ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិនទាំងមូលកំពុងតែព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហារាំងស្ងួត ដែលបានអូសបន្លាយអស់រយៈពេលយ៉ាងយូរ ធ្វើឱ្យដំណាំពោត សណ្តែក ដំឡូងមី និងដំណាំផ្សេងៗមួយចំនួនទៀតស្ទើរតែស្វិតស្រពោនខូចខាតអស់ ។ ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ពួកគាត់ម្នាក់ៗ បានត្អូញត្អែរពីបញ្ហាដំឡូងមី រងការស្វិតស្រពោន អស់មួយចំនួន ។ ចាប់តាំងពីចុងខែមេសា រហូតមកដល់ថ្ងៃទី២៤ ខែឧសភា ២០១៤ នេះភ្លៀងមិនធ្លាក់មកនោះទេ ធ្វើឱ្យដំណាំពោត និងដំឡូងមី របស់ពួកគាត់មួយចំនួនធំបានខូចអស់ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិនបានរៀបរាប់ឱ្យដឹងថា ពួកគាត់ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែចាប់តាំងពីចុងខែមេសា រហូតមកដល់ជាងពាក់កណ្តាលខែឧសភា មានការរាំងភ្លៀងរយៈពេលយូរ ទើបបណ្តាលឱ្យដំណាំពោត និងដំឡូងមី របស់ពួកគាត់ក្លាយទៅជាស្វិតស្រពោន នៅចម្ការមួយចំនួនដែលទើបនឹងដាំនៅដើមខែឧសភា នេះ បានងាប់អស់ជាច្រើន ដោយសារក្តៅខ្លាំងជារៀងរាល់ថ្ងៃ ។ ចំណែកភ្លៀងវិញបង្អុរមកតិចតួច បណ្តាលឱ្យដីកាន់តែក្តៅខ្លាំងបង្កទៅជាចំហាយធ្វើឱ្យងាប់ដើមពោត និងដំឡូងមីតែម្តង ។ ប្រជាពលរដ្ឋបន្តទៀតថា ពួកគាត់ម្នាក់ៗបានដាក់ដាំដើមដំឡូងមីអស់រយៈពេលពីរដងរួចមកហើយ ដោយនាំគ្នារត់ទៅចងការពីធនាគារដើម្បីបានប្រាក់យកមកទិញដើមដំឡូងមីយក ទៅជួសនៅក្នុងចម្ការ ត្រង់កន្លែងដែលងាប់ដោយសាររាំងស្ងួតពេក ។
ប្រជាពលរដ្ឋបញ្ជាក់ទៀតថាបើសិនជាបន្តរាំងដូច្នេះរហូតទៅ ពួកគាត់ម្នាក់ៗគ្មានប្រាក់ដើម្បីទិញដើមដំឡូងមី យកមកជួសកន្លែងដែលងាប់ទេ ។ ប្រជាពលរដ្ឋបន្តព្រួយបារម្ភថា បើនៅតែរាំងភ្លៀងបែបនេះទៀត ដើមដំឡូងមីដែលបានលូតលាស់និងដើមដែលទើបនឹងដាំថ្មី អាចប្រឈមនឹងការងាប់ទាំងអស់ជាក់ជាមិនខាន ។
ចែករំលែកព័តមាននេះ