ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទ Borobudur ពេញ​និយម​សម្រាប់​​ទេសចរ​មើល​ថ្ងៃ​រះ ខណៈ​ភ្នំ​ភ្លើង Merapi ស្រស់​ស្អាត​ប្លែក

4 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី ៖ ប្រាសាទ​បូ​រ៉ូ​ប៊ូ​ឌូ​រ (Borobudur) និង​ភ្នំភ្លើង​មេ​រ៉ា​ពី (Merapi )​គឺជា​កន្លែង​ទេស​ចរណ៍​បែប​ផ្សងព្រេង​ផ្សេង​ទៀត​ដ៏​គួរ​ឱ្យ​ទាក់ទាញ​បំផុត​នៅ​ទីក្រុង​បុរាណ យុគ​យ៉ា​ការ​តា ប្រទេស​ឥណ្ឌូ​នេ​ស៊ី ។…

ឥណ្ឌូ​នេ​ស៊ី ៖ ប្រាសាទ​បូ​រ៉ូ​ប៊ូ​ឌូ​រ (Borobudur) និង​ភ្នំភ្លើង​មេ​រ៉ា​ពី (Merapi )​គឺជា​កន្លែង​ទេស​ចរណ៍​បែប​ផ្សងព្រេង​ផ្សេង​ទៀត​ដ៏​គួរ​ឱ្យ​ទាក់ទាញ​បំផុត​នៅ​ទីក្រុង​បុរាណ យុគ​យ៉ា​ការ​តា ប្រទេស​ឥណ្ឌូ​នេ​ស៊ី ។ នៅ​ទី​នេះ​គេ​និយម​ទស្សនា​ព្រះអាទិត្យ​រះ​នៅ​លើ​ប្រាសាទ Borobudur តែ​អ្នក​ទេស​ចរ​ត្រូវ​តែ​ក្រោក​ពី​ព្រលឹម​បន្តិច ទើបបាន​ទស្សនា​ព្រះអាទិត្យ​រះ​នេះ ជាក់ស្តែង​អ្នក​សារព័ត៌​មាន និង​អ្នកតំណាង​ភ្នាក់ងារទេសចរណ៍​របស់​ប្រទេស​កម្ពុជា ជា​ច្រើន​នាក់​បាន​ទៅ​ទីនោះ​តាម​រយៈ​កម្មវិធី FAMTRIP ដែល​រៀបចំ​ឡើង​ដោយ​ក្រសួងទេសចរណ៍​ឥណ្ឌូ​នេ​ស៊ី ។

បន្ទាប់​ពី​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ TENTREM ដ៏​ប្រណីត​ពួក​យើង​បាន​នាំ​គ្នា​ម្នីម្នា​ក្រោក​ពី​ព្រលឹម​មុន​ថ្ងៃ​រះ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រាសាទ Borobudur ដើម្បី​ឱ្យទាន់​ពេល​មើល​ព្រះអាទិត្យ​រះ និង​បន្ទាប់​មក​បន្តដំណើរ​ទៅ​ទស្សនា​ភ្នំភ្លើង​មេ​រ៉ា​ពី ផង​ដែរ ។ ខាងក្រោម​នេះ គឺជា​កន្លែង​ទេសចរណ៍​ពិសេស​ទាំង​ពីរ​ដែល​ពួក​យើង​បាន​ទៅ​ដល់ ៖

១-​ប្រាសាទ បូ​រ៉ូ​ប៊ូ​ឌូ​រ (Borobudur) ៖
Borobudur គឺជា​ប្រាសាទ​ព្រះពុទ្ធ​សាសនា​ធំ​ជាងគេ​បំផុត​នៅ​សតវត្សរ៍​ទី​៨ ដែល​មាន​ទំហំ ១២៣ គុណ​នឹង ១២៣ ម៉ែត្រ ។ ប្រាសាទ​នេះ មា​នទី​តាំងនៅ Magelang ចម្ងាយ ៩០ គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ទីក្រុង Semarang ឬ ៤២ គីឡូម៉ែត្រ​ភាគ​ពាយព្យ​នៃ​ទីក្រុង Yogyakarta ។

ប្រាសាទ Borobudur គឺជា​វិមាន​មួយ​ក្នុង​ចំណោម​វិមាន​បុរាណ​ដែល​ល្អ​បំផុត​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដែល​ត្រូវ​បាន​ទស្សនា​ជា​ញឹកញាប់​ដោយ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក និង​ភ្ញៀវ​ទេសចរ​បរទេស​​ជាង​មួយ​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ ។ ប្រាសាទ​នេះ ក៏​ត្រូវ​បាន​ពិភពលោក​ទទួលស្គាល់​ថា ជា​​បេតិកភណ្ឌ​វប្បធម៌​ដ៏​សំខាន់​ផង​ដែរ ដោយ​ត្រូវ​បាន​សាងសង់​បញ្ចប់​ជា​ច្រើន​សតវត្សរ៍​មុន​ប្រាសាទ​អង្គរវត្ត​នៅ​ប្រទេស​កម្ពុជា ។

Borobudur គឺជា​ប្រាសាទ​មួយ​ក្នុង​ចំណោម​ប្រាសាទ​ល្បី​ៗ​នៅ​លើ​ពិភពលោក ដែល​ឈរ​យ៉ាង​ខ្ពស់​នៅ​លើ​កំពូលភ្នំ​មើលទៅ​មាន​ពណ៌​បៃតង​ខៀវស្រងាត់ ។ Borobudur ត្រូវ​បាន​សាងសង់​ពី​ថ្ម​ពណ៌​ប្រផេះ andesite ហើយ​មាន​ផ្ទៃរាប​ស្មើ​ចំនួន ៧ ថ្នាក់ ដែល​ថ្នាក់​នីមួយ​ៗ​តូច​ជាង​ថ្នាក់​នៅ​ពីក្រោម ។

កំពូល​ប្រសាទ​ជា​គឺជា​មហា​ចេតិយ​ដែល​មាន​កម្ពស់ ៤០ ម៉ែត្រ ។ ជញ្ជាំង​ប្រាសាទ Borobudur ត្រូវ​​បាន​គេ​ឆ្លាក់​រូប​ជា​ចម្លាក់​លៀន​ស្រាល​ៗ ដែល​លាតសន្ធឹង​លើ​ប្រវែង​សរុប ៦ គីឡូម៉ែត្រ ។

កាន់តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​អ្នកទេសចរ​ត្រូវ​ក្រោកពីដំណេក​ពេល​ព្រលឹម ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រាសាទ Borobudur ឱ្យ​បាន​មុន​ថ្ងៃ​រះ ដើម្បី​រង់ចាំ​មើល​ព្រះអាទិត្យ​រះ​យ៉ាង​ស្រស់​ស្អាត ។ នៅ​ពេល​ទៅ​ដល់​ប្រាសាទ​ពួក​យើង​បានឃើញ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​នាំ​គ្នា​រង់ចាំ​ទស្សនា​ព្រះអាទិត្យ​រះ​នៅ​ពីលើ​ប្រាសាទ​នេះ ។

នៅ​ពេល​ព្រះ​អស​ទិ​ត្យ​ចាប់ផ្តើម​រះ គឺ​ពន្លឺ​ចាប់ផ្តើម​ភ្លឺ​ចែងចាំង​ខ្លាំង​ឡើង​ៗ​យ៉ាង​ស្រស់​ស្អាត ហើយ​អ្នកទេសចរ​រីករាយ​ជាមួយនឹង​ទិដ្ឋភាព​នេះ ព្រមទាំង​នាំ​គ្នា​ថតរូប​ភាព​ទុកជា​អនុស្សាវរីយ៍​នៅ​ទីនោះ​ផង​ដែរ ។ បន្ទាប់​ពី​មើល​ព្រះអាទិត្យ​រះ​រួច​ហើយ​នោះ​ពួក​យើង​នាំ​គ្នា​ដើរ​ទស្សនា​ប្រាសាទ Borobudur ទាំងមូល​យ៉ាង​ជក់ចិត្ត​តែ​ម្តង ។

២-​ទស្សនា​ភ្នំភ្លើង មេ​រ៉ា​ពី (Merapi) ៖
បន្ទាប់​ពី​មើល​ព្រះអាទិត្យ​រះ​នៅ​លើ​ប្រាសាទ Borobudur រួច​ហើយ គឺ​ដល់​ពេល​ស្រស់ស្រូប​អាហារ​ពេល​ព្រឹក​ល្មម ហើយ​ត្រូវ​បន្តដំណើរ​ទៅ​ទស្សនា​កម្អែល​ភ្នំភ្លើង​មេ​រ៉ា​ពី ដែល​នេះ​ជា​ជម្រើស​មួយទៀត​សម្រាប់​អ្នកទេសចរ ។

ការ​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ភ្នំភ្លើង​មេ​រ៉ា​ពី គឺ​អ្នកទេសចរ​ទាំងអស់​ត្រូវ​ជិះ​រថយន្ត Jeep ទៅ​កាន់​ទីនោះ​​ដោយ​ឆ្លងកាត់​ផ្លូវ​ដ៏​លំបាក​រលាក់​ធ្វើ​ឱ្យ​យើង​ទទួល​បាន​នូវ​បទ​ពិសោធន៍​ថ្មី​បែប​ជា​អ្នក​ផ្សង​ព្រេង​ផង​ដែរ ។ មុន​ទៅ​ដល់​កន្លែង​ទស្សនា​ភ្នំភ្លើង យើង​ត្រូវ​តែ​ចូល​ទស្សនា​សារមន្ទីរ​តូច​មួយ​ដែល​មានឈ្មោះ​ថា Sisa Hartaku ដែល​សារមន្ទីរ​ដ៏​សាមញ្ញ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​គ្រួសារ​តូច​មួយ​របស់​លោក Kimin និង អ្នកស្រី Wati ។ សារមន្ទីរ Sisa Hartaku តូច​មួយ​នេះ បាន​ដាក់​តាំង​បង្ហាញ​អំពី​របស់របរ​ប្រើប្រាស់​នៅ​ក្នុងផ្ទះ​របស់​ពួក​គេ​ដែល​នៅ​សេសសល់​ពី​ការ​បំផ្លាញ​ដោយ​កម្អែល​ភ្នំភ្លើង​មេ​រ៉ា​ពី ។

ផ្ទះ​របស់​លោក Kimin និង អ្នកស្រី Wati បាន​រង​នូវ​ផល​ប៉ះពាល់​ដោយ​ការ​ផ្ទុះ​ភ្នំភ្លើង​មេ​រ៉ា​ពី​នៅ​ក្នុង​ឆ្នាំ ២០១០ ក្រោយមក​បាន​បង្កើត​ជា​សារមន្ទីរ​នេះ​ឡើង ដើម្បី​ឱ្យ​ប្រជាជន​យល់​ដឹង​អំពី​ការ​ផ្ទុះ​ឡើង​នៃ​ភ្នំភ្លើង​មេ​រ៉ា​ពី ។ របស់របរ​ផ្ទាល់ខ្លួន​ជា​ច្រើន​ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុម​គ្រួសារ​នេះ ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​សារមន្ទីរ​ដែល​មាន​ដូច​ជា ៖ ម៉ូតូ សម្លៀក​បំពាក់ កាំបិត​ផ្សេង​ៗ គ្រឿង​សង្ហា​រឹម សត្វ​ចិញ្ចឹម ទូរទស្សន៍ និង​របស់របរ​ជា​ច្រើន​ទៀត ។

បន្ទាប់​ពី​ទស្សនា​សារមន្ទីរ​រួច​ហើយ អ្នកទេសចរ​បន្តដំណើរ​តាម​រថយន្ត Jeep ឆ្លងកាត់​ភូមិ​មួយ​ចំនួន​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ផ្ទុះ​ភ្នំភ្លើង​មេ​រ៉ា​ពី ។ ឥឡូវនេះ​ភូមិ​ខ្លះ​ត្រូវ​បាន​អ្នកស្រុក​ធ្វើស្រែ ហើយ​នៅ​ក្នុងភូមិ​ទាំងនេះ អ្នកទេសចរ​នឹង​ឃើញ​មាន​អគារ​ខ្លះ​ដែល​គេ​បោះបង់​ចោល​នៅ​កណ្តាលវាល​ទាំងនេះ​ផង​ដែរ ។

បន្ទាប់​ពី​ជិះ​រថយន្ត​ឆ្លងកាត់​ផ្លូវ​ដ៏​លំបាក​ហើយ​នោះ យើង​ក៏​បាន​ទៅ​ដល់​កៀក​កន្លែង​ទស្សនា​ភ្នំ​ភ្លើង​មេ​រ៉ា​តែ​ម្តង ។ នៅ​ទីនោះ​អ្នកទេសចរ​ពិតជា​មាន​អារម្មណ៍​ប្លែក ព្រមទាំង​អាច​ទស្សនា​ភ្នំភ្លើង​មេ​រ៉ា​ជាមួយនឹង​ទេសភាព​ដ៏​ស្រស់​ស្អាត ហើយ​ថតរូប​ទុកជា​អនុស្សាវរីយ៍​ផង​ដែរ ។

បន្ទាប់​ពី​ហត់នឿយ​ពី​ការ​កម្សាន្ត​បែប​ផ្សងព្រេង​ហើយ​នោះ ពួក​យើង​បាន​ត្រឡប់​មក​សម្រាក​នៅ​ក្នុង​សណ្ឋាគារ រួច​ហើយ​ទទួលទាន​អាហារ​ពេល​ល្ងាច​ជុំ​គ្នា​យ៉ាង​រីករាយ ។ ពេល​រាត្រី​បាន​ចូល​មក​ដល់​ពួក​យើង​បាន​នាំ​គ្នា​ទៅ​ទស្សនាការ​សម្តែង​របាំ​រឿង​រាមាយណៈ ឬ​រឿង​រាមកេរ្តិ៍ គឺ​ពិតជា​អស្ចារ្យ​មែនទែន ជាមួយ​ឈុត​ឆាក​សម្តែង​របាំ​ដ៏​រស់​រវើក​គួរ​ជាទី​ទស្សនា​កម្សាន្ត ហើយ​រោង​មហោ​ស្រព​សម្តែង​របាំ​ដែល​ផ្អែក​លើ​រឿង​រាមាយណៈ គឺ​ស្ថិត​នៅ​ក្បែរ​ប្រាសាទ Prambanan ។ នៅ​ទីនោះ​មាន​អ្នករបាំ​អាជីព និង​តន្ត្រីករ​ក្នុងស្រុក​ជាង ២០០​នាក់​បាន​រួម​គ្នា​សម្តែង​របាំ​នេះ​ឡើង​នៅ​ត្រង់​ឈុត​ព្រះ​រាម​ទៅ​ជួយ​នាង​ស៊ី​តា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ