ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាក្រហម​និង​ស្រា​វី​ស្គីទាំងនេះ កំពុង​ផលិត​​សុទ្ធតែ​ក្លែងបន្លំ​​ម៉ាក

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ​៖ បន្ទាប់​ពី​សមត្ថកិច្ច​ចម្រុះ​ឆ្មក់​ចូល​ទីតាំង​មួយ​កន្លែង កាលពី​រសៀល​ថ្ងៃ​ទី​២៧ វិច្ឆិកា ហើយ​រក​ឃើញ​ស្រា​ក្លែងបន្លំ​ម៉ាក​យីហោរំលោភ​កម្មសិទ្ធិបញ្ញា​ជិត​៣០០០​ដប និង​សម្ភារ​ផលិត​មួយ​ចំនួន​ផង​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ វិច្ឆិកា សមត្ថកិច្ច​ចម្រុះ​ដដែល បាន​ធ្វើការ​ឆែកឆេរ​ជា​បន្ត​លើ​៤​ទីតាំង​ផ្សេង​ទៀត…

ខេត្តបន្ទាយមានជ័យ​៖ បន្ទាប់​ពី​សមត្ថកិច្ច​ចម្រុះ​ឆ្មក់​ចូល​ទីតាំង​មួយ​កន្លែង កាលពី​រសៀល​ថ្ងៃ​ទី​២៧ វិច្ឆិកា ហើយ​រក​ឃើញ​ស្រា​ក្លែងបន្លំ​ម៉ាក​យីហោរំលោភ​កម្មសិទ្ធិបញ្ញា​ជិត​៣០០០​ដប និង​សម្ភារ​ផលិត​មួយ​ចំនួន​ផង​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ វិច្ឆិកា សមត្ថកិច្ច​ចម្រុះ​ដដែល បាន​ធ្វើការ​ឆែកឆេរ​ជា​បន្ត​លើ​៤​ទីតាំង​ផ្សេង​ទៀត ដែល​សមត្ថកិច្ច​ដាក់​កម្លាំង​យាម​កា​ពារ​ពេញ​១​យប់​ទៅ​ហើយ ។

ទីតាំង​ទាំង​៤​នេះ ៣​ទីតាំង​ស្ថិត​ក្នុង​ទឹកដី​កាស៊ីណូ និង​១​ទីតាំង​ទៀត​ស្ថិត​ចំណុច​ផ្លូវ​ដើម​ពុទ្រា ក្នុងភូមិ​ក្បាល ស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​ដូច​គ្នា ។ មក​ទល់​នឹង​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​បាន​ចំនួន​២​ទីតាំង ដោយ​ទីតាំង​ទី​១​ស្ថិត​នៅ​ចំណុច​បរិវេណ​អតីត​ទឹកដី​កាស៊ីណូ​ផ្កាយ​៥ រក​ឃើញ​ស្រា​ចម្រុះ​គ្មាន​បិទ​ម៉ាក និង​បិទ​ម៉ាក​ថ្មី​ក្លែងក្លាយ ព្រមទាំង​ស្ទិ​ក​ឃ័​រ​ពន្ធគយ​ក្លែងក្លាយ​បិទ​លើ​ដប​ស្រា​ជា​ច្រើន​សន្ធឹកសន្ធាប់ ។

ពេល​សមត្ថកិច្ច​សាកសួរ​និង​ឲ្យ​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ តំណាង​ទីតាំង​នោះ​ឆ្លើយ​តប​ថា​មិន​មាន​ឯកសារ​អ្វី​ឡើយ ទើប​សមត្ថកិច្ច​សម្រេច​ដកហូត​វត្ថុ​តាង​ស្រា​ចម្រុះ​១៦​មុខ សរុប​២២១​ដប ក្នុង​នេះ​ក៏​រក​ឃើញ​មី​ញ៉ែ​ត​ឬ​តែម​គយ​ក្លែងបន្លំ​ជា​ច្រើន​ទៀត​ផង​សុទ្ធតែ​ជា​ស្នាដៃ​ជន​ទុច្ចរិត​មុខរបរ ។ទូដែក​មួយ​សង្ស័យ​ផ្ទុក​របស់​សម្ងាត់​អ្វីមួយ​ត្រូវ​បាន​តំណាង​ទីតាំង​ឆ្លើយ​ថា​គ្មាន​សោ​ចាក់​ត្រូវ​សមត្ថកិច្ច​ឃ្លុំបេ និង​ដឹក​យក​ទៅ ។ តាម​ប្រភព​ព័ត៌មាន​ថា ទីតាំង​ខាងលើ​កាលពី​យប់​ថ្ងៃ​ទី​២៧ វិច្ឆិកា មានការ​លួច​គាស់​ជញ្ជាំង​ផ្នែក​ខាងក្រោយ​លួច​ជញ្ជូន​ស្រា​ចេញ លុះដល់​ម៉ោងជាង​២​រំលង​អធ្រាត្រ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៨ វិច្ឆិកា ទើប​សមត្ថកិច្ច​ដឹង ខណៈ​ពេល​ដែល​ទៅ​បត់ជើងតូច​នៅ​ផ្នែក​ខាងក្រោយ​កន្លែង​កើតហេតុ ។

ស្រា​ដែល​ជនសង្ស័យ​ក្នុង​ហាង​នេះ ជញ្ជូន​ចេញ​រួច​ដឹក​តាម​រថយន្ត​១​គ្រឿង ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​បាត់ដំបង​2B.3344​នោះ ត្រូវ​សមត្ថកិច្ច​ប្រើ​នីតិវិធី​ឲ្យ​យក​ត្រឡប់​មក​ទីតាំង​ដើម​វិញ​ហើយ​ពេល​ឆែកឆេរ​ឃើញ​សុទ្ធតែ​ស្រា​ជា​ច្រើន​ដប ។ យ៉ាងណា​ក៏​ដោយ​តំណាង​ទីតាំង​និង​គូកន​ទាំងអស់​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​និង​យក​ទាំង​រថយន្ត​ដឹក​ជញ្ជូន​រំដោះ​ស្រា​នោះ​ផង​ដែរ ។
ជនសង្ស័យ​ទាំង​៣​នាក់​រួម​មាន​១-​ឈ្មោះ សាន្ត សុ​ត្ថា​វុ​ធ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ (​តំណាង​ទីតាំង​) ២-​ឈ្មោះ គឹ​ង ឆេ​ង​ស្រុ​ី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ និង​៣-​ឈ្មោះ ពន្លឺ ច​ន្ត្រា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ។ ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​នាំ​ចូល​រថយន្ត​ខាងលើ ដោយ​សមត្ថកិច្ច​ជា​អ្នកបើកបរ ឯ​សមត្ថកិច្ច​ខ្លះ​ទៀត​ជិះ​អម​ជនសង្ស័យ​ទាំងនេះ ខណៈ​ស្រា​ខ្លះ​ដែល​សង្ស័យ​ថា​ជា​ផលិតផល​ក្លែងក្លាយ មិន​ទាន់​រឹបអូស​អស់​ត្រូវ​សមត្ថកិច្ច​រក្សា​ទុក​នៅ​កន្លែង​កើតហេតុ​ដដែល​ដោយ​បិទ​ឃ្លុំបេ​ទ្វារ​មិន​ឲ្យ​នរណា​ចេញចូល​ឡើយ ។

ដោយឡែក ​ទីតាំង​២​ទៀត នៅ​ក្នុង​ទឹកដី​កាស៊ីណូ​ផា​រ៉ា​ម៉ែ​ក សមត្ថកិច្ច​ត្រួតពិនិត្យ​បាន​តែ​មួយ​ទីតាំង​ទេ គឺ​ហាង​ប៉ា​រី​ស​វី​ស្គី​ហ្ស​ប រក​ឃើញ​ស្រា​ក្លែងបន្លំ​ម៉ាក​យីហោ​៤១​ដប ខណៈ​ទីតាំង​មួយទៀត​ដែល​នៅ​ក្បែរ​នោះ​ជាប់​សោ​មិន​អាច​ចូល​ត្រួតពិនិត្យ​បាន ។ ចំណែក​ទីតាំង​ទី​4​ចំណុច​ផ្លូវ​ដើម​ពុទ្រា​ជិត​បា​រ៉ា​ស់ នគរបាល​អន្តោប្រវេសន៍​ច្រក​ចេញចូល​កាស៊ីណូ​មក​ទល់​ម៉ោង​ជិត​៤​រសៀល​នេះ សមត្ថកិច្ច​មិន​ទាន់​ចូល​ត្រួតពិនិត្យ​បាន​នៅឡើយ​ទេ ដោយសារ​គ្មាន​សោ​ចាក់​ដូច​ទីតាំង​ទី​៣​ដែរ ។

គួរ​បញ្ជាក់​ថា យោង​ការ​សាកសួរ​មន្ត្រី​សមត្ថកិច្ច​ចម្រុះ​ប្រាប់​ថា​ប្រតិបត្តិការ​ឆែកឆេរ​ទីតាំង​ផលិត​និង​លក់​ស្រា​ជា​បន្តបន្ទាប់​នេះ​យោង​លើ​ក្រុមហ៊ុន​នាំ​ចូល​ផ្តាច់មុខ​គេ​ដាក់​ពាក្យបណ្តឹង​ហើយ​សមត្ថកិច្ច​អះអាង​ថា មុន​ឈាន​ដល់​ការ​ឆ្មក់​ចូល​គឺ​សមត្ថកិច្ច​បាន​តាមដាន​អស់​រយៈពេល​ជា​ច្រើន​ខែ​ផង​ដែរ ។នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា ទីតាំង​លួចលាក់​ធ្វើ​ស្រា​ក្លែងបន្លំ​យីហោ​ឬ​ក្លែងក្លាយ​រំលោភ​កម្ម​សិទ្ធ​បញ្ញា​កាលពី​រសៀល​ថ្ងៃ​ទី​២៧ វិច្ឆិកា សមត្ថកិច្ច​ចម្រុះ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ និង​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឃាត់ខ្លួន​មនុស្ស​២​នាក់​រក​ឃើញ​ស្រា​ចម្រុះ​ជិត​៣០០០​ដប និង​សម្ភារ​វេច​ខ្ចប់​ជា​ច្រើន​ទៀត ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​រួម​មានឈ្មោះ ថៃ ម៉ា​ឡា ភេទ​ប្រុស ជា​ម្ចាស់​ទីតាំង​និង​ឈ្មោះ សេន សាន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​កម្មករ ។ សមត្ថកិច្ច​រឹបអូស​បាន​ស្រាក្រហម​ក្លែងបន្លំ​ម៉ាក​សញ្ញា​penfolds Bin2 Bin8 Bin707 Bin128 Bin407 Bin389 ចំនួន​២៤៨​កេស ស្មើនឹង​១៤៨៨​ដប ស្រាក្រហម​៨៨ ចំនួន​១៣២​កេស ស្មើនឹង​១៥៨៤​ដប សំបក​ប្រអប់​ចំនួន​៩៣​ដុំ ស្មើនឹង​៩៣០​កេស ស្ទិ​ឃ័​រ​៥២​ដុំ ស្មើនឹង​៥២០០​សន្លឹក និង​សំបក​កេស​៤០០​ដុំ ស្មើនឹង​១០០០០​កេស ក្លែង​កម្មសិទ្ធិបញ្ញា ។

ករណី​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ខាងលើ​សមត្ថកិច្ច​អះអាង​ថា បាន​តាមដាន​អស់​ជា​ច្រើន​ខែ​មក​ហើយ​ៗ​ក៏​មាន​ក្រុមហ៊ុន​នាំ​ចូល​ផ្តាច់មុខ​បាន​ដាក់​ពាក្យបណ្តឹង ។ ក្នុង​ប្រតិបត្តិការ​នេះ​មាន​វត្តមាន​តំណាង​ក្រុមហ៊ុន មាន​សិទ្ធិ​នាំ​ចូល​ផ្តាច់មុខ​មួយ​ចំនួន​រួម​ទាំង​ក្រុមហ៊ុន​អ៊ែ​ត​វូ​ដ​ផង ។ ទាំង​ជនសង្ស័យ​និង​វត្ថុ​តាង​ក្រោយ​បិទ​បញ្ចប់​ការ​ឆែកឆេរ​សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សាកសួរ​និង​បន្ត​នីតិវិធី ។

សូម​បញ្ជាក់​ថា​ស្រា​ដែល​ចាត់​ទុក​ថា​ក្លែងបន្លំ​ម៉ាក​នេះ​មាន​ប្រភេទ​ស្រាក្រហម និង​ស្រា​លាយ​សូ​ដា ប្រភេទ​វី​ស្គី ។ ឱ ! អ្នក​និយម​ស្រាក្រហម ស្រា​វី​ស្គី​ទាំងឡាយ​អើយ​…​បើ​ជន​ទុច្ចរិត​បន្លំ​ផលិត​ក្លែងក្លាយ​យ៉ាងនេះ តើ​គួរ​ប្រថុយ​ផឹក​បន្ត​ទៀត​ឬ​អត់ ?ចំណែក​អ្នក​ច្បាប់​ខ្លះ​ដែល​ចោល​ស្រា​ធុន​នេះ​មិន​បាន ដែល​ផឹក​ចូល​ក្នុង​រាង​កាយ​ច្រើន​មក​ហើយ តើ​ត្រូវ​ផ្តន្ទាទោស​ឱ្យ​សង​សុខភាព​កម្រិត​ណា​ទៅ ?

ព័ត៌មាន​ចុង​ក្រោយ
ដោយសារ​ទីតាំង​ទី​៤ សង្ស័យ​ថា​ ជា​របស់​ឈ្មោះ ថៃ ម៉ា​ឡា ហៅ​តុលា ជា​ម្ចាស់​ទីតាំង​ដែល​សមត្ថកិច្ច​បង្ក្រាប​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា​ហើយ​ទីតាំង​នេះ​ជាប់​សោ​ផង ​លោក​ព្រះរាជអាជ្ញា​បញ្ជា​ឲ្យ​យក​ជនសង្ស័យ​ខាងលើ​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មក​សាកសួរ តែ​ពេល​ទៅ​ដល់ទី​តាំងទី​៤​នេះ ឈ្មោះ​ខាងលើ​អះអាង​ថា​ទីតាំង​នេះ​ខ្លួន​បាន​សាង​ទៅ​ឲ្យ​គេ​លក់​បន្ត​៣​ទៅ​៤​ខែ​ហើយ ។ ដោយសារ​ម្ចាស់​ថ្មី​មិន​ចេញ​មុខ លោក​ព្រះរាជ អាជ្ញា​បញ្ជា​ឲ្យ​សមត្ថកិច្ច​ហៅ​ជាង​ធ្វើ​សោ​បើកទ្វារ​ដើម្បី​ត្រួតពិនិត្យ​តែ​ម្តង ។

លទ្ធផល ដោយ​មានការ​ចូលរួម​ពី​តំណាង​ក្រុមហ៊ុន​នាំ​ចូល​ផ្តាច់មុខ ដូច​ជា​ផឹ​ន​ហ្វូ​ល​និង​អ៊ែ​ត​វូ​ដ ទីតាំង​មួយ​នេះ​រក​ឃើញ​ស្រា​ក្លែងបន្លំ​យីហោ​ជា​ច្រើន​ប្រភេទ​ក្នុង​នោះ​រួម​មាន​ស្រា​ចម្រុះ​ម៉ាក​១១៧​ដប ស្រាក្រហម penfolds222​ដប ។គួរ​បញ្ជាក់​ថា លើ​ដប​ស្រា​ទាំងនេះ​មាន​បិទ​មី​ញ៉ែ​ត​ឬ​តែម​គយ​ក្លែងបន្លំ ភាគច្រើន​ខណៈ​មន្ត្រី​គយ​និង​រដ្ឋាករ​ប្រើ​ពិល​ដើម្បី​ឆ្លុះ​មើល​តាម​ដប​នីមួយ​ៗ ៕

អត្ថបទសរសេរ ដោយ