ខេត្តក្រចេះ ៖ តបទៅនឹងការលើកឡើងជាមតិរិះគន់ពីសាធារណជនពិសេសអ្នកនិយម លេងកីឡាទៅលើទីតាំងបរិវេណពហុកីឡារដ្នានខេត្តដែលមានទីតាំងនៅកណ្តាលទីប្រជុំ ជនក្រុងក្រចេះថា គ្មានសណ្តាប់ធ្នាប់បរិស្ថានតាមស្តង់ដារក៏ព្រោះតែមិនមានការយកចិត្តទុកដាក់ពីអាជ្ញាធរនោះ ។
ប្រធានមន្ទីរអប់រំខេត្តបានបញ្ជាក់ថា ផ្នែកខ្លះត្រូវបានរៀបចំរួចរាល់ ហើយផែនការរៀបចំទាំងមូល គឺលោកបានស្នើរគម្រោងទៅថ្នាក់លើជារៀងរាល់ឆ្នាំ តែផែនការពីខាងលើលើគម្រោងជួសជុលឬកែលម្អគឺនៅមិនទាន់មានភាពឱ្យជាក់លាក់នៅឡើយទេ ។
សាធារណៈជនពិសេសអ្នកនិយមលេងកីឡាបានធ្វើការរិះគន់តាមរយៈការបង្ហោះតាមបណ្តាញសង្គមដោយបាននិយាយថា ទីលានពហុកីឡាដ្ឋានខេត្តក្លាយជាតំបន់ចាក់សំរាមកន្លែងឃ្លាលគោក្របី និងកន្លែងបន្ទោបង់ជាដើម ។ ហើយស្ថានភាពបែបនេះកើតមានជាច្រើនឆ្នាំមកហើយតែមិនមានអាជ្ញាធរណាមួយធ្វើការកែលម្អឱ្យមានស្តង់ដារនោះទេ ។
ជាមួយនឹងការលើងឡើងនេះលោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡា បានអះអាងឲ្យដឹងនៅថ្ងៃទី៤ ខែធ្នូ នេះថា កន្លែងខ្លះត្រូវបានសម្អាត និងកែលម្អ ហើយផ្នែកខ្លះដូចជាកន្លែងវាយសី ផ្នែកបាល់ទះ គឺមន្ទីរអប់រំកំពុងតែបង្កើតឡើង ។ លោកអះអាងទៀតថា ខាងមន្ទីរកំពុងតែស្នើរសុំទៅក្រសួងដើម្បីជួសជុល និងកែលម្អរ ទីតាំងពហុកីឡាដ្ឋាទាំងមូលនេះ ។
ពហុកីឡារដ្ឋានខេត្តក្រចេះមានទីតាំងនៅកណ្តាលក្រុងក្រចេះមានផ្ទៃដីធំ និងមាន របងថ្មព័ទ្ឋជុំវិញ តែសព្វថ្ងៃនៅជុំវិញរបងពហុកីឡារដ្ឋានត្រូវបានជួលឱ្យអាជីវករដាក់តូប លក់ដូរនំចំណីគ្មានសណ្តាប់ធ្នាប់ស្ទើរបំបិទក្លោងទ្វាកីឡារដ្ឋានជិតឈឹង ។ ចំណែកឯបរិវេណខាងក្នុងត្រូវបានវិនិយោគឲ្យទៅឯកជនបង្កើតជាកន្លែងលេងបាល់ទាត់បាលទះ និងបេតង់ជាដើម តែយ៉ាងណាក៏ម្ចាស់វិនិយោគនេះមិនទទួលខុសត្រូវលើការរៀបចំសណ្តាប់ធ្នាប់ខាងក្នុងនោះឱ្យមានរបៀបរៀបរយនោះទេ ពោលគឺភក់ជ្រាំសំរាមហើយការបន្ទោរបង់ធ្វើឡើងពាសវាលពាសកាលដោយសារគ្មានបង្គន់អនាម័យត្រឹមត្រូវ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ