ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក លឹ​ម គាន​ហោ ផ្តល់​អនុសាសន៍​៦​ចំណុច ក្នុង​ការ​គ្រប់គ្រង​ធនធានទឹក​ឲ្យ​​មាន​ប្រសិទ្ធភាព

4 ឆ្នាំ មុន

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បិទ​កិច្ចប្រជុំ​បូក​សរុប​វាយតម្លៃ និង​លើក​ទិស​ដៅ​ការងារ​វិស័យ​ធនធានទឹក និង​ឧតុនិយម បន្ទាប់​ពី​បាន​ប្រព្រឹត្តិ​ទៅ​រយៈពេល ០២ ថ្ងៃ គឺ​ព្រឹក​ថ្ងៃ​ទី ០៤…

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បិទ​កិច្ចប្រជុំ​បូក​សរុប​វាយតម្លៃ និង​លើក​ទិស​ដៅ​ការងារ​វិស័យ​ធនធានទឹក និង​ឧតុនិយម បន្ទាប់​ពី​បាន​ប្រព្រឹត្តិ​ទៅ​រយៈពេល ០២ ថ្ងៃ គឺ​ព្រឹក​ថ្ងៃ​ទី ០៤ ខែធ្នូ ឆ្នាំ ២០១៩ នៅ​សាល​ប្រជុំ​រំដួល ទីស្តីការក្រសួង​ក្រោម​អធិបតីភាព​ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង បណ្តា​​នាយកដ្ឋាន​ចំណុះ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ទាំង ២៥ រាជធានី​-​ខេត្ត ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​អាជ្ញាធរ​ទន្លេសាប ។

កិច្ចប្រជុំ​រយៈពេល ០២ ថ្ងៃនេះ មានការ​ឡើង​ធ្វើ​បទ​បង្ហាញ​ពី​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុ​និយម​រាជធានី ខេត្ត​ទាំង ២៥ និង​ការ​ឡើង​បញ្ជាក់​បន្ថែម​របស់​ថ្នាក់ដឹកនាំ​ក្រសួង​ដែល​ទទួល​មុខព្រួញ អំពី​ពេលវេលា បរិមាណ​ទឹកភ្លៀង និង​ទឹកទន្លេ ដោយ​ធ្វើការ​ប្រៀបធៀប​ឆ្នាំ​ចាស់ និង​មធ្យមភាគ​ច្រើន​ឆ្នាំ​, ការងារ​បង្កបង្កើន​ផល​ស្រូវ​រដូវវស្សា​ឆ្នាំ​២០១៩, ការងារ​បង្កបង្កើន​ផល​ស្រូវប្រាំង​ឆ្នាំ ២០១៩-២០២០, ទិស​ដៅ​ការងារ​នៅ​ពេល​ខាង​មុខ និង​បញ្ហា​ប្រឈម​ផ្សេង​ៗ​ទៀត ដែល​បាន​និង​កំពុង​កើត​មាន​ឡើង ។

ក្នុង​នោះ​ក៏​មានការ​ឡើង​ធ្វើ​បទ​បង្ហាញ​ពី​លោក​សាស្ត្រាចារ្យ ដែល​ជា​ប្រធាន​ក្រុម​ផលិត​បញ្ជីសា​រពើភ័ណ្ឌ​ធារាសាស្ត្រ និង​ផែនទី ស្តី​ពី​ជំនន់ និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ ពាក់ព័ន្ធ​នឹង​វិស័យ​ធនធាន​ទឹកជា​រួម​ក្នុង​តំបន់ ផង​ដែរ ។

ឯកឧត្តម​រដ្ឋមន្ត្រី លឹ​ម គាន​ហោ មាន​ប្រសាសន៍​ថា ឆ្លងកាត់​ការ​ប្រជុំ​បូក​សរុប​វាយតម្លៃ នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ទាំងអស់ ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​គ្រប់គ្រង និង​អភិវឌ្ឍ​វិស័យ​ធនធានទឹក និង​ឧតុនិយម រហូត​សម្រេច​បាន​នូវ​សមិទ្ធផល​យ៉ាងច្រើន ដែល​នេះ​ជា​ស្នាដៃ​រួម និង​ជា​មោទនភាព​របស់​យើង​ទាំងអស់​គ្នា ។

ការ​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​ធារាសាស្ត្រ ក៏​ដូច​ជា​ការ​គ្រប់គ្រង​ធនធានទឹក ឲ្យ​មាន​ប្រសិទ្ធភាព និង​និរន្ត​ភាព ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កា​រវិ​វត្ត​នៃ​អាកាសធាតុ ឯកឧត្តម​រដ្ឋមន្ត្រី លឹ​ម គាន​ហោ បាន​ផ្តល់​នូវ​អនុសាសន៍ និង​ទិស​ដៅ​ការងារ មួយ​ចំនួន​ដូច​ខាងក្រោម ៖

១- ខិតខំ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ បម្រើ​ឲ្យ​ការ​ដាំ​ដុះ​ដល់​ការងារ​បង្កបង្កើន​ផល​ស្រូវ​រដូវវស្សា​ចុងដៃ និង​ស្រូវប្រាំង ២០១៩-២០២០ ។

២- ខិតខំ​បន្ត​ទៀត ដើម្បី​ឈាន​ទៅ​សម្រេច​ជោគជ័យ ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​លើ​ការ​គ្រប់គ្រង​ធនធានទឹក និង​តាមដាន ឆ្នៃ​ប្រឌិត​ឲ្យ​បាន​ទាន់​ពេល​ទៅ​នឹង​កា​រវិ​វត្ត​នៃ​អាកាសធាតុ ។

៣- ខិតខំ​ប្តេជ្ញា​លុប​បំបាត់​ឲ្យ​បានជា​អតិបរិមា នូវ​បណ្តា​ចំណុច​អវិជ្ជមាន​ដែល​ធ្លាប់​កើត​មាន ដូច​ជា ៖ ការ​ធ្វេសប្រហែស​ក្នុង​ការ​តាមដាន​សភាពការណ៍​, ការ​ចាត់ចែង​នៅ​មានការ​យឺតយ៉ាវ ក៏​ដូច​ជា​ការ​គ្រប់គ្រង​លើ​ផ្នែក​រដ្ឋបាល និង​ហិរញ្ញ​វ​ត្តុ ។

៤- តាមដាន និង​មានការ​កត់ត្រា​ច្បាស់លាស់​នូវ​គ្រប់​សមិទ្ធផល​ដែល​សម្រេច​បាន បង្កើត​ឡើង​នូវ​ការ​ស៊ីសង្វាក់​គ្នា​រវាង​ថ្នាក់​ក្រសួង និង​មន្ទីរ ។

៥- បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត សំខាន់​លើ​បញ្ហា​សាមគ្គីភាព​, ការ​តម្លើង​កាំ​មន្ត្រីរាជការ និង​ការ​លើក​សរសើរ ។​ល​។

៦- បញ្ហា​ប្រព័ន្ធ​ទំនាក់ទំនង នៅ​តែ​ជា​អាទិភាព​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ការងារ​, ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​។​ល​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ