ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​គ្រួសា​យក​ដើមឈើ​ធ្វើ​ជម្រក ឯ​កូន​ៗ​​យក​បង្គោល​ភ្លើង​បំភ្លឺ​តាម​ផ្លូវ​រៀន​ពេល​យប់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ព្រោះតែ​ភាព​តោកយ៉ាក និង​ពិបាក​ក្នុង​កា​រស់នៅ​គ្រួសា​មួយ​បាន​យក​ដើមឈើ​ធ្វើ​ជា​ជម្រក ពោល​គឺ​នាំ​គ្នា​ដេក​ក្រោម​ដើមឈើ ខណៈ​កូន​ៗ​បាន​ចូល​រៀន​ដែរ​តែ​ពេល​យប់​គ្មាន​ភ្លើងអគ្គិសនី​សម្រាប់​រៀន​នោះ​ទេ បាន​ត្រឹម​នាំ​គ្នា​យក​ភ្លើង​ដែល​បំភ្លឺ​តាម​ដងផ្លូវ​ជាតិ​មក​រៀន​ទៅ​វិញ​។ គ្រួសារ​ខាងលើ​នេះ មាន​ប្តី​ឈ្មោះ រស់…

ខេត្តបន្ទាយមានជ័យ ៖ ព្រោះតែ​ភាព​តោកយ៉ាក និង​ពិបាក​ក្នុង​កា​រស់នៅ​គ្រួសា​មួយ​បាន​យក​ដើមឈើ​ធ្វើ​ជា​ជម្រក ពោល​គឺ​នាំ​គ្នា​ដេក​ក្រោម​ដើមឈើ ខណៈ​កូន​ៗ​បាន​ចូល​រៀន​ដែរ​តែ​ពេល​យប់​គ្មាន​ភ្លើងអគ្គិសនី​សម្រាប់​រៀន​នោះ​ទេ បាន​ត្រឹម​នាំ​គ្នា​យក​ភ្លើង​ដែល​បំភ្លឺ​តាម​ដងផ្លូវ​ជាតិ​មក​រៀន​ទៅ​វិញ​។

គ្រួសារ​ខាងលើ​នេះ មាន​ប្តី​ឈ្មោះ រស់ សា​រិ​ទ្ធ អាយុ​43​ឆ្នាំ ប្រពន្ធ​ឈ្មោះ ឡាយ ឃី អាយុ​31​ឆ្នាំ មានកូន​4​នាក់ ក្នុង​នោះ​ប្រុស​2​នាក់​។ ហើយ​គ្រួសា​មួយ​នេះ​រស់​អាស្រ័យ​ដោយ​ប្តី​ប្រពន្ធ និង​កូន​ៗ ដើរ​រើស​អេ​ត​ចាយ​ចិញ្ចឹមជីវិត ទៅ​ណា​មក​ណា​លើ​រ៉ឺ​ម៉ក​សណ្តោង​ម៉ូតូ​មួយ​គ្រឿង ដែល​អាជ្ញាធរ​ក្រុង​កំពង់សោម និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​ទិញ​ឲ្យ​។

បើ​តាម​គ្រួសា​តោកយ៉ាក​ខាងលើ បាន​ប្រាប់​កោះសន្តិភាព​ថា មុន​មក​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត ពួក​គាត់​រស់នៅ​ភូមិ​ដាស់​ស្កូ ឃុំ​ទំនប់​លាយ ស្រុក​កំពង់ត្រាច ខេត្តកំពត ហើយ​ថា ពួក​គាត់​មុន​ចាប់ដៃ​គ្នា​ជា​ប្តី​ប្រពន្ធ គឺ​ជីវិត​ជា​កូនកំព្រា​ដូច​គ្នា​។ ពួក​គាត់​បាន​ទៅ​ធ្វើការ​សំណង់​នៅ​ក្រុង​កំពង់សោម ដែល​កាលនោះ​ធ្វើការ​ហើយ​គេ​បោកប្រាស់​មិន​បើកប្រាក់​ពលកម្ម​ឲ្យ​នោះ ទេ ហើយ​គ្រានោះ​ដោយសារ​ជីវភាព​លំបាក​ក៏​នាំ​គ្នា​ទៅ​សុំ​វត្ត​មួយ​ស្នាក់​នៅ និង​សុំ​បាយ​ទឹក​ព្រះ​ស​ង្ស​ហូប​ទៀត​ផង។

ពួក​គាត់​បន្ត​ទៀត​ថា ថ្ងៃមួយ ខណៈ​អភិបាលក្រុង​កំពង់សោម ទៅ​ធ្វើបុណ្យ​ក្នុង​វត្ត​ដែល​ពួក​គាត់​ស្នាក់​នៅ ដោយ​មើលឃើញ​ពី​ជី​ភាព​តោកយ៉ាក​ក៏​ទិញ​ម៉ូតូ និង​រទេះ​1​គ្រឿង​ឲ្យ​ពួក​គាត់​។

គ្រួសា​មួយ​នេះ​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ម៉ូតូ និង​រ៉ឺ​ម៉ក​ពី​អភិបាលក្រុង​កំពង់សោម​រួច​មក ពួក​គាត់​នាំ​គ្នា​ដើរ​រើស​អេ​ត​ចាយ​លក់​ដើម្បី​ចិញ្ចឹមជីវិត​មួយ​រយៈ ក៏​បន្តដំណើរ​មក​កាន់​ក្រុង​ប៉ោយ​ប៉ែ​ត​។ ក្រោយ​ឈាន​ជើង​មក​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត​មួយ​រយៈ រទេះ​សណ្តោង​ដែល​អភិបាលក្រុង​កំពង់​សោម ប្រគល់​ឲ្យ​ត្រូវ​ចោរលួច​បាត់ តែ​ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាក​នេះ​នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត ក៏​បាន​ប្រគល់​រទេះ​ដ៏​ធំ​ថ្មី​មួយ​ដើម្បី​ដឹក​ប្រពន្ធ​កូន​រើស​អេ​ត​ចាយ​ចិញ្ចឹមជីវិត​ជិត​កន្លះ​ឆ្នាំ​មកនេះ​។

អ្វី​ដែល​ស្តាប់​ទៅ​គួរ​ឲ្យ​សង្វេគ​ថែម​ទៀត​នោះ គឺ​គ្រួសា​ខាងលើ​មាន​ត្រឹមតែ​មុង​កញ្ចាស់​មួយ​និង​កន្ទេល​2 តែ​គ្មាន​ភួយ​ដណ្តប់ និង​សម្លៀក​បំពាក់​ត្រឹមត្រូវ​នោះ​ទេ ហើយ​រាល់​យប់​ដេក​ក្រោម​ដើមឈើ​តាម​ចិញ្ចើម​ផ្លូវ​នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​4 សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។

ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ទើប​សម្រាលកូន​បាន​10​ថ្ងៃ ត្រូវ​ជិះ​រ៉ឺ​ម៉ក​ដើរ​រើស​អេ​ត​ចាយ​ជាមួយ​ប្តី​ដោយ​ដៃ​បីកូន​តូច​ជាប់​ខ្លួន និង​មើល​កូនប្រុស​ស្រី​3​នាក់​ផ្សេង​ទៀត​លើ​រ៉ឺ​ម៉ក​ម៉ូតូ​ទៀត​ផង​។​ពួក​គាត់​ថា រាល់​យប់​កូន​ៗ​ស្រី​2​នាក់ ដែល​សុំ​សាលា​បាន​ចូល​រៀន​គ្មាន​ភ្លើងអគ្គិសនី​រៀនសូត្រ​ពេល​យប់​ឡើយ ពោល​គឺ​កូន​ៗ​ពួក​គាត់​អង្គុយ​រៀន​ក្រោម​ពន្លឺ​តាម​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​តាម​ចិញ្ចើមថ្នល់​ប៉ុណ្ណោះ​។

ពួក​គាត់​អំពាវនាវ​រក​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស ជា​ពិសេស​ថ្នាក់ដឹកនាំ​ខេត្ត និង​រាជ​រដ្ឋាភិបាល​ជួយ​ផង ព្រោះ​ចង់​ឲ្យ​កូន​ៗ​បាន​សូត្រ​មាន​អនាគត​នឹង​គេ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ