ខេត្តកណ្ដាល ៖ បុរសម្នាក់មានជម្លោះជាមួយប្រពន្ធព្រោះតែការស់នៅមិនចុះសម្រុងនឹងគ្នាហើយត្រូវប្រពន្ធសុំលែងលះជាច្រើនដងមកហើយ ប៉ុន្តែគាត់មិនព្រមលែងហើយបានធ្វើឲ្យគាត់មួរម៉ៅក្ដៅក្រហាយឆេះងំនៅក្នុងចិត្តរាល់ថ្ងៃ ។ លុះចុងក្រោយគាត់បានដេញបុរសម្នាក់ដែលជាបងថ្លៃ និងជាអ្នកសុីឈ្នួលបើករថយន្តដឹកទំនិញឱ្យខ្លួនចេញឱ្យត្រឡប់ទៅស្រុកវិញ ប៉ុន្តែត្រូវប្រពន្ធរារាំងមិនឱ្យទៅ និងឱ្យនៅធ្វើការបន្តទៀត ជាហេតុធ្វើឲ្យបុរសនោះខឹងយ៉ាងខ្លាំងតែអត់ហ៊ានវាយប្រពន្ធទេ បែរជាដាល់ទៅលើបងថ្លៃចំនួន៤ដៃបណ្ដាលឱ្យដួលអុកគូទ និងរងរបួសដេរ៨ថ្នេរបន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ពើក និងនគរបាលព្រហ្មទណ្ឌស្រុកអង្គស្នួលចុះទៅឃាត់ខ្លួនតែម្ដង ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ បុរសដែលជាជនសង្ស័យខាងលើឈ្មោះ ភឿន ម៉ន អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានប្រពន្ធឈ្មោះ ឡាំង ចាន់ធឿន មុខរបរលក់ដូរ ។ ចំណែកបុរសរងគ្រោះឈ្មោះ ឡាំង សុខា អាយុ៤០ឆ្នាំ ជនជាតិខ្មែរមុខរបរសុីឈ្នួលបើកបររថយន្តដឹកទំនិញឱ្យជនសង្ស័យដែលជាប្អូនថ្លៃរងរបួសផ្ទៃមុខ និងក្បាលដេរ៨ថ្នេរហើយអ្នកទាំង២ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។
នគរបាលបានឲ្យដឹងថា បុរសរងគ្រោះបានមកស្នាក់នៅក្នុងផ្ទះជនដៃដល់ដោយសុីឈ្នួលបើកបររថយន្តឱ្យជននេះ និងប្រពន្ធច្រើនឆ្នាំមកហើយ ដោយបានប្រាក់ឈ្នួលក្នុង១ខែ៣០០ដុល្លារ ។ ដោយឡែកនៅក្នុងរង្វង់គ្រួសារមួយនេះវិញពុំមាននរណាម្នាក់បានដឹងថា មានរឿងអ្វីកើតឡើងនោះទេ ប៉ុន្តែការរស់នៅរវាងជនដៃដល់ និងប្រពន្ធហាក់មិនចុះសម្រុងនឹងគ្នាសោះឡើយ ។ មិនតែប៉ុណ្ណោះប្រពន្ធតែងតែសុំបុរសជាប្ដីរូបនេះលែងលះគ្នាជាញឹកញាប់ និងច្រើនលើកច្រើនសារមកហើយ ប៉ុន្តែបុរសជាប្ដីមិនព្រមលែងលះឡើយ ហើយក៏តែងតែមានការមួរម៉ៅក្ដៅក្រហាយឆេះងំនៅក្នុងចិត្តខ្លួនឯងរាល់ថ្ងៃផងដែរ ។
ប្រភពដដែលបានបន្តថា លុះដល់វេលាព្រឹកថ្ងៃកើតហេតុ ព្រោះខឹងប្រពន្ធសុំលែងទៀតបុរសនេះបានដេញបុរសរងគ្រោះដែលជាបងថ្លៃឱ្យឈប់ធ្វើការតទៅទៀត និងបង្ខំឱ្យត្រឡប់ទៅស្រុកវិញជាបន្ទាន់ លែងឱ្យស្នាក់នៅផ្ទះរបស់ខ្លួនតទៅទៀតហើយ ។ ខណៈនោះបុរសជាបងថ្លៃបម្រុងចាកចេញទៅហើយ ប៉ុន្តែត្រូវបានស្ត្រីជាប្រពន្ធ និងត្រូវជាប្អូនបង្កើតឃាត់មិនឲ្យទៅឱ្យស្នាក់នៅធ្វើការបន្តទៀតទើបគាត់សុខចិត្តនៅ ។
ប៉ុន្តែរហូតដល់វេលាល្ងាចថ្ងៃដដែលជនដៃដល់បានមានទំនាស់ជាមួយប្រពន្ធនៅក្នុងបន្ទប់ម្ដងទៀត លុះពេលចេញមកក្រៅឃើញបងថ្លៃអត់ព្រមឈប់ធ្វើការត្រឡប់ទៅស្រុកវិញ ជននេះមានការខឹងសម្បារយ៉ាងខ្លាំង ។ បន្ទាប់មកបានជេរប្រមាថព្រមទាំងដាល់ទៅលើបងថ្លៃចំនួន៤ដៃ បណ្ដាលឲ្យដួលអុកគូទរងរបួសយ៉ាងដំណំ ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលទាំងល្ងាច ហើយក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ពើកនិងនគរបាល ព្រហ្មទណ្ឌស្រុកអង្គស្នួលបានចុះទៅឃាត់ខ្លួនជននេះរួចបាននាំទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្ដង ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ