រាជធានីភ្នំពេញ ៖ សម្តេចក្រុមព្រះនរោត្តមរណឬទ្ធិ នឹងធ្វើជាប្រធានគណបក្សដដែលក្រោយពីគណបក្សខ្មែររួបរួមជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ធ្វើសមាជច្របាច់បញ្ចូលគ្នាទៅជាគណបក្សមួយ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ។ នេះបើតាមអ្នកនាំពាក្យគណបក្សខ្មែររួបរួមជាតិ ។
លោក រុន មាត្រា អ្នកនាំពាក្យគណបក្សខ្មែររួបរួមជាតិបានឲ្យកោះសន្តិភាពដឹងនៅថ្ងៃទី០១ ខែធ្នូ ថា គណបក្សទាំងពីរបានកំណត់យកថ្ងៃទី២៣ ខែធ្នូ ដើម្បីធ្វើសមាជបញ្ចូលគ្នារួចហើយ ។ ប៉ុន្តែមុននឹងគណបក្សទាំងពីរធ្វើសមាជនោះគណបក្សខ្មែររួបរួមជាតិនឹងធ្វើសមាជមួយមុនសមាជបញ្ចូល គ្នា ។
អ្នកនាំពាក្យបានបញ្ជាក់ថា ៖«យើងនឹងធ្វើសមាជមួយមុនការធ្វើសមាជបញ្ចូលគ្នារវាងគណបក្សទាំងពីរ គឺអាចមុន២ ឬ៣ថ្ងៃ នៃសមាជបញ្ចូលគ្នា ។ យើងធ្វើសមាជិកផ្ទៃក្នុងបក្សខ្មែររួបរួមជាតិដើម្បីធ្វើលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងបក្សដែលត្រូវរួបរួមពិភាក្សាលើរចនាសម្ព័ន្ធដែលត្រូវដឹកនាំ រចនាសម្ព័ន្ធថ្នាក់ខេត្តក្រុង» ។ ជាមួយគ្នានោះដែរនោះអ្នកនាំពាក្យដដែលក៏បានឲ្យដឹងថា ក្រោយពីច្របាច់បញ្ចូលគ្នារួចហើយ ភាគីទាំងពីរបានជជែក និងឯកភាពគ្នាដោយសម្តេចក្រុមព្រះធ្វើជាព្រះប្រធានគណបក្សដដែល ។
ចំណែកលោក ញឹក ប៊ុនឆៃ និងព្រះអង្គម្ចាស់ ចក្រាវុឌ្ឍវិញ ត្រូវបានអ្នកនាំពាក្យមិនទាន់ទម្លាយឲ្យដឹងទេថា នឹងទទួលបានតួនាទីអ្វីនោះទេ ប៉ុន្តែពេលនេះភាគីគណបក្សទាំងពីរបានកំពុងតែពិភាក្សាគ្នានៅឡើយ ។ លោកបន្តថា ចំពោះមតិមួយចំនួនថា នឹងមានការយាងសម្តេចព្រះអម្ចាស់នរោត្តម អរុណ រស្មី មកធ្វើប្រធានគណបក្ស ឬចូលឆាកនយោបាយវិញនោះ គឺជាពាក្យចចាមអារ៉ាម ។ ព្រោះថា ក្នុងការពិភាក្សាគ្នាយើងមិនបានពិភាក្សារឿងយាងព្រះអង្គម្ចាស់មកទេ ។ ចំពោះការច្របាច់បញ្ចូលគ្នានោះ ត្រូវបានលោក រុន មាត្រា បានទទួលស្គាល់ថា ដោយសារមានការបែបបាក់ផ្ទៃក្នុងរហូតមិនទទួលបានសំឡេងឆ្នោតទើបគណបក្សទាំងពីរសម្រេចបញ្ចូលគ្នា ។
លោកបានបញ្ជាក់ថា ៖«ដោយសារយើងបែកបាក់គ្នា ហ្វ៊ុនស៊ិនប៉ិច បែកបាក់ជាបន្តបន្ទាប់ និងជាច្រើនជម្រៀកហើយធ្វើឲ្យសន្លឹកឆ្នោតដល់សូន្យ ។ អីញ្ចឹងតាមការរួមមតិថ្នាក់ក្រោមគាត់ចង់បានការរួបរួមគ្នា ហើយគាត់មិនសប្បាយចិត្តទេ ពេលថ្នាក់ដឹកនាំបែកបាក់គ្នា ។ អីញ្ចឹងពេលរួបរួមគាត់សង្ឃឹមហើយយើងក៏សង្ឃឹមថា សំឡេងគាំទ្រនឹងកើនវិញក្រោយពីបញ្ចូលគ្នា» ។
អ្នកនាំពាក្យក៏បានឲ្យដឹងទៀតថា ការរួមគ្នាបញ្ចូលគ្នាក៏មានការចេញជាគោលការណ៍សំខាន់ៗចំនួន៥ចំណុច ដើម្បីរើសថ្នាក់ដឹកនាំពីថ្នាក់លើរហូតដល់ថ្នាក់ក្រោយពោល គឺធ្វើយ៉ាងកុំឲ្យមានការបែកបាក់គ្នាតទៀត ។ ចំណុចទាំងនោះមាន ១.ស្មោះត្រង់នឹងប្រធាន ២. សមត្ថភាព ៣.លទ្ធភាព ៤.ប្រជាប្រិយភាព និង៥.ជំហររួបរួម ៕
ចែករំលែកព័តមាននេះ