ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី គ្រោង​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​លើក​ដំបូង​ជា​សាធារណៈ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ចុះ​ផ្សាយ​ថ្ងៃ​ទី​០២ ធ្នូ ២០១៩​នេះ បានអោយ​ដឹង​ថា ធនាគារ​នេះ​បាន​ទទួល​លិខិត​ពី​ធនាគារជាតិ​នៃ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ចុះ​ផ្សាយ​ថ្ងៃ​ទី​០២ ធ្នូ ២០១៩​នេះ បានអោយ​ដឹង​ថា ធនាគារ​នេះ​បាន​ទទួល​លិខិត​ពី​ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា ២០១៩ ដែល​អនុញ្ញាត​អោយ​ខ្លួន​បន្ត​គ្រោង​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​លើក​ដំបូង​ជា​សាធារណៈ នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ធ្វើ​អោយ ធនាគារ អេ​ស៊ី​លី​ដា ក្លាយ​ជា​ធនាគារពាណិជ្ជ​ទី​មួយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ចុះបញ្ជី​លក់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា (​ផ​.​ម​.​ក​)​។

លោក​បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​មាន​ប្រសាសន៍​ថា ធនាគារ អេ​ស៊ី​លី​ដា ទើបនឹង​ទទួល​បាន​លិខិត​ពី​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​បន្ត​នីតិវិធី​ស្នើ​សុំ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​លើក​ដំបូង​ជា​សាធារណៈ​របស់​ធនាគារ នៅ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា (​គ​.​ម​.​ក​.) ។

លោក​ថា​៖ « ភាគ​ហ៊ុ​និករ​បស់​ធនាគារ​បាន​ឯកភាព​គ្នា​ជា​ឯកច្ឆន្ទ​ធ្វើការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្ម សិទ្ធិ​លើក​ដំបូង​ជា​សាធារណៈ ដើម្បី​បង្កើន​ប្រភព​ទុន​ដ៏​សម្បូរ​បែប និង​គាំទ្រ​ការ​រីក​ចម្រើន​នា​ពេល​អនាគត​តាម​រយៈ​ទីផ្សារ​មូលធន​កម្ពុជា » ។

លោក​បន្ត​ថា ភាគហ៊ុន​របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី នឹង​ត្រូវ​បាន​ដាក់​លក់​ជូន​សាធា​រណ​ជន បន្ទាប់​ពី​ទទួល​បានការ​អនុញ្ញាត​ជា​បន្តបន្ទាប់​ពី​ផ្សា​រមូល​ប​ត្រ​កម្ពុជា (​ផ​.​ម​.​ក​.) និង​គណៈ​កម្មការ មូល​ប​ត្រ​កម្ពុជា (​គ​.​ម​.​ក​.) ។ ធនាគារ​អេ​ស៊ី​លី​ដា នឹង​ធ្វើការ​ផ្សព្វផ្សាយ​អំពី​កាលបរិច្ឆេទ​ដាក់​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​របស់​ធនាគារ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។ នេះ​គឺជា​ឱកាស​ដ៏​ពិសេស​សម្រាប់​សាធារណជន​ក្នុង​ការ​ចូលរួម​វិនិយោគ​ជាមួយ​ធនាគារ ដើម្បី​ក្លាយជា​ភាគ​ហ៊ុ​និករ​បស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ។

សេចក្តី​ប្រកាស​របស់​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី​បាន​បញ្ជាក់​ថា ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​លើក​ដំបូង​របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ត្រូវ​បាន​ចាត់ទុកជា ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​លើក​ដំបូង​ជា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ដែល​លើកទឹកចិត្ត​ដល់​វិនិយោគិន​រូប​វ័​ន្ត​បុគ្គល និង​សាធារណជន​ក្នុង​ការ​ទិញ​ភាគហ៊ុន​ទៅ​តាម​លទ្ធភាព​របស់​ខ្លួន ។

ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​លើក​ដំបូង​ជា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ បាន​ផ្តល់​ភាព​ងាយស្រួល​យ៉ាងច្រើន​ដល់​វិនិយោគិន រូប​វ័​ន្ត​បុគ្គល​ក្នុង​ការ​ចូលរួម​យ៉ាង​ទូលំទូលាយ​ក្នុង​ដំណើរ​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ ហើយ​ក៏​ជា​ការ​ចែករំលែក​ផល​ដែល​បាន​មក​ពី​វិបុលភាព​ផ្នែក​ហិរញ្ញវត្ថុ​ជាមួយនឹង​វិនិយោគិន រូប​វ័​ន្ត​បុគ្គល និង​ក្លាយជា​ធនាគារ​ដែល​ទទួល​បាន​នូវ​ទំនុក​ចិត្ត​ពី​សាធារណជន​បន្ថែម​ទៀត ។

លោក Han Kyung Tae អគ្គនាយក​ក្រុមហ៊ុន Yuanta Securities (Cambodia) Plc. បាន​មាន​ប្រសាសន៍​ថា យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ខ្លាំង​ដែល​បាន​ចូលរួម​ក្នុង​គម្រោង​ដ៏ សំខាន់​នេះ ក្នុង​នាម​ជាទី​ប្រឹក្សា​ហិរញ្ញវត្ថុ​តែ​មួយ​គត់​របស់​ធនាគារ ។ ទំហំ​នៃ​ប្រតិបត្តិការ​ជួញដូរ និង​ការ​កើនឡើង​នៃ​ចំនួន​វិនិយោគិន តាម​រយៈ​ដំណើរការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី នឹង​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ស្ថានភាព​របស់​ផ្សារ​ហ៊ុន និង​នាំ​ទីផ្សារ​មូលធន​ឆ្ពោះទៅ​ដំណាក់កាល​អភិវឌ្ឍន៍​ថ្មី និង​រីក​ចម្រើន​ជាង​មុន ។

លោក​ថា​៖ « មូលធនូបនីយកម្ម​ទីផ្សារ​សរុប​របស់​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា អាច​នឹង​កើន​បី​ដង​ជាមួយនឹង​ការ​ចុះបញ្ជី​របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី នេះ » ។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​ដំណាច់​ខែកញ្ញា ឆ្នាំ​២០១៩ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី គឺជា​ធនាគារ​ធំ​ជាងគេ​បំផុត​នៅ​កម្ពុជា ដែល​មាន​សំពៀត​ឥណទាន​សរុប ៣,៦១ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​មូលធន​សរុប ៨៩៨,៥៦ លាន​ដុល្លារ​អា​មេ​រិ​ក ទ្រព្យសកម្ម​សរុប ៦,០៩ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​ប្រាក់​បញ្ញើ​សរុប ៤,២៤ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ