ច្រាន​ចោលការ​ចោទប្រកាន់​តាម​បណ្តាញ​សង្គម ដី​40​ហិ​កតា​មិន​បាន​លក់​ឱ្យ​វៀត​ណាម​​នោះ​ទេ


ខេត្តកំពង់ឆ្នាំង ៖ ដី​៤០​ហិ​កតា​នៅ​កំពង់ឆ្នាំងមិនមែន​លក់​ឲ្យ​ជនជាតិ​បរទេស​ទេ គឺជា​កិច្ចការ​រៀបចំ​អន្តោ​ប្រវេសន៍ សូម​ពិនិត្យ​មើល​ច្បាប់​នៅក្នុង​រដ្ឋធម្មនុញ្ញ ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោកសន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ក្នុង​កម្មវិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០១៩-២០២០ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង នា​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា​កន្លង​មកនេះ ដោយ​មានការ​ចូលរួម​ពី​លោក​ងួ​ន រត​នះ អភិបាលខេត្ត​បាត់ដំបង ជាមួយ​សិស្សានុសិស្ស​ចំនួន​៣២៨​នាក់​ក្នុងចំណោម​៦៤៣​នាក់ ។

ចំពោះ​សភាពការណ៍​ថ្មី​ៗ​ដែល​កំពុង​កើត​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ផុលផុស​ក្នុង​បណ្តាញ​សង្គមហ្វេ​ស​ប៊ុ​ក​នោះ លោក​សន្តិ​បណ្ឌិត​បាន​លើក​ឡើងថា ប្រទេស​កម្ពុជា​មហា​សេរី​ក្នុង​ការ​ប្រើប្រាស់បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ ចំពោះ​ដី​៤០​ហិ​កតា​នៅ​ខេត្តកំពង់ឆ្នាំង ដោយ​មានការ​ចោទប្រកាន់​ថា បាន​លក់​ឲ្យ​បរទេស​(​យួន​) ម្តេច​ក៏​ងាយ​បំពុលម្ល៉េះ ? សូម​ពិនិត្យ​មើល​តាម​ច្បាប់​ដែល​មាន​ចែងនៅ​ក្នុង​រដ្ឋធម្មនុញ្ញ ចំពោះ​ជនអន្តោប្រវេសន៍​គឺ
មាន​​សិទ្ធិ​តែ​ជួល​រស់នៅ​ប៉ុណ្ណោះ គ្មាន​សិទ្ធិ​កាន់កាប់​ទេ ហើយ​មុន​និង​ជួល​ក៏​ត្រូវ​ពិនិត្យ​មើល​ដែរតើ​ជន​នោះ​មាន​ឯកសារ​ត្រឹមត្រូវ​តាម​ច្បាប់​ដែរ​ឬទេ ? បើ​គ្មាន​ទេ​គឺ​ចាប់​បញ្ជូន​ទៅ​ស្រុក​វិញ​អស់ហើយ​មិន​ទុក​ទេ ។

លោក​ថ្លែង​ថា មិន​ដូច​ការ​លើកឡើង​ពី​ចំនួន​ជនជាតិ​វៀតណាម​ប្រមាណ​៥​ម៉ឺននាក់ តែ​ពេល​ចុះ​ត្រួតពិនិត្យ​ជាង​២​ម៉ឺន​នាក់​ដែល​ភាគច្រើន​មានច្បាប់​អន្តោ​ប្រវេ​ស្តន៍​សុំ​សិទ្ធិរស់នៅ អ្នកខ្លះ​មាន​កាត​កាន់​សុំ​រស់នៅ​តាំងពី​ឆ្នាំ​១៩៥៦​មក​ម្ល៉េះ ហើយ​បើ​ពួក​គេ​គ្មាន​អ្វី​ទេគឺ​ចាប់​បញ្ជូន​ទៅ​ស្រុក​គេ​វិញ​អស់ហើយ ។ ដូច្នោះការ​ផ្សាយ​ទាំងនោះ​សុទ្ធតែ​ជា​ការ​បំផ្លើស​ទាំងអស់សូមកុំ​មានការ​យល់​ច្រឡំ ហើយ​ដី​នោះ​ជា​ដី​របស់ រដ្ឋ​សម្បទាន​ទៅ​ឲ្យ​ឯកជន​ជួល សម្រាប់​ជន​អន្តោ ប្រវេ​ស្តន៍​ដែល​ត្រូវការ​រៀប​ចំការ​រស់នៅ កុំឱ្យ​ប៉ះពាល់​បរិស្ថាន​ក្នុង​ទឹក​ទន្លេ​ឲ្យ​មក​ឡើងគោក​វិញ ។ ម្ល៉ោះហើយ​ជនអន្តោប្រវេសន៍​គ្មាន​សិទ្ធិ​អាច​ទិញ​ដី​នោះ​កាន់កាប់​រស់នៅ​បាន​ឡើយ ។

មុន​នេះ​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង បាន​ជម្រុញ​ឲ្យក្រុមហ៊ុន​ម៉ៅ​ការ​ចាក់​ដី ព​ន្លឿ​ន​ការងារ​របស់​ខ្លួនដើម្បី​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ទីតាំង​ភូមិ​ថ្មី​មួយដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ដែល​អាច​អនុញ្ញាត​ឲ្យ​អ្នក​ដែល​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​អាច​ទៅ​រស់នៅ​បាន ។ ក៏​ប៉ុន្តែ​ការត្រៀម​ដី​៤០​ហិ​កតា សម្រាប់​ទទួល​អ្នក​រស់នៅ​លើផ្ទះ​បណ្តែត​ទឹក ដែល​រួម​មាន​ជនជាតិ​វៀតណាម ខ្មែរឥស្លាម និង​ពលរដ្ឋ​ខ្មែរ​ខ្លះ​ផង​នោះ​បាន​រង​នូវ ការ​រិះគន់ ថា​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​កាត់​ដី​ឲ្យ​វៀត ណា​ម ។ ក៏​ប៉ុន្តែ​ការ​ចោទប្រកាន់​នេះ​ត្រូវ​អាជ្ញាធរ
បដិសេធ​យ៉ាង​ដាច់​អហ​ង្ហា​រ ។ អភិបាលរង​ខេត្តកំពង់ឆ្នាំង លោក​ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធ បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង កាលពី​ថ្ងៃ​ពុធស​ប្តា​ហ៍​កន្លង​ទៅ​នេះ​ថា ការ​រៀបចំ​បំ​លាស់​ទី​ប្រជាជន ដែល​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ប្រមាណ​ជាង​៤​ពាន់​គ្រួសារ គឺជា​ការ​ធ្វើ​ឡើង​ដោយ​ការ​ស្ម័គ្រចិត្ត ។

អ្នក​តាមដាន​សង្គម​មួយ​ចំនួន និង​អ្នក​ដែលមាន​និន្នាការ​ប្រឆាំង​នយោបាយ​របស់​រាជរ​ដ្ឋា​ភិបាល​កម្ពុជា បាន​ធ្វើការ​រិះគន់​និង​ចោទប្រកាន់​ថា​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង បាន​កាត់​ដី​ឲ្យ​វៀតណាម តាម​រយៈ​ការ​ត្រៀម​ដី​ចំនួន​៤០​ហិច​កតា នៅ​ក្នុង​ខេត្ត​នេះ​សម្រាប់​ឲ្យ​ពលរដ្ឋ ដែល​រស់នៅ​លើ​ទឹក តាំងទី​លំនៅ​ថ្មី​នៅ​លើគោក ។
លោក​ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលរង​ខេត្ត​កំពង់ឆ្នាំង ពន្យល់​ថា​ការ​បំ​លាស់​ទី​អ្នក​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ឲ្យ​ទៅ​នៅ​លើគោក គឺជា​ការ​គិតគូរ​ពី ហេតុផល​បរិស្ថាន ភាព​ប្រសើ​ឡើង​នៃ​ការ​រស់នៅរបស់​មនុស្ស និង​ធ្វើ​ទៅ​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ ។ អភិបាលរង ដែល​ជា​ប្រធាន​គណៈកម្មការបំ​លាស់​ទី​ប្រជាជន​ផ្ទះទឹក បញ្ជាក់​ថា​ចំណាត់ការ​របស់​រដ្ឋបាល​ខេត្ត មិនមែន​ជា​ការ​កាត់​ដី​ឲ្យ​យួន​នោះ​ទេ ដោយហេតុ​ថា​នៅ​លើគោក​ក៏​ជា​ដី​ខ្មែរ និង​នៅ​ក្នុង​ទឹក​ក៏​ជា​ដី​ខ្មែរ​ដែរ ។

សូម​បញ្ជាក់​ថា​វត្តមាន​របស់​ប្រជាជន ដែល​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក ដែល​ក្នុង​នោះ​មាន​ចំរុះ​ជា​ជនជាតិ​វៀតណាម ខ្មែរឥស្លាម និង​ពលរដ្ឋ​ខ្មែរដែរ​នោះ បាន​ធ្វើ​ឲ្យ​បរិស្ថាន​ទឹក​បឹង​ទន្លេសាប រងនូវ​ការ​បំពុល និង​គោក​រាក់​ដោយសារ​តែ​ការ​បន្ទោ​របង់ ការ​បោះ​កាក​សំណល់​ចូល​ទៅ​ក្នុង​ទឹកនិង​ការ​បង្ហូរ​ប្រេងម៉ាស៊ីន​ចូល​ទៅ​ក្នុង​ទឹកជា​ដើម ។ ស្ថានភាព​បែប​នេះ តម្រូវ​ឲ្យ​មានការ​ស្តារ​ឡើង​វិញ​នៃ​បរិស្ថាន​បឹង​ទន្លេសាប និង​ធ្វើ​ឲ្យ​ប្រសើរ​នូវ​កំណើន​ត្រី​ទឹកសាប​ឡើង​វិញ ខណៈ​បឹង​ទន្លេ​ង​សាប​ជា​ជ​ង្រុ​គ​ត្រី​ដ៏​សំខាន់​បំផុត​របស់​ប្រទេស​កម្ពុជា ។

យោង​តាម​អ្នកនាំពាក្យ​សាលាខេត្ត​កំពង់ឆ្នាំង បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ខាងលើ​ដោយ​បាន​គូសបញ្ជាក់​ថា ៖
១-នៅ​តាម​ទន្លេសាប​ក្នុង​ខេត្តកំពង់ឆ្នាំង កន្លងមក​មាន​ប្រជាពលរដ្ឋ ខ្មែរ​-​ខ្មែរឥស្លាម និង​អន្តោប្រវេសន៍​​វៀតណាម រួម​ទាំង​មូលដ្ឋាន​អាជីវកម្ម​ផ្សេង​ៗ​មួយ​ចំនួន​ផង មាន​ប្រមាណ​៣៨៥១​ខ្នង
ផ្ទះ​ស្មើនឹង​ប្រមាណ​៤៥៦៣​គ្រួសារ បាន​រស់នៅ​លើ​ផ្ទៃ​ទឹកទន្លេ​សាប ជា​ប្រភេទ​ផ្ទះ​បណ្ដែត​ទឹក នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​-​សង្កាត់​ចំនួន​៩ ។

២-យោង​តាម​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​រាជធានី ខេត្ត ក្រុង ខណ្ឌ និង​ដោយ​មានការ​ឯកភាព​ពី​ថ្នាក់លើ​ក្រុម​ប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្តកំពង់ឆ្នាំង បាន​ដាក់​ចេញ​ផែនការ​រៀបចំ​ឲ្យ​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​ទាំងអស់ បន្លាស់​ទី​មក​តាំង​ទីលំនៅ​លើគោក​វិញ គិតទាំង​ប្រជាពលរដ្ឋ​ខ្មែរ​-​ខ្មែរឥស្លាម និង​ជន​អន្តោប្រវេសន៍​វៀតណាម​ផង​ដែរ ។ ក្នុង​គោលបំណង​ថែរក្សា​ទន្លេសាប ថែរក្សា​បរិស្ថាន​ទឹក ថែរក្សា
ជីវចំរុះ និង​ធនធានធម្មជាតិ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ។

៣-រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​ក៏​បាន​ទទួល​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​រដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ​ឲ្យ​ចាត់ចែង​អនុវត្ត​ផែនការ​នេះ​ឱ្យ​បាន​ហ្មត់ចត់ ទាន់​ពេលវេលា​និង​ប្រុង​ប្រយ័ត្ន​ខ្ពស់ ស្រប​តាម​ច្បាប់​ព្រះរា​ជាណាចក្រ​កម្ពុជា និង​ច្បាប់​អន្តរជាតិ​ផង​ដែរ ព្រមទាំង​ខិតខំ​ដោះស្រាយ​សេវារដ្ឋបាល​នៅ​កន្លែង​ថ្មី​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ ។

៤-នៅ​ពេល​រដ្ឋបាល​ខេត្ត​ចាប់ផ្ដើម​អនុវត្តគម្រោង​នេះ លោកស្រី រ៉ូ​ណា​ស្មី​ត អ្នករាយការណ៍ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៃ​អង្គការសហប្រជាជាតិ និង​ក្រុមការងារ​របស់​លោកស្រី បាន​អញ្ជើញ​មក​ពិនិត្យ​តាមដាន​និង​ឃ្លាំមើល ដោយ​យកចិត្តទុកដាក់​បំផុត ជា​ពិសេស​ពាក់ព័ន្ធ​ជាមួយ​កិច្ចការ ការពារ​សិទ្ធិ​មនុស្ស​ជា​សំខាន់។
ក្នុង​ពេល​ជួប​ធ្វើការ​ជាមួយ​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​លោកស្រី រ៉ូ​ណា​ស្មី​ត បាន​សង្កត់ធ្ងន់ ឲ្យ​រដ្ឋបាល
ខេត្ត យកចិត្តទុកដាក់​រៀបចំ​ការងារ​នេះ​ឲ្យ​បាន​ល្អប្រសើរ​ដូច​ជា​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​ស្អាត ភ្លើង​អគ្គី​ស​នី សាលារៀន សុខាភិបាល​សន្តិសុខ និង​គោរព​ទំនៀមទំលាប់​ប្រពៃណី ។​ល​។

៥-លើក​ជា​សំណួរ​ថា​៖ បើ​មិន​ឲ្យ​ប្រជា​ពលរដ្ឋ​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក ដែល​ពួក​គាត់​កំពុង​រស់នៅ​តើ​ផែនការ​រដ្ឋបាល​ខេត្ត​ឲ្យ​ពួក​គាត់​រស់នៅឯណា ។ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​សូម​បញ្ជាក់​ជូន​ដូច​តទៅ ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ និង​ខ្មែរឥស្លាម​មួយ​ចំនួន ពួក​គាត់​ត្រូវ​បន្លាស់​ទី​ផ្ទះទឹក​របស់​គាត់​ពី​ក្នុង​ទន្លេសាប​ឡើង​មក​តាំងទីលំនៅ​លើគោក​វិញ ដែល​ស្ថិត​នៅ​ភូមិ ឃុំ ស្រុករបស់​ពួក​គាត់ ស្រប​តាម​ការ​រៀបចំ​របស់​អាជ្ញាធរមូលដ្ឋាន ។ អាជ្ញាធរ​មូលដ្ឋាន​មាន​ភារកិច្ច​រៀបចំហេដ្ឋារចនាសម្ព័ន្ធ និង​ការ​ផ្ដល់​សេវា​នានា​ជូន​ពួកគាត់​ស្រប​តាម​ភូមិសាស្ត្រ​នីមួយ​ៗ ។

ដោយឡែក ​ចំពោះ​អន្តោប្រវេសន៍​វៀតណាម រួម​ជាមួយនឹង​ប្រជាពលរដ្ឋ​ខ្មែរ និង​ខ្មែរឥស្លាម​មួយ​ចំនួន​ទៀតពួក​គាត់​ជួប​ការ​លំបាក​ក្នុង​ការ​រក​កន្លែង​រស់នៅលើគោក ។ ដូច្នេះ​ដើម្បី​សម្របសម្រួល​ដោះស្រាយ
ឲ្យ​ដំណើរការ​ល្អ រដ្ឋបាល​ខេត្ត​បាន​សហការ​ជា​ដៃគូ​ជាមួយ​វិស័យ​ឯកជន ដែល​មាន​ដីស្រែ​ឡើងទឹក នៅ​ក្នុងភូមិ​ដំបូក​កកោះ ឃុំ​ស្វាយ​ជ្រុំ ស្រុករលាប្អៀរ ចំនួន​៤០​ហិ​កតា លើក​សំណើ​ជូន​រាជរដ្ឋាភិបាល ស្រប​តាម​នីតិវិធី​ធ្វើ​អនុ​ប​យោគ ដើម្បី អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​បាន​សម​ស្រប និង​រៀបចំ​តំបន់​នេះ​សម្រាប់​ប្រជាពលរដ្ឋ​អាច​រស់នៅ​បាន ។

ចំពោះ​ការ​ចូល​មក​រស់នៅ​លើ​ដីទីតាំង​៤០​ហិ​កតា​នេះ បើ​ពួក​គាត់​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ ឬ​ខ្មែរឥស្លាម គាត់​ចង់​មក​រស់នៅ ត្រូវ​ទិញក្នុង​តម្លៃ​សមរម្យ ។ ដោយឡែក​ ជន​អន្តោ​ប្រវេសន៍ វៀតណាម​គាត់​ត្រូវ​ជួល ស្រប​តាម​ច្បាប់​អន្តោប្រវេសន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ការ​ផ្ដល់សំណុំ​បែបបទ​នានា​ដល់​អន្តោប្រវេសន៍​វៀត​ណាមរដ្ឋបាល​ខេត្ត​អនុវត្ត​ច្បាប់ និង​គោលការណ៍ណែនាំ ។

៦-អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង សូម​បញ្ជាក់​បន្ថែម​ថា រដ្ឋបាល​ខេត្តកំពង់ឆ្នាំង មិន​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​តាំងទី​លំនៅ​អចិន្ត្រៃយ៍ ឬ​ធ្វើ​មូលដ្ឋាន​អាជីវកម្ម​ផ្សេង​ៗ​នៅផ្ទះ​បណ្ដែត​ទឹកទៀត​ទេ ។ អនុញ្ញាត​ឲ្យ​មាន​បែរ​ចិញ្ចឹម​ត្រី ដោយ​មិនមាន​លំនៅ​ដ្ឋា​ន​រស់នៅ​អចិន្ត្រៃយ៍​ប៉ុន្តែ​ត្រូវ រៀបចំ​តាម​បច្ចេកទេស​របស់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ។ រដ្ឋបាល​ខេត្ត​បន្ត​ជំរុញ​និង​រៀបចំ​ផែនការ​បន្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​យ៉ាង​ម៉ឹង​ម៉ាត់​រហូត​រួចរាល់​ជា​ស្ថាពរ ។ រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​សូម​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្ត អនុវត្ត​គម្រោង​ការងារ​នេះ​ឱ្យ​សម្រេច​បាន​លទ្ធផល​ល្អ ដើម្បី​រួមចំណែក​ការពារ​ទន្លេសាប បរិស្ថាន​ទឹក ជីវចំរុះ និង​ធនធានធម្មជាតិ​ឲ្យ​បាន​ល្អ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ។

៧-​សេចក្តីសន្និដ្ឋាន​រួម ការ​បន្លាស់​ទី ប្រជា​ពលរដ្ឋ រស់នៅ​ផ្ទះ​បណ្ដែត​ទឹក​ឲ្យ​ឡើង​រស់នៅ​លើគោក​គឺ​មាន​ន័យ​ថា យើង​ផ្លាស់​ប្ដូរ​ទីកន្លែង​រស់នៅ​របស់​ពួក​គាត់​ដែល​កំពុង​រស់នៅ ហើយ​ដែល​បញ្ហា​នេះ​ជាប់​ពាក់ព័ន្ធ​យ៉ាង​សំខាន់​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ មុខរបរ កូនចៅ​រៀនសូត្រ សុខភាព​សារ​ធារ​ណៈ ស្ត្រី​មាន​ផ្ទៃពោះ និង​តម្រូវការទឹក​ស្អាត អគ្គី​ស​នី ។​ល​។ អាស្រ័យ​ហេតុនេះ​ហើយទើប​រដ្ឋបាល​ខេត្ត​ត្រូវ​ចាត់វិធានការ​ឲ្យ​បាន ត្រឹមត្រូវ​និង​ដោយ​ប្រុង​ប្រយ័ត្ន ស្រប​តាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្រប​តាម​ច្បាប់​អន្តរ
ជាតិ ពិសេស​ច្បាប់​ស្ដី​ពី​សិទ្ធិ​មនុស្ស ។

ការ​ចាត់វិធានការ​ស្រប​តាម​ច្បាប់​ជាតិ​និង​ច្បាប់​អន្តរជាតិ​គឺ​ពិតជា​បាន ចូលរួម​ចំណែក​យ៉ាងធំធេង​ក្នុង​ការ​ជួយ​ឱ្យ​ប្រទេស​កម្ពុជា​ទទួល​បានការ​គាំទ្រ​យ៉ាង​ធំធេង​ពី​មជ្ឈដ្ឋាន​ជាតិ និង​សហគមន៍​អន្តរជាតិ ។ បើ​មិន​រៀបចំ​ទីកន្លែង​សមរម្យ​ពួក​គាត់​នឹង​បន្ត​រស់នៅ​ផ្ទះ​បណ្ដែត​ទឹក​ដដែល​ទៀត ហើយ​បញ្ហា​នៅ​តែ​មាន ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ