ប្រទេសជប៉ុន ៖ លោកយ៉ាស៊ូហ៊ីរ៉ូណាកាសូនេ នាយករដ្ឋមន្ត្រីអភិរក្សនិយមជប៉ុន រវាងពីឆ្នាំ១៩៨២និង១៩៨៧ ដែលលោកមានឈ្មោះល្បីដោយសារតែពង្រឹងសម្ព័ន្ធភាពខាងសន្តិសុខជាមួយសហរដ្ឋអាមេរិកនោះ បានទទួលមរណភាពហើយនាថ្ងៃទី២៩វិច្ឆិកា ក្នុងជន្មាយុ១០១ឆ្នាំ។ នេះជាសេចក្ដីរាយការណ៍របស់បណ្ដាមនុស្សជំនិតនៃកូនប្រុសលោក។
លោកណាកាសូនេបានអនុវត្តនយោបាយការទូត បង្កើនទំនាក់ទំនងយោធាជាមួយសហរដ្ឋអាមេរិក ក្នុងអំឡុងពេលសង្គ្រាមត្រជាក់និងក៏ទោះបីមានទំនាស់គ្នាខាងពាណិជ្ជកម្មយ៉ាងខ្លាំងរវាងក្រុងតូក្យូនិងក្រុងវ៉ាស៊ិនតោនក្ដី។ ដោយចាត់ទុកអាមេរិកថាជាដៃគូសំខាន់បំផុតរបស់ជប៉ុន លោកណាកាសូនេ បានទទួលមិត្តភាពយ៉ាងកក់ក្ដៅពីសំណាក់ប្រធានាធិបតីលោករ៉ូណាល់រីហ្កេន។
ក្នុងសុន្ទរកថាដំបូងរបស់លោក ក្នុងនាមជានាយករដ្ឋមន្ត្រីជប៉ុន លោកណាកាសូនេធ្លាប់ថ្លែងថា នយោបាយការបរទេសជប៉ុន ដែលជាអ្នកចាញ់សង្គ្រាមពួកសម្ព័ន្ធមិត្តក្នុងឆ្នាំ១៩៤៥ គឹ សំដៅធ្វើឲ្យជប៉ុនក្លាយជាសមាជិកពេញសិទ្ធិរបស់ពិភពសេរីនាំមុខដោយពួកអឹរ៉ុបខាងលិចនិងសហរដ្ឋអាមេរិក។
លោកហាក់រំលងនយោបាយសន្តិភាពនិយមរបស់ជប៉ុន ក្រោយសង្គ្រាមលោកលើកទី២ ដោយសម្រេចផ្ដល់បច្ចេកវិទ្យាយោធាដល់សហរដ្ឋអាមេរិកហើយបង្កើនថវិកាការពារប្រចាំឆ្នាំ។ គំនិតជាតិនិយមរបស់លោកនាំឲ្យមានការ ប្រឆាំងរបស់ពួកធ្វេងនិយមបំផុតជប៉ុន ក្នុងសម័យកាលដែលចលនាសន្តិភាពនិយមក្នុងស្រុកនៅខ្លាំងនៅឡើយ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ