ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ឧស្សាហកម្ម​កំពុង​ជួប​បញ្ហា​ខ្វះ​ធនធាន​ជំនាញ​សម្រាប់​ការងារ ខណៈ​ក្រសួង​កំពុង​ជំរុញ​ការ​បណ្ដុះបណ្ដាល​បន្ថែម

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ក្នុង​វិស័យ​ឧស្សាហកម្ម​កម្ពុជា​នៅ​តែ​ជួប​បញ្ហា​ប្រឈម​ក្នុង​ដំណើរការ​ផលិត​របស់​ខ្លួន ជា​ពិសេស​នោះ​គឺ​ការ​ខ្វះខាត​ធនធានមនុស្ស​ជំនាញ​បច្ចេកទេស ដែល​ធ្វើ​អោយ​ការ​ដំណើរការ​និង​ការ​ពង្រីក​ខ្សែ​ចង្វាក់​ផលិតកម្ម មិន​រីក​ធំធាត់​រហ័ស ។ យ៉ាងណា​ក៏​ដោយ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏​បាន​ជំរុញ​ការ​បណ្ដុះបណ្ដាល​កម្រិត​បច្ចេកទេស​នេះ​អោយ​កាន់តែ​ច្រើន ដើម្បី​ផ្ដល់​ជូន​សហគ្រិន​ដែល​កំពុង​ខ្វះខាត​និង​ត្រូវការ​បន្ទាន់…

​រាជធានី​ភ្នំពេញ ៖ ក្នុង​វិស័យ​ឧស្សាហកម្ម​កម្ពុជា​នៅ​តែ​ជួប​បញ្ហា​ប្រឈម​ក្នុង​ដំណើរការ​ផលិត​របស់​ខ្លួន ជា​ពិសេស​នោះ​គឺ​ការ​ខ្វះខាត​ធនធានមនុស្ស​ជំនាញ​បច្ចេកទេស ដែល​ធ្វើ​អោយ​ការ​ដំណើរការ​និង​ការ​ពង្រីក​ខ្សែ​ចង្វាក់​ផលិតកម្ម មិន​រីក​ធំធាត់​រហ័ស ។ យ៉ាងណា​ក៏​ដោយ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏​បាន​ជំរុញ​ការ​បណ្ដុះបណ្ដាល​កម្រិត​បច្ចេកទេស​នេះ​អោយ​កាន់តែ​ច្រើន ដើម្បី​ផ្ដល់​ជូន​សហគ្រិន​ដែល​កំពុង​ខ្វះខាត​និង​ត្រូវការ​បន្ទាន់ ។

​លោក​ឡី សុភាព ប្រធាន​សមាគម​ឧស្សាហកម្ម​និង​សិប្បកម្ម​កម្ពុជា បាន​មាន​ប្រសាសន៍​ថា បញ្ហា​ប្រឈម​សម្រាប់​វិស័យ​ឧស្សាហកម្ម​និង​សិប្បកម្ម​កម្ពុជា​បច្ចុប្បន្ន​នេះ​គឺកង្វះខាត​អ្នកជំនាញ​បច្ចេកទេស ដើម្បី​អភិវឌ្ឍន៍​វិស័យ​មួយ​នេះ និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ដំណើរការ​សហគ្រាស ។ ​លោក​បាន​បញ្ជាក់​ថា «​យុវជន​កម្ពុ​ជាមួយ​ចំនួន​ធំ មិន​ចង់​រៀន​និង​ចាប់​យក​ជំនាញ​បច្ចេកទេស​សម្រាប់​ជា​អាជីព​របស់​គាត់​នោះ​ទេ ពួក​គាត់​រៀន​តែ​ជំនាញ​ណា​ដែល​ស្រួល​ៗ ឬ​ជំនាញ​ណា​ដែល​អង្គុយ​ធ្វើការ​ក្នុង​ការិយាល័យ​ក្នុង​ម៉ាស៊ីនត្រជាក់​ជាដើម ។

នេះ​ហើយ​ជា​បញ្ហា​សម្រាប់​សហគ្រិន​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​និង​សិប្បកម្ម »​។ លោក​បាន​បន្ថែម​ទៀត​ថា ដោយ​មើលឃើញ​ថា​យុវជន​កម្ពុជា មិនសូវ​ចាប់អារម្មណ៍​ច្រើន​នោះ ក្រសួង​ការងារ​និង បណ្ដុះ បណ្ដាល​វិជ្ជាជីវៈ បាន​ដោះស្រាយ​ជូន​ពួក​យើង​មួយ​កម្រិត​ហើយ ដោយ​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​កម្រិត TVET ដែល​ជា​វគ្គ​បណ្ដុះបណ្ដាល​អប់រំ​បច្ចេកទេស ( Technical Vocational Education and Training ) ដើម្បី​អោយ​យុវជន​ដែល​មិន​បាន​បញ្ចប់​ថ្នាក់ឧត្តម​សិក្សា​អាច​ចូល​រៀន​វគ្គ​បណ្ដុះបណ្ដាល​នេះ ដើម្បី​ទទួល​បាន​ជំនាញ​ពី​វគ្គ​សិក្សា​ខ្លី​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ។

ប្រធាន​សមាគម​ឧស្សាហកម្ម​និង​សិប្បកម្ម​កម្ពុជា​រូប​នេះ​បាន​បន្ថែម​ថា នៅ​ពេល​ដែល​កម្ពុជា​បាន​ចាប់ផ្ដើម​អនុវត្តន៍​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ក្នុង​វិស័យ​បច្ចេក​ពី​ពេល​នេះ​ទៅ លោក​សង្ឃឹមថា រយៈពេល​៥​ឆ្នាំ​ខាង​មុខ​ទៀត សហគ្រិន​កម្ពុជា​នឹង​មាន​ធនធានមនុស្ស​កាន់តែ​ច្រើន​សម្រាប់​បំពេញ​ទៅ​តាម​តម្រូវការ​ជាក់ស្ដែង​ដូច្នេះ​ហើយ សហគ្រិន​នឹង​លែង​មាន​ផល​ពិបាក​ទៀត​នោះ​ឡើយ ។

ដូច​គ្នា​នេះ​ដែរ លោក ហ៊ីង ស៊ី​ដេ​ត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ (TVET) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ មាតាបិតា អាណាព្យាបាល សហគមន៍ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ បញ្ជូន​កូនចៅ​ឲ្យ​ចូល​រៀន​នៅ​ក្នុង​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ដើម្បី​ឲ្យ​មាន​ជំនាញ​មួយ​ពិតប្រាកដ ។ លោក​ថា ៖« កាលណា​យើង​មាន​ជំនាញ​មួយ​ពិតប្រាកដ យើង​នឹង​មាន​ចំណូល​សម​ស្រប បម្រើ​ដល់​ជីវភាព​ក្នុង​គ្រួសារ ក៏​ដូច​ជា ជួយ​កសាង​ប្រទេស​ជាតិ ហើយ​ជំនាញ​នេះ​ដែរ វា​កំពុង​ត្រូវការ​ខ្លាំង​នៅ​លើ​ទីផ្សារ​ការងារ​ក្នុង​ពេល​បច្ចុប្បន្ន​និង​អនាគត »​។ ​លោក​បាន​បន្ត​ថា ជំនាញ​ចំនួន ៥ ដែល​ទីផ្សារ​ការងារ​កំពុង​ត្រូវការ រួម​មាន ផ្នែក​សំណង់​, ផ្នែក​រថយន្ត​, ផ្នែក​អេ​ឡិច​ត្រូ​និក​, ផ្នែក​អគ្គិសនី​, និង​ផ្នែក​កា​ម្មន្ត​សាល​។

លោក ហ៊ីង ស៊ី​ដេ​ត បាន​បញ្ជាក់ ថា ៖« នៅ​ទូ​ទាំង​ប្រទេស បច្ចុប្បន្ន ក្រសួង​ការងារ​មាន​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ចំនួន ៣៨​គ្រឹះស្ថាន ក្នុង​នោះ ២០​គ្រឹះស្ថាន ទទួល​បាន ISO ធានា​ផ្នែក​ការ​គ្រប់គ្រង​» ។

លោក Wirot Phanitphotchamarn នាយក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​និង ការ​លក់​របស់ SCG នៅ​កម្ពុជា​បានអោយ​ដឹងផង​ដែរ​ថា ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ក្នុង​វិស័យជំនាញ បច្ចេកទេស​ពិតជា​មាន​សារសំខាន់​ណាស់ ហើយ​វា​ត្រូវ​នឹង​ទីផ្សារ​ការងារ​ដែល​មាន​បច្ចុប្បន្ន​នេះ ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា កំពុង​មានការ​អភិវឌ្ឍ​ជា​ពិសេស​ទៅ​លើ​វិស័យ​សំណង់​នេះ​ផ្ទាល់​តែ​ម្ដង ។ ​លោក​បាន​និយាយ​ថា «​ជា​រៀង​រាល់​ឆ្នាំ យើង​បាន​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ក្នុង​វិស័យ​នេះ​រាប់រយ​នាក់​ផង​ដែរ ដើម្បី​អោយ​គេ​មាន​ជំនាញ និង​អាច​ប្រកបការងារ​ដែល​អាច​រក​ប្រាក់​ចំណូល​សម្រាប់​ចិញ្ចឹម​គ្រួ​សារបាន​រស់នៅ​ស្រួល​ទៀត​ផង ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ