ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់​ថ្លៃ​-​ថោក វា​ជា​រឿង​ទីផ្សារសេរី ថ្ងូរ​ធ្វើ​អី? (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តព្រៃវែង ៖ បច្ចុប្បន្ន​នេះ តម្លៃ​ខ្សាច់​ទន្លេ បាន​ឡើង​រហូត​ដល់​៤​ដុល្លារ​ហើយ គឺ​ស្មើនឹង​១​ម៉ឺន​៦​ពាន់​រៀល ក្នុង​១​ម៉ែត្រគូប បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​ៗ គឺ​ខុស​គ្នា​គុណ​នឹង​២​ដង ចំណុច​នេះ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្តព្រៃវែង…

ខេត្តព្រៃវែង ៖ បច្ចុប្បន្ន​នេះ តម្លៃ​ខ្សាច់​ទន្លេ បាន​ឡើង​រហូត​ដល់​៤​ដុល្លារ​ហើយ គឺ​ស្មើនឹង​១​ម៉ឺន​៦​ពាន់​រៀល ក្នុង​១​ម៉ែត្រគូប បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​ៗ គឺ​ខុស​គ្នា​គុណ​នឹង​២​ដង ចំណុច​នេះ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្តព្រៃវែង ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ​មិនសូវ​ធូរធា​បាន​ត្អូញត្អែ​ថា វា​ថ្លៃ​ខ្លាំង រហូត​ពួក​គាត់​គ្មាន​លទ្ធភាព​ធ្វើ​ផ្ទះថ្ម​រស់នៅ​នឹង​គេ​ទេ​។

ប្រជាពលរដ្ឋ​នៅ​ស្រុក​ពាមរ​ក៌ បាន​និយាយ​ថា បើ​ទោះបីជា​ពួក​គាត់​រស់នៅ​ជិត​ទន្លេ ដែល​ជា​ប្រភព​ខ្សាច់​សំណង់​ក៏​ដោយ ប៉ុន្តែ​ពួក​គាត់​មួយ​ចំនួន​មិន​មាន​លទ្ធភាព​ធ្វើ​ផ្ទះថ្ម​រស់នៅ​នឹង​គេ​ទេ ព្រោះ​ដែក​ក៏​ថ្លៃ ស៊ីម៉ង់​តិ៍​ក៏​ថ្លៃ ហើយ​ខ្សាច់​ក៏​ថ្លៃ ឯ​ជីវភាព​ពួក​គាត់​មិនសូវ​ធូរធា អ្នកខ្លះ​ចង់បាន​ផ្ទះថ្ម​នៅ​ពេក ប្លង់​ដី ប្លង់​ផ្ទះ​ផ្ញើ​ធានា​គារ​អស់ហើយ​។

ពួក​គាត់​បាន​លើក​ឡើង​ថា រឿង​ដែក និង​ស៊ីម៉ង់​តិ៍​វា​ថ្លៃ គឺ​ពួក​គាត់​មិន​ថា​ទេ ព្រោះ​ត្រូវ​ទិញ​ពី​ក្រៅ​ប្រទេស​មក ថ្លៃ​ផលិត ថ្លៃ​ដឹក​ជញ្ជូន​មក​អស់​ច្រើន​ណាស់ ប៉ុន្តែ​សំរាប់​ខ្សាច់​សំណង់​វិញ គឺ​បូម​យក​ពី​ទន្លេមេគង្គ​ក្បែរ​ផ្ទះ​របស់​ពួក​គាត់​សោះ បែរជា​លក់​ថ្លៃ​ដូច​មាស គឺ​ក្នុង​១​ម៉ែត្រគូប​៤​ដុល្លារ ស្មើ​នឹង​១​ម៉ឺន​៦​ពាន់​រៀល ទាំង​ដែល​ឆ្នាំ​មុន​ៗ១​ម៉ែត្រគូប​តែ​៨​ពាន់​រៀល​ប៉ុណ្ណោះ​។

ដោយឡែក​ក្រុម​អាជីវករ​លក់​ខ្សាច់​វិញ បាន​និយាយ​ថា ពួក​គាត់​មិន​ចង់​លក់​ខ្សាច់​ក្នុង​តម្លៃ​ថ្លៃ​បែប​នេះ​ទេ ប៉ុន្តែ​ធ្វើ​ម៉េច បើ​គាត់​ទិញ​ខ្សាច់​ពី​ក្នុង​ទន្លេ​មក​ក្នុង​តម្លៃ​ថ្លៃ​ដែរ គឺ​២​ដុល្លារ​២​កាក់​៨​សេន ក្នុង​១​ម៉ែត្រគូប ដែល​ស្មើនឹង​៩១២០​រៀល ហើយ​បូក​ថែម​ទាំង​តម្លៃ​ប្រេងសាំង គ្រឿងចក្រ និង​កម្មករ​ថែម​ទៀត គឺ​ឡើង​ដល់​ជាង​១​ម៉ឺន​រៀល​ទៅ​ហើយ ដូច្នេះ​ពួក​គាត់​ត្រូវ​តែ​លក់​ក្នុង​តម្លៃ​១​ម៉ឺន​៦​ពាន់​រៀល​ដូច​រាល់​ថ្ងៃនេះ ទើប​អាច​ចំណេញ​។

អាជីវករ​ទាំងនោះ​បញ្ជាក់​ថា បើ​ចង់ឱ្យ​តម្លៃ​ខ្សាច់​ចុះថោក​ជាង​នេះ គឺ​ទាល់តែ​ឱ្យ​ក្រុមហ៊ុន​ឡូ​ខ្សាច់​ក្នុង​ទន្លេ លក់​ខ្សាច់​ក្នុង​តម្លៃ​ថោក​ដែរ បើ​គាត់​ទិញ​មក​ថោក លក់​ចេញ​ក៏​ថោក​ដែរ​។

ចំណែក​ខាង​មន្ត្រី​ជំនាញ​រ៉ែ បានឱ្យ​ដឹង​ដែរ​ថា ខ្សាច់​ទន្លេ​នេះ ក្រុម​ដែល​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង បង់​សួយសារអាករ ចូល​រដ្ឋ​ក្នុង​១​ម៉ែត្រគូប​តម្លៃ​តែ​៦​កាក់​៨​សេន​ប៉ុណ្ណោះ ដែល​ស្មើ​និង​២៧២០​រៀល ប៉ុន្តែ​គេ​លក់​ទៅ​ឱ្យ​ខាង​អាជីវករ​រហូត​ដល់​១​ម៉ែត្រគូប តម្លៃ​៩១២០​រៀល​នោះ គឺជា​សិទ្ធិ​របស់​គេ ព្រោះ​គ្មាន​ច្បាប់​ណា​ហាមឃាត់ ឬ​កំណត់​ឱ្យ​គេ​លក់​ក្នុង​តម្លៃ​ណាមួយ​នោះ​ទេ វា​ជា​រឿង​ទីផ្សារសេរី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ