ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​រោង​ភាពយន្ត​ពី​សង្គមចាស់បានទៅ​ណា​អស់ហើយ?

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​ការ​ស្រាវជ្រាវ​ដោយ​ផ្ទាល់​ពី​កោះសន្តិភាព រោង​ភាពយន្ត​នៅ​ក្នុង​ក្រុង​កំពត ដែល​កើត​មាន​យ៉ាង​រស់​រវើក កាលពីសម័យ​សង្គមរាស្ត្រនិយម ពេល​នេះ​រលំរលាយ​បាត់ឈ្មោះ​បោះ​សំឡេង​អស់​ទៅ​ហើយ ។ តាម​ការ​កត់សម្គាល់​សម័យ​មុន​មាន​រោង​ភាពយន្ត​ចំនួន​៤ រោង​ទាំង​៤​នេះ​មានឈ្មោះ​ផ្សេង​ៗ​គ្នា…

ខេត្តកំពត ៖ តាម​ការ​ស្រាវជ្រាវ​ដោយ​ផ្ទាល់​ពី​កោះសន្តិភាព រោង​ភាពយន្ត​នៅ​ក្នុង​ក្រុង​កំពត ដែល​កើត​មាន​យ៉ាង​រស់​រវើក កាលពីសម័យ​សង្គមរាស្ត្រនិយម ពេល​នេះ​រលំរលាយ​បាត់ឈ្មោះ​បោះ​សំឡេង​អស់​ទៅ​ហើយ ។ តាម​ការ​កត់សម្គាល់​សម័យ​មុន​មាន​រោង​ភាពយន្ត​ចំនួន​៤ រោង​ទាំង​៤​នេះ​មានឈ្មោះ​ផ្សេង​ៗ​គ្នា ។

រោង​ទី​១ មានឈ្មោះ​រោង​ភាពយន្ត​«​រ៉ូ​យ៉ា​ល់​» ក្រោយ​ថ្ងៃ​៧ មក​រា បាន​ប្ដូរ​ឈ្មោះ​ជា​រោង​ភាពយន្ត​ជ័យ​ជំនះ ក្រោម​ការ​គ្រប់គ្រង​របស់​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត ។ រោង​ភាពយន្ត​នេះ​ស្ថិត​ក្នុងភូមិ​១ ឧសភា សង្កាត់​កំពង់​កណ្ដាល ក្រុង​កំពត ។ រោង​ភាពយន្ត​ទី​២ មានឈ្មោះ​រោង​ភាពយន្ត «​មាន​គង​» ក្រោយ​ថ្ងៃ​៧ មក​រា​បាន​ប្ដូរ​ឈ្មោះ​ជា​រោង​ភាពយន្ត «៧​មក​រា​»​វិញ ។ រោង​ទី​៣ រោង​ភាពយន្ត​សន្តិភាព មិន​បាន​ប្ដូរ​ឈ្មោះ​ទេ ។រោង​ទាំង​បី​នេះ ស្ថិត​ក្នុងភូមិ​សង្កាត់​ជាមួយ​គ្នា​ហើយ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សី​ល្បៈ​ខេត្ត​ដូច​គ្នា ។

រោង​ភាពយន្ត ទី​៤​មានឈ្មោះ​«​សែន​មនោ​រម្យ​»​ក្រោយ​ថ្ងៃ​៧​មក​រា ប្ដូរ​ឈ្មោះ​រោង​ភាពយន្ត​«២​ធ្នូ​» ស្ថិត​ក្នុង​ភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត ក្រោម​ការ​គ្រប់គ្រង​របស់​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​​ខេត្ត​ដូច​គ្នា ។ រោង​ភាពយន្ត​ទាំង​បួន​នេះ​បច្ចុប្បន្ន​ក្លាយជា​របស់​កម្មសិទ្ធិឯកជន​ទាំងអស់​ឡើង​ម៉ដ្ឋ​ដូច​អាចម៍​ទីទុយ ។ រោង​ភាពយន្ត​ខ្លះ​ម្ចាស់​កម្មសិទ្ធិ​បច្ចុប្បន្ន វាយ​កម្ទេច​រូបភាព​ដើម​ចោល​កសាង​ថ្មី ជា​សណ្ឋា​គារ​ខ្ពស់​ៗ ដូច​ជា​រោង​ភាពយន្ត​សែន​មនោ​រម្យ​ឬ​រោង​ភាពយន្ត​«២​ធ្នូ​»ជាដើម ។

រីឯ​រោង​ភាពយន្ត​សន្តិភាព​ក៏​ដូច​គ្នា​ដែរ ប៉ុន្តែ​គេ​កែ​ខ្លះ​និង​នៅ​រូបភាព​ដើម​ខ្លះ រោង​ភាពយន្ត​មាន​គង​ឬ​រោង​ភាពយន្ត​៧​មក​រា ក៏​ម្ចាស់​កម្មសិទ្ធិ​គ្រប់គ្រង​ថ្មី​កែ​ច្នៃ​ពី​ខាងក្នុង​ទាំងអស់ គេ​ទុក​តែ​រូបភាព​ខាង​មុខ​ទេ គឺ​ខាង​មុខ​រោង​ភាពយន្ត​នៅ​ដូច​ពី​ដើម​ដដែល ព្រោះ​នេះ​ជា​សិទ្ធិ​របស់​ឯកជន​ទោះ​ចង់​វ៉ៃ​ចោល​សង់​ថ្មី​ក៏​គ្មាន​បញ្ហា​អ្វី​ត្រូវ​ទប់ស្កាត់​ដែរ ។

ប្រភព​នៃ​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា រោង​ភាពយន្ត​ទាំង​៤ ពេញ​និយម​ខ្លាំង​នៅ​ឆ្នាំ​១៩៦៧ រហូត​ដល់​ឆ្នាំ​១៩៧៣ ដោយ​រោង​ភាពយន្ត​ទាំង​៤​នេះ​ម្ចាស់​ក្រុមហ៊ុន​រោង​និ​មួយ​ៗ យក​រឿង​មក​បញ្ចាំង​ជូន​ទស្សនិកជន​មិន​ឲ្យ​ជាន់​គ្នា​ទេ គឺ​ចែក​សាច់​រឿង​ដោយឡែក​ពី​គ្នា ដោយ​គោរព​សិ​ទ្ឋិ​បញ្ញា​មិន​ឲ្យ​ប៉ះពាល់​លើ​ការ​ធ្វើ​អាជីវកម្ម​បញ្ចាំងភាពយន្ត​នោះ​ឡើយ គឺ​ចេះ​ចែករំលែក​សេវាកម្ម​ដោយ​រលូន ។

តាម​ការ​កត់សម្គាល់​ពី​អតីតកាល​រោង​ភាពយន្ត​ទី​១ «​រ៉ូ​យ៉ា​ល់​» បញ្ចាំង​តែ​សាច់​រឿងភាពយន្ត​ឥណ្ឌា និយាយ​ភាសារ​ខ្មែរ ហើយ​អ្នក​ចូល​ទស្សនា​ភាគច្រើន បងប្អូន​ចាម​ឬ​ខ្មែរ​អ៊ិ​ស្លា​ម​ចូល​មើល​ច្រើន​ជាង​បងប្អូន​ខ្មែរ ។
រោង​ភាពយន្ត​ទី​២​ឈ្មោះ​រោង​ភាពយន្ត «​មាន​គង​» រោង​នេះ​បញ្ចាំង​រឿង​ចិន​ហុងកុង​ដូច​ជា​រឿង​កាប់​ដាវ ប្រដាល់​ក្បាច់គុន​ចិន​ហុងកុង​ឬ​រឿងព្រេង​ចិន​ហុងកុង ។ រោង​ភាពយន្ត​ទី​៣​ឈ្មោះ​សន្តិភាព រោង​នេះ​បញ្ចាំង​តែ​រឿង​ខ្មែរ ទាំង​បុរាណ ទាំង​សម័យ ។ រីឯ​រោង​ភាពយន្ត​ទី​៤ គឺ​រោង​ភាពយន្ត​«​សែន​មនោ​រម្យ​»​រោង​នេះ​បញ្ចាំង​តែ​ខ្សែភាពយន្ត បរទេស​ដូច​ជា ខ្សែភាពយន្ត​អា​មេ​រិ​ក ខ្សែភាពយន្ត​បារាំង​ជាដើម ។

ប្រភព​បាន​ឲ្យ​ដឹង​ពី​ការ​ធ្វើ​អាជីវកម្ម​របស់​ម្ចាស់​រោង​ភាពយន្ត​និង​ការ​ពេញ​និយម​នៃ​ការ​ចូល​ទស្សនា​របស់​ទស្សនិកជន​នា​សម័យ​នោះ គ្រប់​រោង​ភាពយន្ត​ទាំងអស់​បញ្ចាំង​មួយ​ថ្ងៃ​៣​លើក គឺ​ពេល​ព្រឹក​ចាប់ពី​៩​ដល់​ម៉ោង​១១ ។ ពេល​រសៀល​ចាប់ពី​ម៉ោង​២​និង​៣០​នាទី​ដល់​ម៉ោង​៤​និង​៣០​នាទី ។ ពេល​យប់​ចាប់ពី​ម៉ោង​៧ ដល់​ម៉ោង​៩​យប់ ។ ការ​ចូល​ទស្សនា​តាម​រោង​ភាពយន្ត​នីមួយ​ៗ មនុស្ស​មិន​ក្រោម​ពី​៥០​នាក់​ឡើង​ទៅ​នោះ​ទេ។

បើ​តាម​អ្នកវិភាគ​និង​តាមដាន​កា​រវិ​វ​ឌ្ឍ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​វប្បធម៌ ប្រជាពលរដ្ឋ​ភាគច្រើន​អ្នក​ប្រកប​មុខរបរ​កសិកម្ម ធ្វើស្រែ​ចម្ការ ហើយ​ជីវភាព​នៃ​ការ​រស់នៅ​របស់​ប្រជាជន​នា​សម័យ​នោះ​ហាក់ដូច
ជា​មិន​មាន​បញ្ហា​ចោទ​ឡើង​ផ្នែក​ខាង​សេដ្ឋកិច្ច​គ្រួសារ​ប៉ុន្មាន​នោះ​ទេ ។

រីឯ​ផ្នែក​វប្បធម៌​និង​បច្ចេកវិទ្យា​នា​សម័យ​នោះ ​ពុំ​សូវ​មានការ​រីក​ចម្រើន​ដូច​បច្ចុប្បន្ន​នេះ​ទេ គឺ​គ្មាន​វី​ដេ​អូ​មើល​ទេ​(​ហើយ​មិន​ទាន់​ស្គាល់​វី​ដេ​អូ​ទៀត​ផង​) ។ នៅ​តាម​ជនបទ​ប្រជាជន​១០​គ្រួសារ មិន​មាន​ទូរទស្សន៍​ស​-​ខ្មៅ​មួយ​គ្រួសារ​ផង ប៉ុន្តែ​អាច​មាន​វិទ្យុ ក្នុង​ចំណោម​១៥​ទៅ​២០​គ្រួសារ មាន​វិទ្យុ​ឯកជន​មួយ​គ្រឿង​តែ​ប៉ុណ្ណោះ ។ ដូច្នេះ ការ​កម្សាន្ត​ផ្នែក​អារម្មណ៍ គឺ​តែងតែ​នាំ​គ្នា​ក្នុង​ក្រុម​គ្រួសារ​ឬ​មិត្តភក្តិ​ទៅ​មើល​កុន​(​ភាពយន្ត​)​នៅ​ឯ​ផ្សារ​កំពត តាម​ពេលវេលា​ដែល​ពួក​គេ​សម្រាក​ពី​ការងារ ខ្លះ​ពេល​ថ្ងៃ ខ្លះ​ពេល​យប់ ។

លុះដល់​សម័យ​បច្ចុប្បន្ន ដោយ​បច្ចេកវិទ្យា​កាន់តែ​រីក​ចម្រើន​ខ្លាំង​ឡើង ដូច​ពេល​នេះ ជីវភាព​ប្រជាជន​ក៏​មានការ​រីក​ចម្រើន​ជា​លំដាប់ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ផង​នោះ ភាពយន្ត​ដែល​ពេញ​និយម​នា​ពេល​កន្លង​មក​ក៏​គេ​ឈប់​ចង់​មើលទៅ​ហើយ ។ បើ​ចង់​មើល​រឿង​អ្វី ឬ​ព័ត៌មាន​អ្វីមួយ គឺ​មើល​តាម​ទូរទស្សន៍​ផ្កាយ​រណប ឬ​ចុច​កម្មវិធី​តាម​ទូរស័ព្ទ​ដៃ​របស់​គេ​អាច​មើលឃើញ​ផុត​ជើងមេឃ ។

ដូច្នេះ​ហើយ​ទើប​ការ​ធ្វើ​អាជីវកម្ម​បញ្ចាំង​ភាពយន្ត​នៅ​តាម​រោង គេ​ឈប់​ធ្វើ​អាជីវកម្ម​បញ្ចាំង​ដោយសារ​គ្មាន​មនុស្ស​ចូល​ទស្សនា​ដូច​កាលពី​សម័យ​មុន​នោះ​ទៀត​ឡើយ ។ ប៉ុន្តែ​ទោះបី​សិល្បៈ​ភាពយន្ត ឈប់​ធ្វើ​អាជីវកម្ម​បញ្ចាំង​នៅ​ក្នុង​រោង​បែប​នេះ​ក្តីនា​ពេល​បច្ចុប្បន្ន​នេះ​ក៏​នៅ​មាន​ឃើញ​ពេល​បុណ្យ​នៅ​តាម​វត្ត​ខ្លះ​នៅ​មាន​បញ្ចាំង​ខ្សែភាពយន្ត​ជូន​ប្រជាពលរដ្ឋ​ទស្ស​នា​ជា​ហូរហែ​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ