ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ទេវ​នាដ​ឯក​បុប្ផា​ទេវី សោយ​ទិវង្គត នរណា​ជា​តួឯក​អប្សរា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​ដឹង ឬ​ត្រូវ​ចាត់​ចំណាត់ថ្នាក់​ថា តើ​នរណា​នឹង​ក្លាយជា​តួអង្គ​អប្សរា​ឯក​ប្រចាំ​ប្រទេស​នៅឡើយ​ទេ បន្ទាប់​ពី​ទេវ​នាដ​ឯក​សម្ដេចព្រះរៀម​នរោត្តម បុប្ផា​ទេវី បាន​សោយ​ទិវង្គត​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ដោយ​ព្រះ​រោគាពាធ​។ បន្ទាប់​ពី​សម្តេចព្រះរៀម​នរោត្តម…

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​ដឹង ឬ​ត្រូវ​ចាត់​ចំណាត់ថ្នាក់​ថា តើ​នរណា​នឹង​ក្លាយជា​តួអង្គ​អប្សរា​ឯក​ប្រចាំ​ប្រទេស​នៅឡើយ​ទេ បន្ទាប់​ពី​ទេវ​នាដ​ឯក​សម្ដេចព្រះរៀម​នរោត្តម បុប្ផា​ទេវី បាន​សោយ​ទិវង្គត​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ដោយ​ព្រះ​រោគាពាធ​។

បន្ទាប់​ពី​សម្តេចព្រះរៀម​នរោត្តម បុប្ផា​ទេវី គឺ​នៅ​មាន​អ្នក​ម្នាង​អ៊ុ​ក ផល្លា ប៉ុន្តែ​អ្នក​ម្នាង​ក៏​បាន​ទទួល​មរណ​ភាព​កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២០១៨ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ដូច្នេះ​រហូត​មក​ទល់​ពេល​នេះ​តួឯក​អប្សរា​ប្រចាំ​ប្រទេស​នៅ​មិន​ទាន់​ត្រូវ​បាន​ចាត់​ចំណាត់ថ្នាក់​នៅឡើយ​ទេ ។ អ្នក​វប្បធម៌​ជា​ច្រើន​បាន​អះអាង​ស្រ​ដៀង​គ្នា​កាលពី​ពេល ថ្មី​កន្លង​មក​ថា រហូត​មក​ដល់​ពេល​នេះ​ពួក​គេ​នៅ​មិន​ទាន់​ដឹង​អ្នក​ណា​ត្រូវ​បាន​ចាត់ទុកជា​តួឯក​អប្សរា​ប្រចាំ​ប្រទេស​នៅឡើយ ខណៈ​ពេល​ដែល​បច្ចុប្បន្ន​មាន​អ្នក​បន្តវេន ក្មេង​ៗ​មួយ​ចំនួន ដោយ​ក្នុង​នោះ​ក៏​មានការ​ជ្រើសរើស​ដោយ​ផ្ទាល់​ពី​សម្តេចព្រះរៀម​បុប្ផា​ទេវី​ផង​ដែរ ។

តួ​រាំ​អប្សរា​នាង​ពេជ្រ វណ្ណ​លី​កា បាន​ប្រាប់​កោះសន្តិភាព​ថា រហូត​មក​ទល់​ពេល​នេះ​នាង​មិន​បាន​ដឹង​ពី​ការ​ចាត់​ចំណាត់ថ្នាក់​អ្នក​ណា​ម្នាក់​ដែល​ជា​តួឯក​អប្សរា​ប្រចាំ​ប្រទេស​នោះ​ឡើយ ប៉ុន្តែ​មាន​តួ​អប្សរា​ប៉ុន្មាន​នាក់​ដែល​ត្រូវ​បាន​ជ្រើសរើស និង​តួឯក​ធំ​សម្រាប់​សម្តេចព្រះរៀម​បុប្ផា​ទេវី ។ ក្នុង​ចំណោម​តួ​អប្សរា​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​សម្តេចព្រះរៀម​នោះ​រួម​មាន រូប​នាង​ចាប​ចំរើន តុលា ,​ចាប ចំរើន​មិ​នា ,​ប្រសិទ្ធ វិច្ឆិកា ,​ស៊ិ​ន កក្កដា ,​វណ្ណ សិរី​កេស​ន ,​ម៉េ​ង ចាន់​ឆា​រា និង​ចាន់ ស្រី​នុ​ច ដែល​ពួក​នាង​ទាំងអស់​តែង​បង្ហាញ​វត្តមាន​សម្តែង​តាម​កម្មវិធី ធំ​ៗ​ជា​ច្រើន​។

បើ​តាម​ពេជ្រ វណ្ណ​លី​ដា ចាប់តាំងពី​ជំនាន់​សម្តេចព្រះរ​រៀម​បុប្ផា​ទេវី មក​ដល់​សម័យ​ក្រោយ​ៗ​ទៀត​នោះ នាង​មិន​បានដឹង​ពី​តួនាទី​តួឯក​អប្សរា​ប្រចាំ​ប្រទេស​នោះ​ឡើយ ប៉ុន្តែ​នាង​គ្រាន់តែ​ដឹង​ជំនាន់​នេះ ដែល​ពួក​នាង​ទាំងអស់​ត្រូវ​បាន​ជ្រើសរើស​ដោយ​ផ្ទាល់​ពី​សម្តេចព្រះរៀម ។

បើ​យោង​តាម​សៀវភៅ​របាំ​អប្សរា របស់​អ្នកគ្រូ​កែវ ណា​រុំ និង​អ្នកគ្រូ​ព្រំ ស៊ី​សា​ផា​ន្ឋា ឲ្យ​ដឹង​ថា តួឯក​ទេពអប្សរ​បាន​រាំ​បន្តបន្ទាប់​ត្រឹម​ឆ្នាំ​២០០៣ មាន​សម្ដេចព្រះ​រាជបុត្រី​ព្រះ​រៀម​នរោត្ដម បុប្ផា​ទេវី អ្នកស្រី​សេង ស្រី​មុំ អ្នកស្រី​វ័ន សា​វៃ អ្នកស្រី​ឌុ​ក ថា​ច អ្នកស្រី វ័ន សា​វង្ស អ្នកស្រី​យឹ​ម ទេវី អ្នក​ម្នាង​ម៉​ម កណិការ អ្នក​ម្នាង​អ៊ុ​ក ផល្លា និង​កញ្ញា សុខ សុ​ខឿន ។ រំឭក​ពី​អតីត​តួឯក​អប្សរា​អ្នក​ម្នាង​អ៊ុ​ក ផល្លា ដែល​មានឈ្មោះ​ហៅ​ក្រៅ​ថា ស្រី​ពេជ្រ បិតា​អ្នក​ម្នាង​ជាប់សែស្រឡាយ​រាជវង្ស «​ស៊ី​សុវត្ថិ​»​។

កាលពី​កុមារភាព​ក្នុង​ឆ្នាំ​១៩៩០ អ្នក​ម្នាង​អ៊ុ​ក ផល្លា បាន​ចូល​ហាត់រៀន​របាំ​បុរាណ​ខ្មែរ​នៅ​សាលា​វិចិត្រសិល្បៈ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ម្តុំ​ស្តា​ត​ចាស់​សព្វថ្ងៃ (​បច្ចុប្បន្ន​គ្មាន​ទៀត​ទេ​) ។

បើ​តាម​ការ​អះអាង​ផ្ទាល់​របស់​មាតា​ទ្រង់ ដំបូង​ឡើយ​អ្នក​ម្នាង​ផល្លា បាន​ហាត់​សម្តែង​ជា​តួ​នាយ​រោង​ទេ ប៉ុន្តែ​ដោយសារ​តែ​រូប​ស​ម្ប​តិ្ត គួប​ផ្សំ​នឹង​ទេព​កោសល្យ​ផ្នែក​សិល្បៈ​ដ៏​ល្អ​ប្រពៃ​របស់​ទ្រង់​ធ្វើ​ឲ្យ​សម្តេច​ព្រះ​​រាជបុត្រី​ព្រះ​រៀម​នរោត្តម បុប្ផា​ទេវី សព្វព្រះរាជហឫទ័យ​ជា​ពន់ពេក​រហូត​ត្រាស់​បង្គាប់​​ឲ្យ​សិល្ប​ការិនី​រូប​នេះ​សម្តែង​ជា​តួ​អប្សរា​ស​វិញ កាលពី​ពាក់កណ្តាល​ទសវត្សរ៍​ទី​៩០ ក្រោយ​​ពេល​ដែល​អ្នក​ម្នាង​ត្រឡប់​ពី​ចូលរួម​សម្តែង​ក្នុង​កម្មវិធី​មួយ​នៅ​ប្រទេស​ជប៉ុន ។ ទ្រង់​ក៏​ចាប់ផ្តើម​មាន​ឈ្មោះ​បោះ​សំឡេង​ល្បី​ខ្លាំង​ជាប់​ជា​តួឯក​អប្សរា​ជំនាន់​ទី​៥ ចាប់តាំងពី​ពេល​នោះ​មក។

តួឯក​អប្សរា តំណាង​ប្រទេស​កម្ពុជា​ដែល​ល្បីល្បាញ​មុន​អ្នក​ម្នាង​អ៊ុ​ក ផល្លា រួម​មាន សម្តេចព្រះ​រាជបុត្រី​ព្រះ​រៀម​នរោត្តម បុប្ផា​ទេវី (​តាំងពី​ដើម​ទ​.​វ​ទី​៦០) សិល្ប​ការិនី​សេង ស្រី​មុំ (​ទ​.​វ​.​ទី​៦០) សិល្ប​ការិនី​វ័ន សា​វ៉ៃ (​ពាក់កណ្តាល​ទ​.​វ​.​ទី​៦០ និង ដើម​ទ​.​វ​.​ទី​៧០) និង​សិល្ប​ការិនី​យឹ​ម ទេវី (​ទ​.​វ​.​ទី​៨០) ។

របាំ​អប្សរា​បាន​ឈាន​ទៅ​ដល់​ចំណុចកំពូល ល្អ​ឥត​ខ្ចោះ និង​បាន​ចេញ​រាំ​ជាដំបូង​នៅ​ខេត្តសៀម​រាប (​អង្គរ​) ដើម្បី​ថត​ជា​ខ្សែភាពយន្ត​ដោយ​លោក​ម៉ាក​សែ​ល កា​មី​ស៍ ក្នុង​កំឡុង​ឆ្នាំ ១៩៦១ ឬ​១៩៦២ ។ នៅ​ឆ្នាំ​១៩៦៣ ចេញ​ទៅ​សម្ដែង​នៅ​ប្រទេស​បារាំង ។

នៅ​ឆ្នាំ​១៩៦៤ ចេញ​ទៅ​សម្ដែង​នៅ​សិង្ហ​បុរី ក្នុង​ពិធី​សម្ពោធ​ម​ហោ​ស្រប​សិល្បៈ​ទូ​ទាំង​សាកល ដែល​បាន​ទទួល​ជោគជ័យ មានការ​គាំទ្រ និង​កោតសរសើរ​ពី​ទស្សនិកជន​យ៉ាង​ខ្លាំង ។ តួឯក​រាំ​ដោយ​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​នរោត្តម បុប្ផា​ទេវី ដែល​ព្រះ​អង្គជា​តួឯក​ដំបូង​គេ​បង្អស់​នៃ​របាំ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ