សាសនានៅលើលោកនេះតែងមានបរិស័ទរបស់ខ្លួន ទោះជាបរិស័ទតិចឬច្រើនក៏គង់មានអ្នកគោរពរាប់អានមិនខាន ។ ចំណែកព្រះពុទ្ធសាសនារមែងថ្កុំថ្កើងដោយសារបរិស័ទទាំង៤ពួកគឺ ភិក្ខុ សាមណេរ ឧបាសក ឧបាសិកា ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ទល់ទ្រ ។
ប៉ុន្តែបើបរិស័ទទាំង៤ពួកនេះមិនគោរពធម៌វិន័យ ពិសេសព្រះសង្ឃដែលជាអ្នករស់នៅផ្ទាល់នឹងសាសនា លែងប្រតិបត្តិទៅតាមតួនាទីរបស់ខ្លួន ភ្លើតភ្លើនលោតហក់ទៅតាមសម័យទំនើបឬសិក្សាមន្តអាគមស្រោចទឹក ចារយ័ន្ត ធ្វើពេទ្យមើលជំងឺហើយ សាសនាក៏នឹងអន្តរធានជាក់ជាមិនខាន ។ ខាងក្រោមនេះជាហេតុនាំឱ្យព្រះពុទ្ធសាសនាវិនាសចាកលោកៈ
១-បរិស័ទទាំង៤ពួកមិនស្តាប់ធម៌ដោយគោរព
២-អ្នកបួសមិនរៀនធម៌ដោយគោរព
៣-មិនទ្រទ្រង់ធម៌ដោយគោរព
៤-មិនពិចារណានូវសេចក្តីនៃធម៌ទាំងឡាយដែលខ្លួនទ្រទ្រង់នោះ
៥-ព្រះសង្ឃមិនប្រតិបត្តិធ្វើតាមធម៌វិន័យដោយគោរព ។
វិន័យជាគ្រឹះដ៏រឹងមាំក្នុងវិស័យលើកតម្កើងជ្រោងសាសនាឱ្យខ្ពស់ត្រដែតឡើង តែបើព្រះសង្ឃលែងធ្វើតាមវិន័យ ឧបាសក ឧបាសិកាលែងស្តាប់ធម៌ លែងគោរពព្រះសង្ឃទៅហើយ សាសនាធ្វើម្តេចនឹងខ្ពង់ខ្ពស់ទៅកើត ។ ដោយសាន សារិន
ចែករំលែកព័តមាននេះ