ប្រទេសកួរ៉េខាងជើង ៖ មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន កាលពីថ្ងៃទី២ធ្នូបានបើកសម្ពោធទីក្រុងថ្មីមួយគឺទីក្រុងSAMJIYON ដូចដែលឃើញក្នុងវីដេអូមួយ។ ទីក្រុងថ្មីនោះស្ថិតនៅក្បែរភ្នំPAEKTUដែលជាភ្នំមួយមានរឿងព្រេងនិទានរបស់ប្រជាជាតិកូរ៉េ។
ក្រុងព្យុងយ៉ាងបានវិនិយោគដ៏មហាសាលក្នុងគម្រោងនៃការសាងសង់ដ៏ធំនោះ ដែលនៅមិនទាន់បង្ហើយនៅឡើយ ដោយក្រុងថ្មីនេះជាទីប្រជុំជននៃតំបន់មួយ នៅជាប់ព្រំដែនជាមួយចិន។
តាមការឃោសនារបស់កូរ៉េខាងជើងថា តំបន់នោះជាទីកន្លែងកំណើតរបស់លោកគីមជុងអ៊ីលបិតាលោកគីមជុងអ៊ុន។ ក្រៅពីសារមន្ទីរមួយរំឭកពីបណ្ដាសកម្មភាពបដិវត្តន៍ នៅក្នុងទីក្រុងថ្មីនោះមានកសាងស្តាតមួយសម្រាប់ហ្វឹកហ្វឺនកីឡារដូវរងា ព្រមទាំងមានផ្លូវរថភ្លើងថ្មីឆ្ពោះទៅកាន់ទីក្រុងHYESAN លំនៅឋានចំនួន១០.០០០ រួចនៅមានរោងចក្រកែច្នៃMYRTILLESនិងដំឡូងបារាំង ជាធនធាន២មុខដែលសម្បូរនៅតំបន់នោះ។ បណ្ដាសារព័ត៌មានរដ្ឋនិយាយថា ទីក្រុងថ្មីនេះអាចនិងទទួលរួចហើយនូវមនុស្ស៤០០០គ្រូសារ។
លោកគីមជុងអ៊ុនមានការចាប់អារម្មណ៍ខ្លាំងចំពោះការដ្ឋាននេះ ដោយលោកចុះទៅកាន់ទីនោះជាច្រើនលើក ដើម្បីពិនិត្យការងារសាងសង់និងជម្រុញឲ្យបានលឿន។ នាពេលថ្មីៗនេះលោកគីមជុងអ៊ុនបានជិះសេះសឡើងភ្ន្នំំPAEKTU។ លោកហាក់ប្ដេជ្ញាប្រែក្លាយតំបន់SAMJIYON ទីតាំងពិសិដ្ឋនៃបដិវត្តន៍ឲ្យក្លាយជាទីក្រុងសង្គមនិយមដ៏ទំនើបមួយ។
ទីក្រុងនេះជាទីក្រុងមួយកសាងឡើងតាមការផ្ដួចផ្ដើមគំនិតខាងសេដ្ឋកិច្ចដ៏សំខាន់បំផុតមួយ ដែលលោកគីមបានលើកក្នុងក្របខណ្ឌនៃនយោបាយសេដ្ឋកិច្ចស្វយ័តរបស់លោក ប៉ុន្តែការងារមានការយឺតយ៉ាវជាពិសេសមកពីខ្វះសម្ភារសំណង់និងពលកម្ម ព្រោះតែបណ្ដាទណ្ឌកម្មប្រឆាំងប្រទេសលោក។ ទីក្រុងនេះក៏សង្ឃឹមទាក់ទាញអ្នកទេសចរផងដែរ៕ (កែសម្រួលដោយ ៖ បុប្ផា) (ប្រភពវីដេអូ ៖ Le Huffington Post)
ចែករំលែកព័តមាននេះ