ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​មហាសេដ្ឋី​ចាប់អារម្មណ៍​នឹង​ភព​ក្រៅ​ទៅ​វិញ?

4 ឆ្នាំ មុន

ខណៈ​ដែល​មហាសេដ្ឋី​ធំ​ៗ​មួយ​ចំនួន​ផ្តោត​ស្មារតី​លើ​វិស័យ​បច្ចេកវិទ្យា និង​ការ​ទិញ​លក់​អន​ឡាញ មហាសេដ្ឋី អេ​ឡុ​ន ម៉ាស់ (Elon Musk) រី​ឆាត ប្រេ​ន​សាន់ (Richard…

ខណៈ​ដែល​មហាសេដ្ឋី​ធំ​ៗ​មួយ​ចំនួន​ផ្តោត​ស្មារតី​លើ​វិស័យ​បច្ចេកវិទ្យា និង​ការ​ទិញ​លក់​អន​ឡាញ មហាសេដ្ឋី អេ​ឡុ​ន ម៉ាស់ (Elon Musk) រី​ឆាត ប្រេ​ន​សាន់ (Richard Branson) និង ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ចាប់អារម្មណ៍​នឹង​វិស័យ​អាវ​កាស​ទៅ​វិញ ។

លោក ម៉ាស ធ្លាប់​បាន​និយាយ​ថា «​មនុស្ស​យើង​ត្រូវ​តែ​ទៅ​អាវ​កាស​ប្រសិនបើ​យើង​ចង់​បន្ត​មាន​អរិយធម៌​ដែល​លូតលាស់​រីក​ចម្រើន​ទៅ​មុខ ។ ពួក​យើង​កំពុង​តែ​បំផ្លាញ​ពិភពលោក​យើង​ហើយ​» ។ កាលពី​កំឡុង​ពេល​សង្គ្រាមត្រជាក់ ការ​ប្រកួតប្រជែង​ទៅ​កាន់​ក្រៅ​ភព​នេះ កើត​មាន​ឡើង​តែ​រវាង​សហរដ្ឋអាមេរិក និង​សហព័ន្ធ​សូ​វៀត​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ប្រទេស​ចិន ឥណ្ឌា និង​អ៊ឺ​រ៉ុ​ប កំពុង​តែ​ខិតចូល​ក្នុង​វិស័យ​នេះ​កាន់តែ​ខ្លាំង​ហើយ ។

នៅ​សហរដ្ឋអាមេរិក​មាន​ក្រុមហ៊ុន​ធំ​ៗ​ចំនួន​បី​ដែល​នៅ​ក្នុង​វិស័យ​នេះ គឺ Blue Origin របស់​លោក បេ​សូ​ស Virgin Galactic របស់​លោក ប្រេ​ន សាន់ និង SpaceX របស់​លោក ម៉ាស់ ជាដើម ។
អ្នកជំនាញ​ផ្នែក​រុករក​លើ​អាវ​កាស​ម្នាក់ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​វិស្វកម្ម​នៅ University of Michigan បាន​និយាយ​ថា មហាសេដ្ឋី​ទាំង​បី​ខាងលើ​នេះ​ជា​មនុស្ស​ដែល​ខុស​គ្នា ប៉ុន្តែ​ត្រូវ​បាន​ជំរុញ​ឲ្យ​ងាក​មក​វិស័យ​នេះ ព្រោះតែ​មូលហេតុ​ដូច​គ្នា ។ ពួក​គេ​ស្ថិត​ក្នុង​ជំនាន់​មនុស្ស​ដែល​បាន​មើលឃើញ​បុរស​ទី​មួយ​ឈាន​ជើង​លើ​ព្រះ​ច័ន្ទ ដូច្នេះ​ពួក​គេ​មាន​អារម្មណ៍​ថា កាន់តែ​ចង់​ដឹង​បន្ថែម​ពី​ភព​ក្រៅ​ដទៃ ។

យ៉ាងណា​ក្តី អ្នកជំនាញ​មួយ​ចំនួន​និយាយ​ថា គម្រោង​របស់​មហាសេដ្ឋី​ទាំងនេះ​កំពុង​តែ​នាំ​យក​បញ្ហា​ផ្សេង​ៗ​ជា​ពិសេស​ទាក់ទិន​នឹង​ផ្នែក​ផ្លូវច្បាប់​ជាដើម ។ បច្ចុប្បន្ន​នេះ​សហរដ្ឋអាមេរិក​មិន​ទាន់​មានច្បាប់​ដែល​គ្រប់គ្រង​ការ​ធ្វើ​ដំណើរ​ទៅ​អាវ​កាស​ទេ ។

លើស​ពី​នេះ​ទៅ​ទៀត អ្នក​ដទៃ​ក៏​គិត​ថា​ការ​ផ្តោត​ស្មារតី​លើ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ភព​ដទៃ​ដូច​ជា​ភព​អង្គារ អាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​កាន់តែ​មិន​ខ្វល់ខ្វាយ​ពី​បញ្ហា​ដែល​ភព​ផែនដី​កំពុង​តែ​ប្រឈម​ជាដើម​ដូច​ជា​បម្រែបម្រួល​អាកាសធាតុ ។ ប៉ុន្តែ​សម្រាប់​អាជីវករ ប្រាកដ​ណាស់​ពួក​គេ​នឹង​មិន​លូកដៃ​ឡើយ​ប្រសិនបើ​អ្វី​ដែល​ពួក​គេ​ធ្វើ​មិន​អាច​រក​ចំណូល​បាន​ទាំងស្រុង ។ យោង​ទៅ​តាម Bryce Space amd Technology កាលពី​ឆ្នាំ ២០១៦ បាន​ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​ទាក់ទង​ទៅ​នឹង​អាវ​កាស​អាច​នឹង​មាន​ទំហំ​ប្រមាណ ៣៤៤.៥ ប៊ី​លាន​ដុល្លារ​ឯណោះ ដោយ​មាន​ប្រមាណ ១៣០ ប៊ី​លាន​ដុល្លារ​ជា​ទំហំ​របស់​វិស័យ​ផ្សេង​ៗ​ទាក់ទិន​នឹង​ផ្កាយ​រណប ។

ដូច្នេះ​វា​មិន​ភ្ញាក់ផ្អើល​ទេ​ដែល​មហាសេដ្ឋី​ទាំងនេះ​ចាប់ផ្តើម​ងាក​ទៅ​ចាប់អារម្មណ៍​ភព​ដទៃ​ទាំង​ដែល​ភព​ផែនដី​មានឱកាស​វិនិយោគ​ជា​ច្រើន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ