ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា បង្ហាញ​រូបរាង​សំបក​កំប៉ុង​ថ្មី​របស់​ខ្លួន​លើ​ទីផ្សារ​កម្ពុជា


រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា បាន​បង្ហាញ​ជា​ផ្លូវការ​នូវ​រូបរាង​កំប៉ុង​ថ្មី​ស្រា​បៀរ​កម្ពុជា ក្រោម​វត្តមាន​ចូលរួម​ពី​ដៃគូរ​ចែកចាយ​និង​អ្នកលក់​បន្ត​របស់​ខ្លួន នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ពិធី​ប្រកាស​បង្ហាញ​នេះ បាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី ០៣ ធ្នូ ២០១៩ នៅ​សណ្ឋាគារ ហ្កា​ដិ​ន​ស៊ី​ធី ព្រែក​ព្នៅ ។

នៅ​ក្នុង​ពិធីជប់លៀង​ប្រកាស​ផ្លូវការ​នោះ លោក​ឧកញ៉ា លាង ឃុន ស្ថាបនិក និង ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​មាន​ប្រសាសន៍​ថា «​រូបរាង​ថ្មី ហើយ​ទាន់សម័យ​របស់​កំប៉ុង​ស្រា​បៀរ​កម្ពុជា​សក្តិ​សម​បំផុត​សម្រាប់​ការ​ជួបជុំ និង​កម្មវិធី​ជប់លៀង​ផ្សេង​ៗ​របស់​ពលរដ្ឋ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ ដោយសារ​តម្រូវការ​របស់​ពួក​គេ​ចាប់ផ្តើម​ទាមទារ​អ្វី​ថ្មី បន្ថែម​ពីលើ​គុណភាព​ស្រា​បៀរ​ដែល​ពួក​គេ​ធ្លាប់​ពិសា និង រង្វាន់​ដែល​ពួក​គេ​ធ្លាប់​ទទួល​បាន ។

ដោយឡែក​លោក​ឧកញ៉ា លាង ពៅ អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ជា​ក្រុមហ៊ុនផលិត​ស្រាបៀរ​កម្ពុជា បាន​បកស្រាយ​លម្អិត​ពី​រចនាបថ​រូបរាង​ថ្មី​ស្រា​បៀរ​កម្ពុជា​នេះ​ផង​ដែរ​ថា «​រចនា​បថ​​ថ្មី​នេះ ត្រូវ​បាន​រចនា​ឡើង​ដោយ​ផ្សំផ្គុំ​ពី​រូបគំនូរ​រចនា​បែប​ខ្មែរ​ស៊ី​វិ​ល័យ​ដោយ​លាយ​ប​ញ្ជូ​ល​រូប​ស្រូវ​សាលី និង ផ្កា​ហប ដើម្បី​បង្ហាញ​ពី​ទំនុកចិត្ត ទំនើប និង​ភាព​ទាន់សម័យ​របស់​ស្រា​បៀរ​កម្ពុជា ហើយ​រក្សា​នូវ​អត្តសញ្ញាណ​ផលិតផល​ដែល​មានគុណ​ភាព​តំណាង​ផលិតផល​ប្រទេស​កម្ពុជា​តាម​រយៈ​រូបគំនូរ​ផ្កាចន្ទន៍ និង ឈ្មោះ​ប្រទេស​កម្ពុជា​ជា​ភាសា​អង់គ្លេស ។

លោក​ឧកញ៉ា​បន្ថែម​ទៀត​ថា ទម្រង់​ចតុកោណកែង​ទោល​ឆ្ពោះទៅ​មុខ ដែល​មាន​ផ្ទៃ​ពណ៌​ក្រហម និង ឈ្មោះ​ប្រទេស​កម្ពុជា​ជា​ភាសារ​អង់គ្លេស​នៅ​កណ្តាល​នោះ គឺ​យើង​ចង់​បង្ហាញ​ថា ស្រា​បៀរ​កម្ពុជា​នឹង​រួម​ដំណើរ​ជាមួយ​ពលរដ្ឋ​កម្ពុជា​ជា​និច្ច ដើម្បី​ឆ្ពោះទៅ​រក​ភាព​រីក​ចម្រើន​ទាំង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ និង អនាគត ។ រូប​សញ្ញា​សំខាន់​ចុង​ក្រោយ​នោះ គឺ​អក្សរ «C» ក្នុង​រង្វង់​នៅ​ពី​ខាងលើ​នោះ គឺ​ឆ្លុះ​បញ្ចាំង​អំពី​ឧត្តមភាព និង គុណ​តម្លៃ​នៃ​ម៉ាក​សញ្ញា​នៃ​ផលិតផល​ស្រា​បៀរ​កម្ពុជា ។

លោក​ឧកញ៉ា​ក៏​បាន​បកស្រាយ​ពី​រង្វាន់​ដែល​អតិថិជន​នឹង​មានឱកាស​ឈ្នះ​ពី​ក្រវិល​កំប៉ុង​រូបរាង​ថ្មី​នៃ​ស្រា​បៀរ​កម្ពុជា​នេះ រួម​មាន​ឡាន​ទំនើប​ម៉ាក Porsche Cayenne 2020 រហូត​ទៅ​ដល់​ចំនួន​១២​គ្រឿង​, ឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​អង់គ្លេស​, ទឹកប្រាក់​សុទ្ធ ៥០ លាន​រៀល​, ៥ លាន​រៀន​, ១០​ម៉ឺន​រៀល​, ៥​ម៉ឺន​រៀល និង រង្វាន់​ជា​ច្រើន​ផ្សេង​ទៀត ។

ក្នុង​ឱកាស​នោះ ថ្នាក់ដឹកនាំ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ដៃគូ​ចែក​ចាយ និង អ្នកលក់​បន្ត ស្រា​បៀរ​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​ជំរុញ​ផលិតផល​នេះ​អោយ​ដល់​ដៃ​អ្នក​ប្រើប្រាស់​ផ្ទាល់ និង​ចំពោះ​ការ​គាំទ្រ​ពី​ពលរដ្ឋ​កម្ពុជា​ដែល​បាន​ផ្តល់​ទំនុកចិត្ត​លើ​គុណភាព និង​រសជាតិ​ស្រា​បៀរ​កម្ពុជា កន្លង​មក​ផង​ដែរ ទើប​ស្រា​បៀរ កម្ពុជា​បាន​ក្លាយជា​ផលិតផល​ដែល​នាំមុខ​គេ ក្នុង​វិស័យ​ស្រា​បៀរ​នា​ពេល​បច្ចុប្បន្ន ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ