ជំនឿ​លើ​អ្នកតា​កប់​ជ្រៅ​ក្នុង​ចិត្ត​ប្រជាជន​ខ្មែរ​ជា​ច្រើន


ថ្វីបើ​បច្ចុប្បន្ន​ជា​សម័យកាល​ចម្រើន​ដោយ​ពហុ​បច្ចេកវិទ្យា​ដល់​ចំណុចកំពូល​យ៉ាងណា​ក្តី​ក៏​ផ្នត់គំនិត​មហាជន​ខ្មែរ​នៅ​តែ​មាន​ជំនឿ​បែប​អ​រូបិយ​ជឿ​លើ​ព្រលឹង​អ្នកតា​ដែលបានបាត់បង់ជីវិតទៅ​ហើយ​ថា​នឹង​នៅ​តែ​តាម​ថែរក្សា​កូនចៅ​ឱ្យ​បាន​សុខ​ចម្រុងចម្រើន​ផុត​គ្រោះ​ចង្រៃ​ផង​ទាំងពួង ។

សាស្ត្រាចារ្យ​នៅ​ពុទ្ធិក​សកល​វិទ្យាល័យ​លោក​យឹ​ម ហ៊ាន បាន​ពន្យល់​ថា រឿង​ជំនឿ​លើ​អ្នកតា​នេះ​ជនជាតិ​ខ្មែរ​យើង​មិន​អាច​កាត់​ផ្តាច់​បាន​ទេ​កុំ​ថា ឡើយ​អ្នកស្រុក​ស្រែ​ជនបទ សូ​ម្បី​តែ​អ្នក​រស់នៅ​ទីក្រុង​ដ៏​ស៊ី​វិ​ល័យ​ក៏​នៅ​តែ​ជឿ​លើ​អ្នកតា​ដែរ ។ ដូច​ភ័ស្ដុតាង​នៅ​ពេល​ធ្វើបុណ្យ​ឡើងផ្ទះ​, ស្រោច​ទឹក​លើករាសី , រំដោះគ្រោះ ឬ​ចាត់ចែង​ពិធី​មង្គលការ​ជាដើម គេ​តែងតែ​សែនព្រេន​ជា​តង្វាយ​ដល់​អ្នកតា ម្ចាស់​ទឹក​ម្ចាស់​ដី ដើម្បី​សុំ​សុខ​ចម្រុងចម្រើន​ដល់​កូនចៅ ។

ម្យ៉ាងទៀត កាលណា​មាន​មនុស្ស​ក្នុង​គ្រួសារ​ឈឺ ពិសេស​កូនចៅ​តូច​ៗ​នោះ​គេ​តែង​ទៅ​រក​គ្រូទាយ​បើ​ដឹង​ថា ត្រូវ​អ្នកតា​ធ្វើ​នោះ​គេ​ក៏​រៀបចំ​ចាត់ចែង​ពិធីសែនព្រេន​រៀប​តង្វាយ ដើម្បី​អង្វរ​លុនតួ​សុំ​ក្តី​ប្រោសប្រណី​ដល់​កូនចៅ សូម​ឱ្យ​បានជា​សះស្បើយ​ពី​ជំងឺ​ដ​ង្កា​ត់​នានា ។

បើ​តាម​ព្រះ​តេជគុណ សុខ គឹ​ម​លាង គង់នៅ​វត្ត​ចន្ទរង្សី ខេត្តកំពង់ឆ្នាំង​បាន​អះអាង​ថា ទីឋាន​នានា​របស់​អ្នកតា​ច្រើន​មាននៅ​តាម​ភូមិ តាម​វត្ដ​អារាម តាម​វាលស្រែ ចំការ ឬ​នៅ​តាម​ព្រៃ​ភ្នំ​ក្រំ​ថ្ម បឹងបួរ គេ​តែង​ប្រទះ​ឃើញ​ខ្ទម​អ្នកតា​ដែល​ជា​ធម្មតា​ច្រើន​នៅ​ក្រោម​ដើមឈើ​ធំ​ៗ ។ ជួនកាល​អ្នកតា​ទាំងនោះ​ត្រូវ​បាន​ដាក់​តាំងនៅ​ក្រោម​ដើមឈើ​ធំ​ណាមួយ​ដោយ​ពុំ​ចាំបាច់​មាន​ខ្ទម​ក៏​បាន​ដែរ ។

នៅ​ក្នុង​ខ្ទម​អ្នកតា​ជួនកាល​មាន​រូបតំណាង​អ្នកតា​ធ្វើ​អំពី​ថ្ម ឆ្លាក់ អំពី​ឈើខ្លឹម ខ្ទម​ប្រក់​ស្លឹក​ត្នោត ឬ​ដាក់​ដុំ​ថ្ម​ធំ​មាន​រាង​ប្លែក​អំពី​ដុំ​ថ្ម​ធម្មតា​ជា​រូបតំណាង ។ អ្នកតា​ទាំងនោះ​សុទ្ធតែ​មានឈ្មោះ ឧទាហរណ៍ អ្នកតា​ផេះ អ្នកតា​សេរី​វង្ស អ្នកតា​ឃ្លាំងមឿង អ្នកតា​ក្រហម​ក យាយ​ទេព យាយ​ដូនពេញ ជំទាវ​ម៉ៅ អ្នកតា​ដើម​ពោធិ៍ ។

ព្រះ​ថេរៈ​បញ្ជាក់​ថា រឿង​អ្នកតា​នេះ​ចាស់​ៗ​តែង​និយាយ​ត​ៗ​គ្នា​ថា អ្នកតា​នៅ​ភូមិ​ណា ជា​អ្នក​មើលថែ​រក្សា​អ្នកស្រុក​នៅ​ភូមិ​នោះ ។ ប៉ុន្តែ​បើ​មាន​អ្នក​ណា​ប្រព្រឹត្ត​អំពើ​ឆ្គាំឆ្គង​ទៅ​លើ​អ្នកតា ដូច​ជា​ចំអកចំអន់ បន្ទាបបន្ថោក មើលងាយ​ប្រមាថ គេ​អាច​នឹង​ទទួលទោស​ទណ្ឌ​ពី​អ្នកតា​ដូច​ជា គ្រុនក្ដៅ សន្ធំ ចុកពោះ ឡប់​ស្មារតី ចង់​តែ​រត់​ចេញពីផ្ទះ​ជាដើម ។ ជា​រួម​មក​ខ្មែរ​យើង​តែង​មាន​ជំនឿ​គោរព​ព្រលឹង​ដូនតា​ដែល​ជា​ជំនឿ​ដើម​របស់​ខ្មែរ​ដែល​គេ​ហៅ​ថា ជំនឿ​បែប​អ​រូបិយ​និយម គឺ​កើត​មាន​ជា​យូរយារ​ណាស់​មក​ហើយ តាំងពី​មុន​ព្រះពុទ្ធ​សាសនា​មក​ដល់​ម្ល៉េះ ៕ ដោយ សាន សា​រិ​ន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ