ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី​បាន​ផ្តល់​អាហារ​រូបករណ៍​ដល់​និស្សិត​កម្ពុជា​ជិត​៣​ពាន់​កន្លែង ខណៈ​ទំហំ​ពាណិជ្ជក ម្ម​កើន​ជិត​៩០០​ពាន់​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ឆ្នាំ​១៩៩៤ មក​ប្រទេស​អូស្ត្រាលី​បាន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ជិត​៣​ពាន់​កន្លែង ហើយ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​វិញ​បាន​កើន​ដល់​ជិត​៩០០​ពាន់​ដុល្លារ ។ នេះ​បើ​តាម​ឯកអគ្គរដ្ឋទូត​ប្រទេស​នេះ​ប្រចាំ​នៅ​កម្ពុជា ។ ក្នុង​ឱកាស​ចូល​ជួប​សម្តែង​ការ​គួរសម និង​ជម្រាបលា​សម្តេច…

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ឆ្នាំ​១៩៩៤ មក​ប្រទេស​អូស្ត្រាលី​បាន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ជិត​៣​ពាន់​កន្លែង ហើយ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​វិញ​បាន​កើន​ដល់​ជិត​៩០០​ពាន់​ដុល្លារ ។ នេះ​បើ​តាម​ឯកអគ្គរដ្ឋទូត​ប្រទេស​នេះ​ប្រចាំ​នៅ​កម្ពុជា ។ ក្នុង​ឱកាស​ចូល​ជួប​សម្តែង​ការ​គួរសម និង​ជម្រាបលា​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែធ្នូ នៅ​វិមាន​រដ្ឋសភា​។

លោក​ជំទាវ អាន​ជី​ឡា ខូ​កូ​រ៉ា​ន់ (H.E.Mrs. Angela Corcoran) ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ដែល​ត្រូវ​ចប់​អាណត្តិ​បាន​សម្តែង​ក្តី​រីករាយ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​កម្ពុជា និង​អូ​ស្រា្ត​លី ទាំង​ខាង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ ។ ហើយ​ប្រទេស​អូស្ត្រាលី​នៅ​តែ​បន្ត​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​របស់​កម្ពុជា​ទៅ​មុខ​ទៀត ។

លោកស្រី​ទូត​បាន​លើក​ឡើង​ឲ្យ​ដឹង​ថា ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក​អូស្ត្រាលី​បាន​ចូលរួម​ចំណែក​អភិវឌ្ឍន៍​នៅ​កម្ពុជា​ជា​ច្រើន​វិស័យ​ដូច​ជា វិស័យ​អប់រំ កសិកម្ម ការ​បោសសំអាត​មីន​ជាដើម ។ កម្ពុជា និង​អូស្ត្រាលី​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេ​វរ​កម្ម​នានា​ដូច​ការ​ជូ​ញ​ដូរ​មនុស្ស និង​គ្រឿងញៀន​ជាដើម ។

លោកស្រី​ឯកអគ្គរដ្ឋទូត​បាន​គូសបញ្ជាក់​ថា ៖« ចាប់ពី​ឆ្នាំ​១៩៩៤​មក​មាន​និស្សិត​កម្ពុជា​បាន​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​ចំនួន​២៩០០​កន្លែង ។ ក្នុង​នោះ​និស្សិត​កម្ពុជា​ចំនួន​៨៥០​នាក់ ទទួល​បាន​អាហារូបករណ៍​ពី​រដ្ឋាភិបាល​អូស្ត្រាលី ។ ចំណែក​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ពីរ​វិញ​បាន​កើន​ដល់​៨៥០​ពាន់​លាន​ដុល្លារ​» ។

លោក​ឯកអគ្គរដ្ឋទូត​បាន​លើក​ឡើង​ទៀត​ថា ប្រទេស​អូស្ត្រាលី​បន្ត​គាំទ្រ និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​នៅ​លើ​គ្រប់​វិស័យ ។ ដោយឡែក​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ​អូស្ត្រាលី​នឹង​ខិតខំ​ជំរុញ​ឲ្យ​មានដំណើរ​ទស្សនកិច្ច​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​របស់​តំណាងរាស្ត្រ​វ័យក្មេង​កម្ពុជា ទៅ​កាន់​ប្រទេស​អូស្ត្រាលី ។

ប្រទេស​អូ​ស្រា្ត​លី​ក៏​បាន​ត្រៀម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​នៃ​ការ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៨ នៃ​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក (APPF) ដែល​សម្តេច​ប្រធានរដ្ឋសភា និង​គណៈប្រតិភូ​សភា​កម្ពុជា​នឹង​ចូលរួម​នៅ​ប្រទេស​អូស្ត្រាលី នា​ដើម​ខែមករា ឆ្នាំ​២០២០​ខាង​មុខ​នេះ​ផង​ដែរ ។

ក្នុង​ជំនួប​នោះ​ដែរ សម្តេច​ហេង សំ​រិ​ន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​អាណត្តិ ការទូត​របស់​លោកស្រី អាន​ជី​ឡា ខូ​កូ​រ៉ា​ន់ ដែល​បាន​រួមចំណែក​ដល់​ការ​បន្ត​ថែរក្សា​ទំនាក់ទំនង មិត្តភាព​ជា​ប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​-​អូស្ត្រាលី ឲ្យ​មានការ​រីក​ចម្រើន​ថែម​មួយ​កម្រិត​ទៀត ។

សម្តេច​ជឿជាក់​ថា ក្នុង​រយៈពេល​៣​ឆ្នាំ ដែល​លោកស្រី​ស្នាក់​នៅ​កម្ពុជា​លោក​ជំទាវ​ពិតជា​បានឃើញ​ជាក់ស្តែង​នូវ​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​ជា​បន្តបន្ទាប់​របស់​កម្ពុជា រួម​ទាំង​សភាពការណ៍​ពិត​នៅ​កម្ពុជា​ដែល​ផ្ទុយ​ពី​ការ​បំពង​សំឡេង​ពី​ខាងក្រៅ ដើម្បី​កេង​ចំណេញ​ប្រយោជន៍​នយោបាយ​បុគ្គល​មួយ​ចំនួន​តូច ។

សម្តេច​ប្រធានរដ្ឋសភា​មាន​ក្តី​សង្ឃឹមថា ទោះបី​លោកស្រី អាន​ជី​ឡា ខូ​កូ​រ៉ា​ន់ បាន​ចប់​បេសកកម្ម​នៅ​កម្ពុជា តែ​លោកស្រី នៅ​តែ​មនោសញ្ចេតនា និង​ទំនាក់ទំនង​ល្អជា​មួយ​ប្រជាជាតិ​កម្ពុជា​ជា​និច្ច ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ