ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ក្រុមចោរមួយក្រុមមានគ្នាប្រមាណជិត០៥នាក់បានធ្វើសកម្មភាពចូលគាស់ទូដែកក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់យកទ្រព្យសម្បត្តិជិត៤ម៉ឺនដុល្លារ រួចរត់គេចខ្លួន ដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០២ ខែធ្នូនេះ នៅចំនុចក្នុងរោងចក្រ Eminent Garment (ខេមបូឌា ហ្គាឌិន លីមីតធីត) ភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។
សេចក្តីរាយការណ៍បានបន្តជនរងគ្រោះឈ្មោះ Peng Hao Jun ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន មុខរបរនាយកគ្រប់គ្រងរោងចក្រ ទីលំនៅបច្ចុប្បន្នភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។ ជនសង្ស័យមានចំនួន៣នាក់ រត់គេចខ្លួនមិនស្គាល់អត្តសញ្ញាណ ។
សម្ភារបាត់បង់ខូចខាតមាន ខូចទូដែកចំនួន០១គ្រឿង បាត់ប្រាក់ដុល្លារ៣១.៥៧២ដុល្លារ ។ វត្ថុតាងចាប់យក បំណែកទូដែកចំនួន០១គ្រឿង ។
លោក លន ចន្ថារ អធិការរងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា នៅថ្ងៃ០២ ខែធ្នូ មានជនមិនស្គាល់អត្តសញ្ញាណ៣នាក់បានចូលមកក្នុងអគាររោងចក្រ ហើយធ្វើសកម្មភាពគាស់ទូដែកលួចយកប្រាក់អស់ចំនួន៣១.៥៧២ដុល្លារ ។
ក្រោយទទួលបានព័ត៌មានកម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្ត្រខេត្តសហការកម្លាំងព្រហ្មទណ្ឌខេត្តស្រុក និងប៉ុស្តិ៍រដ្ឋបាលធ្វើការពិនិត្យកន្លែងកើតហេតុ និងស្រាវជ្រាវរកមុខសញ្ញាសង្ស័យ ដើម្បីចាត់ការតាមនីតិវិធី ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ