ហ៊ាន​ម្ល៉េះ​! ដាំ​ដើម​ដូង​លើ​ដី​ព្រៃ​លិច​ទឹក​ប្រមាណ​៥​ហិ​កតា​បំណង​រំលោភ​យក


ខេត្តកំពង់ឆ្នាំង ៖ ដី​ព្រៃ​លិច​ទឹក​នៅ​ចំណុច​ខាងកើត​សាលា​ដំណាក់​ដើម​ច​ង្កែ​ង ជិត​ទីទួល​ប្រសាទ​កំពង់ព្រះ មាន​ជនខិលខូច​បាន​យក​កូនដើម​ដូង​ទៅ​ដាំ​ជា​របង​រំលោភ​យក​ប្រមាណ ៥​ហិ​កតា កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ ចុះ​ធ្វើការ​បង្ក្រាប និង​ដក​យក​កូនដើម​ដូង​ទាំងនោះ ព្រមទាំង​កម្ទេច​ចោល​របង​ព័​ទ្ឋ​កូន​ដូង​ទាំងនោះ តាម​បញ្ជា​របស់​អាជ្ញាធរ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

លោក សាំង ស៊ន មេឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ បាន​ឲ្យ​ដឹង​ថា មាន​ជនខិលខូច​បាន​យក​កូនដើម​ដូង​ចំនួន​២៤​ដើម​ទៅ​ដាំ​ព័ទ្ធ​ធ្វើ​ជា​របង​រំលោភ​យក​ដី​ព្រៃ​លិច​ទឹក​នៅ​ជិត​ទួល​ប្រាសាទ​កំពង់ព្រះ ។ ក្រោយ​ពី​លោក​ទទួល​ដំណឹង​នេះ​ភា្ល​ម លោក​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​នគរបាល កងរាជអាវុធហត្ថ និង​មន្ត្រី​បរិស្ថាន​ទៅ​ពិនិត្យ​មើលឃើញ​ជាក់ស្ដែង​ពិតប្រាកដ​មែន និង​បាន​កម្ទេច​ចោល​របង ព្រមទាំង​ដក​កូនដើម​ដូង​ទាំងនោះ​យក​មក​រក្សា​ទុក​ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​។

លោក​មេឃុំ​ឆ្នុកទ្រូ​បាន​បញ្ជាក់​ថា មិនដឹង​នរណា​នោះ​ទេ​ដែល​ជា​ប៉ុនប៉ង​រំលោភ​បំពាន​ដី​ព្រៃ​លិច​ទឹក​បែប​នេះ ប៉ុន្តែ​តាម​ដឹង​ប្រហែលជា​អ្នក​រស់នៅ​ផ្នែក​ខាងលើ មិនមែន​ជា​អ្នក​រស់នៅ​ផ្នែក​ខាងក្រោម​ជា​អ្នក​បន្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​នោះ​ទេ ។ ជុំវិញ​បញ្ហា​នេះ​លោក​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​ស្រុក​រួច​ហើយ​ដែរ មុន​នឹង​ឈាន​ដល់​ការ​កំទេច​ចោល​ទីតាំង​ខាងលើ​នេះ ។

តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា កាលពី​ឆ្នាំ​មុន មាន​អ្នក​លួច​មក​បោះ​របង​ម្ដង​ដែរ ហើយ​ក្រោយមក​ក៏​បាន​កំទេច​ចោល​ទាំងស្រុង តែ​លើក​នេះ​ត្រូវ​បាន​គេ​យក​ដើម​ដូង​ទៅ​ដាំ​លើក​ទី​២​ទៀត សង្ស័យ​មនុស្ស​ដដែល ដែល​ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ដើម្បី​ធ្វើ​កិច្ចសន្យា​បញ្ឈប់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

ព្រឹត្តិការណ៍សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ