អាជ្ញាធរ​ជាតិ​អប្សរា​ជួយ​រៀបចំ​រូប​សិល្បៈ និង​វត្ត​រាជ​បូព៌​មាន​អាយុកាល​ជាង​៦០០​ឆ្នាំ​ឲ្យ​រស់​រវើក​ឡើង​វិញ​(​មាន​វី​ដេ​អូ​)


ខេត្តសៀមរាប ៖ វត្ត​រាជ​បូព៌​ជា​វត្ត​ដ៏​ចំណាស់​មួយ​ក្នុង​ចំណោម​វត្ត​ដទៃ​ទៀត​ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ជួយ​រៀបចំ​រូប​សិល្បៈ និង​វត្ត (​អារាម​) រាជ​បូព៌​ដែល​មាន​អាយុកាល​ជាង​៦០០​ឆ្នាំ​ឲ្យ​រស់​រវើក​ឡើង​វិញ និង​ជា​កន្លែង​ព្រះសង្ឃ ថ្វាយបង្គំ​ព្រះ ដែល​មាន​ទីតាំង​ស្ថិត​នៅ ក្នុងភូមិ​សាស្ត្រ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ។ ហើយ អារាម​នេះ​មាន​ព្រះ​វិហារ​មួយ ដែល​មាន​លក្ខណៈ​ស្ថាបត្យកម្ម​ល្អ​ឯក​ប្រហែលជា​សាងសង់​ឡើង​ក្នុង​រាជ្យ​ព្រះបាទ​នរោត្តម ។

ចំណែក​នៅ​លើ​ជញ្ជាំង​ព្រះ​វិហារ​ផ្នែក​ខាងក្នុង​មាន​សិល្បៈ​ដ៏​រស់​រវើក​ល្អ​វិចិត្រ គឺ​គំនូរ​បុរាណ​រឿង «​រាមកេរ្តិ៍​» ដែល​ជា​រឿង​ដ៏​ល្បីល្បាញ​នៅ​អាស៊ី​អាគ្នេយ៍​គូរ​នៅ​រវាង​ឆ្នាំ​១៩២០-១៩២៤ ដោយ​ជាង​ឈ្មោះ ប៉ិល និង​ក្មួយ​របស់​គាត់​ឈ្មោះ ឌិ​ត ។ ជាងគំនូរ​ទាំង​២​នាក់​នោះ គឺជា​ជាង​ធ្វើ​ណាំង​សម្រាប់​ល្ខោនស្បែក​ធំ​ទើប​គំនូរ​មាន​ទម្រង់​កាយវិការ​បែប​ដូច​ស្បែក​ធំ​ពិត​ៗ ។ រីឯ​នៅ​ផ្នែក​ខាងក្រៅ​មាន​ចម្លាក់​លៀន​យ៉ាង​រស់​រវើក​នៅ​លើ​ទ្វារ និង​បង្អួច​ផង​ដែរ ។

ព្រះ​វិហារ​ចំណាស់​នេះ​ធ្លាប់​មានការ​ជួសជុល​តាំងពី​សម័យ​អាណានិគម​បារាំង​មក​ម្ល៉េះ ។ បច្ចុប្បន្ន​មាន​សភាព​ទ្រុឌទ្រោម​ដោយ​អន្លើ​ដែល​តម្រូវ​ឱ្យ​មានការ​ជួសជុល​ជា​ចាំបាច់ ដោយសារ​អាយុកាល និង​អាកាសធាតុ​ជាដើម ។ ដើម្បី​រួមចំណែក​រក្សា​មរតក​នេះ​ឱ្យ​គង់វង្ស​តទៅ​ទៀត អាជ្ញាធរ​ជាតិ​អប្សរា​បាន​សហការ​ជាមួយ​អ្នកជំនាញ​អ៊ី​តា​លី​ចាប់ផ្តើម​ជួសជុល​ផ្នែក​សំខាន់​ៗ​នៃ​ព្រះ​វិហារ នៅ​ឆ្នាំ​២០១៤ ។ សន្លឹក​ទ្វារ​សន្លឹក​បង្អួច គំនូរ និង​បដិមា​ក្នុង​វិហារ​ជាដើម សុទ្ធតែ​បាន​ជួសជុល និង​សម្អាត​តាម​បច្ចេកទេស​ដោយ​អ្នក​អភិរក្ស ។

កិច្ចការ​ទាំងអស់​នេះ តែង​មាន​ព្រះ​ទ័យ​យកចិត្តទុកដាក់​ខ្ពស់ និង​ការ​ផ្តល់​ឱកាស​ដ៏​ពេញលេញ​អំពី​ព្រះ​មហាវិមលធម្ម ពិន សែ​ម សិរី​សុ​វ​ណ្ណោ ព្រះ​គ្រូ​ចៅអធិការ​វត្ត​រាជ​បូព៌​។​កិច្ចការ​អភិរក្ស​នា​បច្ចុប្បន្ន​ចំពោះ​ព្រះ​វិហារ​បាន​ត្រូវ​ជួសជុល​ជា​២​ដំណាក់កាល​បន្ថែម​នា​ពេល​ថ្មី​ៗ​នេះ ដំណាក់កាល​ទី​១ ៖ សិក្សា​គម្រោង​សម្រង់​ប្លង់​ចាស់ និង​ធ្វើ​ដំបូល​ដែក​គ្រប​លើ​វិហារ ដោយ​ប្រើប្រាស់​ថវិកា​របស់​ពុទ្ធបរិស័ទ​ក្រោម​ការ​ផ្តួចផ្តើម​ពី​ព្រះ​មហាវិមលធម្ម ពិន សែ​ម សិរី​សុ​វ​ណ្ណោ ។

ដំណាក់កាល​ទី​២ ៖ ការ​ជួសជុល​ដំបូល​វិហារ​ផ្តោត​លើ​ការ​ជួសជុល​គ្រឿង​បង្គុំ​ដំបូល ដើម្បី​រក្សា​លំនឹង​របស់​ដំបូល និង​សត្វល្អិត​ស៊ីសាច់​ឈើ ជួសជុល​សម្អាត​ហោជាង​ដែល​មាន​ចម្លាក់​ក្បាច់ និង​គ្រឿង​លម្អ​ដំបូល​ទាំងអស់​ឡើង​វិញ​រួចរាល់​បាន​១០០% ក្រោម​ការ​ផ្តល់​ថវិកា និង​លក្ខណៈ​បច្ចេកទេស​ពី​អាជ្ញាធរ​ជាតិ​អប្សរា ។ ជា​លក្ខណៈ​បច្ចេកទេស​យើង​ព្យាយាម​រក្សា​រូបរាង​ឱ្យ​នៅ​ដដែល និង​ប្រើប្រាស់​សម្ភារៈ​ចាស់​ដែល​មាន​ស្រាប់​តាម​លទ្ធភាព និង​ប្រើប្រាស់​វិធីសាស្ត្រ​ដែល​សម​ស្រប​សម្រាប់​ការ​អភិរក្ស​នា​ពេល​អនាគត ។

ការ​អភិរក្ស​មរតក​វប្បធម៌​នេះ ជា​ឧទាហរណ៍​ដ៏​ល្អ​ព្រោះ​យើង​ទាំងអស់​គ្នា​បាន​រួមចំណែក «​ប​ង្អ​ស់​» សម្បត្តិ​វប្បធម៌​នៃ​មនុស្ស​ជំនាន់​មុន​ឱ្យ​នៅ​បន្ត​រស់​ទៅ​ដល់​អ្នក​ជំនាន់​ក្រោយ​ទៀត ក្នុង​ការ​ប្រើប្រាស់ និង​សិក្សា​ឈ្វេងយល់​អំពី​ប្រវត្តិសាស្ត្រ និង​សិល្បៈ​របស់​ខ្លួន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ