ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​សម្រេច​ដាក់​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង​ជា​តំបន់ការពារធម្មជាតិ​តែ​មួយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​សំណើ​របស់​ក្រសួងបរិស្ថាន រាជរដ្ឋាភិបាល​បាន​សម្រេច​ដាក់​បញ្ចូល​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង​ខាងលិច និង​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង​ទៅ​ជា​តំបន់ការពារធម្មជាតិ​តែ​មួយ​មានឈ្មោះ​ថា «​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង​» ដែល​មាន​ផ្ទៃដី​ទំហំ​សរុប​ចំនួន​១៣៣ ៧០៧, ៧៣ ហិ​កតា…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​សំណើ​របស់​ក្រសួងបរិស្ថាន រាជរដ្ឋាភិបាល​បាន​សម្រេច​ដាក់​បញ្ចូល​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង​ខាងលិច និង​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង​ទៅ​ជា​តំបន់ការពារធម្មជាតិ​តែ​មួយ​មានឈ្មោះ​ថា «​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង​» ដែល​មាន​ផ្ទៃដី​ទំហំ​សរុប​ចំនួន​១៣៣ ៧០៧, ៧៣ ហិ​កតា ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​សន្តិភាព ឃុំ​ថ្មកែវ ឃុំ​ព្រែក មាស ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​ព្រំប្រទល់ និង​ផ្ទៃក្រឡា​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង​នឹង​ត្រូវធ្វើ​បច្ចុប្បន្នភាព និង​កែសម្រួល​តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ និង​ប្រមូល​ទិន្នន័យ​ដោយ​ផ្អែក​លើ​មូលដ្ឋាន​វិទ្យាសាស្ត្រ ដើម្បី​ធានា​តម្លៃ និង​ផលប្រយោជន៍​ធនធាន​ជីវៈចម្រុះ សេដ្ឋកិច្ច និង​សង្គម​វប្បធម៌ ។ នៅ​ពេល​មិន​ទាន់​បញ្ចូល​គ្នា​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង មាន​ផ្ទៃដី​ទំហំ ៦៦ ៩៣២ ហិ​កតា ចំណែកឯ​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង​ខាងលិច​មាន​ទំហំ​ផ្ទៃដី ៦៥ ៣៨៩ ហិ​កតា ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បានឱ្យ​ដឹង​កាល នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា​នេះ​ថា ការ​ដាក់​បញ្ចូល​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង​ខាងលិច និង​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង​ទៅ​ជា​តំបន់ការពារធម្មជាតិ​តែ​មួយ​នេះ គឺ​នឹង​ជួយ​ឱ្យ​មានការ​ស្រួល​ដល់​ការ​គ្រប់គ្រង និង​អភិរក្ស​កាន់តែ​មាន​ប្រសិទ្ធភាព​ដោយ​កាត់​បន្ថយ​នូវ​ការិយាល័យ​ធិ​ប​តេ​យ្យ ងាយស្រួល​ដល់​ការ​ធ្វើ​ផែនការ​គ្រប់គ្រង និង​ចំណេញ​ថវិកា ។ ដែន​ជម្រក​សត្វ​ទាំង​ពីរ​នេះ​មាន​ទីតាំង​ភូមិសាស្ត្រ និង​ស្ថានភាព​ប្រព័ន្ធ​អេកូឡូស៊ី ដែល​មាន​លក្ខណៈ​ដូច​គ្នា ។ លោក​បាន​បន្ត​ថា ដែនជម្រកសត្វព្រៃ​ទាំង​ពីរ​នេះ​ជា​អតីត​តំបន់​សត្វ​ស្លាប​យ៉ាង​សំខាន់ និង​កន្លង​ទៅ​ក៏​បាន​ទទួល​ការ​សិក្សា និង​ស្នើ​សុំ​បង្កើត «​ព្រៃ​ការពារ​» តែ​មួយ​សម្រាប់​អភិរក្ស​ធនធាន​សេនេទិច​រុក្ខជាតិ និង​សត្វព្រៃ​ផង​ដែរ ។

ដែនជម្រកសត្វព្រៃ​«​សៀម​ប៉ា​ង​» និង​«​សៀម​ប៉ា​ង​ខាងលិច​» ភាគច្រើន​គ្របដណ្តប់​ទៅ​ដោយ​ព្រៃ​ល្បោះ​ស្ងួត ព្រៃ​ពាក់កណ្តាល​ស្រោង និង​វាលស្មៅ​សាវា​ណា ដែល​បន្ត​ភ្ជាប់​គ្នា​ឆ្លង​ព្រំប្រទល់​នៃ​តំបន់​ទាំង​ពីរ ដែល​ជា​ផ្នែក​មួយ​នៃ​តំបន់​អេកូឡូស៊ី​ព្រៃ​ត្រូពិច​ស្ងួត ទន្លេមេគង្គ​ក្រោម ដែល​ជា​ផ្នែក​មួយ​នៃ​តំបន់ជីវ​ជម្រុះ​មាន​តម្លៃ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​-​ភូមា មាន​សារៈសំខាន់​ខ្ពស់​សម្រាប់​ការ​អភិរក្ស ។ នៅ​ក្នុង​តំបន់​នេះ​សំបូរ​ទៅ​ដោយ​សត្វ​ស្លាប​កម្រ​ដូច​ជា សត្វ​ត្មាត សត្វ​ត្រដក់ សត្វ​ដំរី ទន្សោង សត្វ​ក្រៀល​ជាដើម ។

តាម​ការ​បញ្ជាក់​របស់​លោក​រដ្ឋលេខាធិការ នេត្រ ភក្ត្រា ការ​ដាក់​បញ្ចូល ដែន​ជម្រក​ស ត្វ​ព្រៃ​សៀម​ប៉ា​ង និង​សៀម​ប៉ា​ង​ខាល​លិច ជា​តំបន់ការពារធម្មជាតិ​តែ​មួយ ទទួល​បានការ​គាំទ្រ​ពី​អាជ្ញាធរ​មូលដ្ឋាន​(​ឃុំ ស្រុក និង​ខេត្ត​) ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ​ដៃគូ​ផង​ដែរ ។ លោក​នេត្រ ភក្ត្រា បាន​គូសបញ្ជាក់​ថា ការ​រៀបចំ​គ្រប់គ្រង និង​អភិរក្ស​តំបន់​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង​នេះ គឺ​ដើម្បី​ធានា​ឱ្យ​មានការ​ថែទាំ​សត្វព្រៃ និង​ប្រព័ន្ធ​អេកូឡូស៊ី​ព្រមទាំង​ធានា​ឱ្យ​មានការ​បំពេញ​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ប្រភេទ​ណាមួយ​នៃ​សត្វ​រុក្ខជាតិ និង​ជីវៈចម្រុះ​ក៏​ដូច​ជា ផ្តល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ការ​ប្រើប្រាស់​ប្រកបដោយ​និរន្តរភាព ព្រមទាំង​លើកកម្ពស់​ការ​ចូលរួម​របស់​សហគមន៍ មូលដ្ឋាន​ក៏​ដូច​ជា សាធារណជន ក្នុង​ការ​រួមចំណែក​ដល់​ការ​គ្រប់គ្រង ការ​ការពារ និង​ការ​អភិរក្ស​ជីវៈចម្រុះ និង​ធនធានធម្មជាតិ​ក្នុង​តំបន់​ឱ្យ​បាន​គង់វង្ស ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ