ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ចែករំលែក​បទ​ពិសោធ​ជោគជ័យ​នៃ​ការ​ដាំ​បន្លែ​ក្នុង​ទឹក

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​៖ ទន្ទឹម​នឹង​ភាព​ជោគជ័យ​ក្នុង​ការ​ដាំ​បន្លែ​ក្នុង​ទឹក​ដែល​គ្មាន​សារធាតុ​ជាតិ​គីមី ហើយ​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​អតិថិជន​នោះ កសិករ​នៅ​ខេត្តកំពង់ឆ្នាំង​ថែម​ទាំង​បាន​ចែ​ល​រំលែក​នូវ​បទ​ពិសោធ​ជោគជ័យ​របស់​ខ្លួន​ដល់​កសិករ​ឯទៀត​ផង​ដែរ ។ វិធីសាស្ត្រ​នៃ​ការ​ដាំ​បន្លែ​លើ​ទឹក ដែល​តាម​ភាសា​បច្ចេកទេស​ហៅ​ថា ហៃ​ត្រូ​ប៉ូ​និក (Hydroponic) បច្ចុប្បន្ន​ត្រូវ​គេ​សង្កេត​ឃើញ​ថា​មាន​អ្នក​ចាប់​យកមុខ​របរ​នេះ​ជា​បន្តបន្ទាប់…

ខេត្តកំពង់ឆ្នាំង​៖ ទន្ទឹម​នឹង​ភាព​ជោគជ័យ​ក្នុង​ការ​ដាំ​បន្លែ​ក្នុង​ទឹក​ដែល​គ្មាន​សារធាតុ​ជាតិ​គីមី ហើយ​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​អតិថិជន​នោះ កសិករ​នៅ​ខេត្តកំពង់ឆ្នាំង​ថែម​ទាំង​បាន​ចែ​ល​រំលែក​នូវ​បទ​ពិសោធ​ជោគជ័យ​របស់​ខ្លួន​ដល់​កសិករ​ឯទៀត​ផង​ដែរ ។ វិធីសាស្ត្រ​នៃ​ការ​ដាំ​បន្លែ​លើ​ទឹក ដែល​តាម​ភាសា​បច្ចេកទេស​ហៅ​ថា ហៃ​ត្រូ​ប៉ូ​និក (Hydroponic) បច្ចុប្បន្ន​ត្រូវ​គេ​សង្កេត​ឃើញ​ថា​មាន​អ្នក​ចាប់​យកមុខ​របរ​នេះ​ជា​បន្តបន្ទាប់ ព្រោះ​ទទួលស្គាល់​ថា​ជា​វិធីសាស្ត្រ​មួយ​ពិតជា​ធ្វើ​ឲ្យ​បន្លែ​របស់​ខ្លួន​គ្មាន​សារធាតុ​គីមី ហើយ​អតិថិជន​មាន​ជំនឿ​ទុកចិត្ត​ដោយ​បាន​ទិញ​យក​ទៅ​ទទួលទាន​គ្រប់​ៗ​គ្នា ។

នៅ​ក្នុង​ឱកាស​ដាក់​តាំង​ផលិតផល​ដំណាំ​កសិកម្ម​គ្មាន​ជាតិ​គីមី ដែល​រៀបចំ​ដោយ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ខេត្តកំពង់ឆ្នាំង កាលពីដើម​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ លោក ចាប វិបុល ដែល​ជា​ម្ចាស់កសិដ្ឋាន​ដាំ​បន្លែ​លើ​ទឹក ក៏​បាន​នាំ​យក​ផលិតផល​របស់​ខ្លួន​មក​ដាក់​តាំង​លក់​ដូច​គេ​ដែរ ហើយ​ក៏​ត្រូវ​បាន​អតិថិជន​គាំទ្រ និង​ស្ងើចសរសើរ​គ្រប់​ៗ​គ្នា​ទៀត​ផង ។

យុវជន​ឈ្មោះ ជ័យ វាសនា ដែល​ជា​មេការ​មើល​ការ​ខុស​ត្រូវ​ក្នុង​កសិដ្ឋាន​ដាំ​បន្លែ​លើ​ទឹក ដែល​មា​នទី​តាំងនៅ​ភូមិ​ត្រពាំង​ចិ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង បានឱ្យ​ដឹង​ថា ការ​ដាំ​បន្លែ​លើ​ទឹក​របស់​លោក ចាប វិបុល គឺ​ចាប់ផ្ដើម​ដំណើរការ​នៅ​ខែកក្កដា និង​បាន​ចាប់ផ្ដើម​ដាំ​បន្លែ​នៅ​ខែសីហា ឆ្នាំ ២០១៩ បើ​គិត​មក​ដ​លើ​ពេល​នេះ​ទទួលផល ២​លើក​រួច​មក​ហើយ ។

ជ័យ វាសនា ឱ្យ​ដឹង​ទៀត​ថា លោក ចាប វិបុល​ជា​និស្សិត​មួយ​រូប​ធ្លាប់​ទទួល​ការ បណ្តុះបណ្តាល​នៅ​ក្រៅប្រទេស​លើ​ផ្នែក​កសិកម្ម រយៈពេល​វែង ដោយ​ទទួល​បាន​សញ្ញាប័ត្រ​ទៀត​ផង ។ ចំពោះ​ការ​រៀប​កសិដ្ឋាន និង​ឧបករណ៍​មួយ​ចំនួន គឺ​បាន​នាំ​មក​ពី​ក្រៅប្រទេស ដោយ​ក្នុង​កសិដ្ឋាន​មាន​ទំហំ​ធំ​ល្មម បែប​នេះ គឺ​បាន​ចំណាយ​ដើមទុន​ជាង ១​ម៉ឺន​ដុល្លា​ឯណោះ ។

ថ្វីបើ​ថ្លៃ​បន្តិច​មែន ប៉ុន្តែ​លទ្ធផល​គឺ​ទទួល​បាន​ល្អ​ប្រសើរ ហើយ​បើ​គិត​មក​ដល់​ពេល​នេះ​គឺ​ទទួល​បាន​ផល ២​លើក​រួច​មក​ហើយ ។ ការ​ដាំ​បន្លែ​លើ​ទឹក​បែប​នេះ​ជួប​ការ​លំបាក​ខ្លះ​ៗ​ដែរ ដូច​ជា​ទឹក​ត្រូវ​វាស់​កម្រិត ប៉េ​-​ហាស់ (P-H) ត្រឹមត្រូវ​ទៅ​តាម​ស្ដង់ដា ហើយ​ក្នុង ១ ថ្ងៃ​ត្រូវ​វាស់ ២ ទៅ ៣ ដង​ដែរ ។ ជាង​នេះ​ទៅ​ទៀត​ការ​ដាំ​បន្លែ​លើ​ទឹក​នៅ​កសិដ្ឋាន​មាន​បំពាក់​ដោយ​បច្ចេកទេស​ទំនើប ដូច​ជា​ក្នុង ១៥ នាទី​ម្ដង​មានការ​បាញ់​ទឹក​ដោយ​ស្វ​យ័​ប្រវត្តិ​សាច​ស្រោច​ពីលើ​បន្លែ​ក្នុង​កសិដ្ឋាន​ដែល​ហ៊ុំ​ព័ទ្ធ​ដោយ​ស្បៃ​យ៉ាង​ជិត ការពារ​សត្វល្អិត ដើម្បី​ឱ្យ​មាន​សីតុណ្ហភាព​ក្តៅ​សម​ល្មម ។

យុវជន ជ័យ វាសនា ដែល​មេការ​កសិដ្ឋាន​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​មាន​អតិថិជន​គាំទ្រ​ជា​ច្រើន​ដោយ​បាន​មក​ទិញ​បន្លែ​ពី​កសិដ្ឋាន​ដោយ​ផ្ទាល់​នៅ​ទី​នេះ និង​មួយ​ផ្នែក​ទៀត​បាន​បញ្ជូន​តាម​ភោជនីយដ្ឋាន​នានា​ក្នុង​ខេត្ត និង​ក៏​មាន​បោះ​ដុំ​ទៅ​ក្រៅ​ខេត្ត​ខ្លះ​ដែរ ។ អតិថិជន​ទាំងនោះ​បានដឹង​ថា​៖ បន្លែ​ទៅ​ទី​នេះ​គ្មាន​សារធាតុ​គីមី សូ​ម្បី​តែ​បន្តិច​មិន​ធ្វើ​ឱ្យ​មិន​ប៉ះពាល់​ដល់​សុខភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ