃ​បែក​អេ​ក្រង់ ហើយ​ជនសង្ស័យ​ខាងលើ​នេះ​ក៏​យក​ដុំ​ថ្ម​មក​គប់​ចំ​គាត់ ហើយ​ធាក់​ផ្តួល​ទៀត បណ្តាល​អោយ​ក្រឡាប់​ផ្ងារជើង​ម្ខាង​ឡើង​លើ​ផ្នែក​ខាងឆ្វេង ហើយ​គាត់​បាន​រង​របួស​ចំ​ស្មា​ខាងឆ្វេង រីឯ​ជនសង្ស័យ​វិញ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ថ្មី​២​ធ្វើការ​ឃាត់ខ្លួន​បាន​ម្នាក់ រីឯ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ជនសង្ស័យ​ម្នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ខាងលើ​នេះ​មិន​ព្រម​សារភាព​ថា ខ្លួន​ជា​អ្នក​ធ្វើ​សកម្មភាព​ឆក់​នោះ​ទេ ប៉ុន្តែ​ជន​រង​គ្រោះ​បាន​និយាយ​ថា​គឺ​ជនសង្ស័យ​ម្នាក់​នេះ​ហើយ​ដែល​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​របស់​គាត់ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​មនោ​រម្យ​ដើម្បី​អោយ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ