រាជធានីភ្នំពេញ ៖ ចាត់ទុកជាដំណឹងដ៏ល្អមួយជុំវិញផលិតផលកសិកម្មរបស់ខ្មែរ នោះគឺផ្លែស្វាយត្រូវបានប្រទេសកូរ៉េខាងត្បូងអនុញ្ញាតិឲ្យនាំចូលទៅទីផ្សារកូរ៉េបាន ក៏ប៉ុន្តែទន្ទឹមនឹងនេះ ខាងក្រុមហ៊ុនក្នុងស្រុកឯណោះវិញបញ្ជាក់ថាលក្ខខណ្ឌតម្រូវមួយចំនួនគឺពិបាកនឹងអនុវត្តបានណាស់ ដូច្នេះការនាំចេញស្វាយទៅកូរ៉េអាចនឹងមិនសម្រេចបានចំនួនច្រើនឡើយ ។
យ៉ាងណាមិញ យោងតាមជំនួបទ្វេរភាគីរវាងរដ្ឋមន្ត្រីកសិកម្មប្រទេសកម្ពុជា និងកូរ៉េ ក្នុងកិច្ចប្រជុំកំពូល អាស៊ាន កូរ៉េ នាទីក្រុងប៊ូសានប្រទេសកូរ៉េ បានបង្ហាញថា កូរ៉េបានយល់ព្រមអោយផលិតផលស្វាយកម្ពុជានាំចូលទីផ្សារកូរ៉េនៅចុងឆ្នាំ ២០១៩នេះ ខណៈក្រសួងកសិកម្មកូរ៉េ បានអនុម័តរួចហើយកាលពីចុងខែតុលាមុននេះ ។
លោក Kim Hyeon-Soo រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារនិងអភិវឌ្ឍន៍ជនបទនៃសាធារណៈរដ្ឋកូរ៉េខាងត្បូង បានមានប្រសាសន៍ថា ភាគីកូរ៉េបានអនុម័តរួចហើយ នូវការអនុញ្ញាតឱ្យនាំចូលស្វាយពីកម្ពុជាមកកូរ៉េ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ដូច្នេះក្នុងខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ កម្ពុជា នឹងអាចនាំចូលស្វាយមកកូរ៉េបានហើយ ។ នេះជាសញ្ញាវិជ្ជមានមួយសម្រាប់ទីផ្សារផ្លែស្វាយកម្ពុជា ក៏ដូចជាផលិតផលកសិកម្មពីកម្ពុជា ខណៈផលិតផលនេះ ហាក់មិនទាន់មានទីផ្សារធំនៅឡើយសម្រាប់កម្ពុជា ដោយសារតែរបាំងភូតគាមអនាម័យ ។
បើតាមលោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ៉និងនេសាទកម្ពុជា បានមានប្រសាសន៍នៅក្នុងកិច្ចជំនួបទ្វេរភាគី ផងដែរថា នេះគឺជាដំណឹងដ៏ល្អមួយ សម្រាប់ការនាំចូលផលិតផលស្វាយពីកម្ពុជាទៅកាន់ទីផ្សារប្រទេសកូរ៉េ ដែលជាទីផ្សារធំមួយ ហើយលោកក៏បានស្នើសុំកិច្ចសហប្រតិបត្តិការ ជាមួយភាគីកូរ៉េថែមទៀត លើការធ្វើទំនើបកម្មកសិកម្ម នៅកម្ពុជា ដើម្បីផ្លាស់ប្តូរនូវពិសោធន៍ ដែលកសិកម្មកូរ៉េបានឆ្លងកាត់ ។
ទោះបីជាកូរ៉េបានបើកភ្លើងខៀវបែបនេះក្ដី ក៏អ្នកនាំចេញស្វាយមួយចំនួនមិនសូវជារីករាយប៉ុន្មាននោះទេ ដោយសារតែកូរ៉េមានលក្ខខណ្ឌមួយគឺតម្រូវអោយមានភូតគាមអនាម័យខ្ពស់ ហើយមានក្រុមហ៊ុនតែមួយគត់ដែលអាចធ្វើបាននូវលក្ខខណ្ឌមួយនេះ ដូច្នេះសរុបទៅ បើទោះបីជាកូរ៉េ យល់ព្រមអោយនាំចេញទៅក្ដី តែនៅមានចំនួនតិចតួចប៉ុណ្ណោះ បើគិតតាមលទ្ធភាពរបស់កម្ពុជា ។
តាមប្រសាសន៍លោកវ៉ាន់ រឹទ្ធី ប្រធានក្រុមហ៊ុន Angkor Mango បានអោយដឹងថា បើទោះបីជាកូរ៉េបានយល់ព្រមអោយកម្ពុជានាំចេញស្វាយទៅកាន់ទីផ្សារគេក្ដី ក៏ប៉ុន្តែក្រុមហ៊ុនប្រមូលទិញនិងនាំចេញស្វាយនៅតែជួបបញ្ហាដដែល ពីព្រោះលក្ខខ័ណ្ឌដែលកូរ៉េកំណត់គឺពិបាកសម្រាប់ក្រុមហ៊ុនស្វាយកម្ពុជា ។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «លក្ខខ័ណ្ឌដែលកូរ៉េកំណត់នោះ គឺតម្រូវអោយផលិតផលទាំងនោះ ឆ្លងកាត់ម៉ាស៊ីនកំចាត់ពងរុយចោះនៅលើផ្លែស្វាយនោះជាមុនសិនទើបអាចនាំចេញបាន តែកម្ពុជាមិនទាន់មានរោងចក្របែបនេះ នៅឡើយទេ គឺមានតែ ក្រុមហ៊ុនមួយប៉ុណ្ណោះ ដូច្នេះទំហំនៃការនាំចេញផ្លែស្វាយទៅកាន់កូរ៉េ អាចមានបរិមាណតិចតួច »។
លោកបន្តថាកន្លងមក លោកបាននាំចេញផ្លែស្វាយស្រស់ទៅប្រទេសវៀតណាម ថៃ និងកំពុងមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនចិនដើម្បីនាំទៅកាន់ទីផ្សារប្រទេសចិនផងដែរ ។ ហើយយើងក៏បានសហការជាមួយរោងចក្រកែច្នៃមួយនៅប្រទេសថៃ ដើម្បីកែច្នៃនាំចេញទៅកាន់ប្រទេសទីបីផងដែរ ដូចជាប្រទេសជប៉ុនជាដើម ។ ការនាំចេញទៅកាន់ប្រទេសវៀតណាម ប្រទេសថៃ និងចិនជាដើម គឺមិនមានលក្ខខ័ណ្ឌតម្រូវច្រើននោះទេ ពោលគឺពេលសម្អាតស្អាតបានអាចនាំចេញទៅកាន់ប្រទេសនោះបានហើយ ។
ពាក់ព័ន្ធនឹងការអនុញ្ញាតបើកទីផ្សាររបស់កូរ៉េជូនកម្ពុជានេះ បើតាមប្រធានសមាគមស្វាយកំពង់ស្ពឺយល់ឃើញថាគឺជាផ្តល់ឱកាសដ៏ល្អមួយដល់កម្ពុជា ព្រោះទីផ្សារនៅប្រទេសកូរ៉េនេះផ្លែស្វាយលក់បានថ្លៃ។
លោក អ៊ិន ឆៃវ៉ាន ប្រធានសមាគមស្វាយកំពង់ស្ពឺបានឱ្យដឹងថានេះជាការផ្តល់ឱកាសដល់ កម្ពុជាក្នុងការនាំស្វាយទៅកាន់ប្រទេសកូរ៉េ។នេះពិតជារឿងដ៏ល្អមួយសម្រាប់ប្រជាកសិករដែលជាអ្នកផលិត។ខ្ញុំបានកត់សម្គាល់យើងមានឱកាសពង្រីកទីផ្សារ ក្រោមគោលនយោបាយដឹកនាំប្រកបដោយភាពរីកចម្រើននៃប្រមុខរាជរដ្ឋាភិបាល។
ទន្ទឹមនឹងកូរ៉េបញ្ជាក់ថាកម្ពុជាអាចនាំចេញផ្លែស្វាយរបស់ខ្លួនបានចាប់ពីខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះក្តី ប៉ុន្តែការផលិតស្វាយរបស់កម្ពុជា ពោលនៅចុងឆ្នាំនេះការប្រមូលផលស្វាយខុសរដូវមានធ្លាក់ចុះបើប្រៀបធៀបនឹងឆ្នាំមុខៗ ដោយសារតែកត្តាអាកាសធាតុ។ តែផ្ទុយមកវិញតម្លៃផ្លែស្វាយខុសរដូវនេះបានកើនឡើងមួយទ្វេជាពីរ ។លោកបានបន្តថា «ការផលិតស្វាយខុសរដូវចាប់ពីខែតុលារហូតដល់ខែធ្នូនេះ យើងមិនទាន់ទទួលបានផលច្រើននៅឡើយនោះទេ បើធៀបទៅនឹងឆ្នាំមុន។ឆ្នាំនេះប្រហែលទើបទទួលបានផលប្រហែល៥%ប៉ុណ្ណោះនៅលើផ្ទៃដីនៅក្នុងតំបន់របស់យើងដោយសារគ្រោះធម្មជាតិ។ទន្ទឹមនឹងការផលិតធ្លាក់ចុះនេះ ធ្វើឱ្យតម្រូវការទីផ្សារខ្វះ ធ្វើឱ្យតម្លៃស្វាយឡើងថ្លៃជាងពេលណាៗទាំងអស់។តាមបទពិសោធន៍កន្លងមកនៅខែវិច្ឆិកាស្វាយមានតម្លៃតែ៩០០រៀល តែនៅឆ្នាំនេះតម្លៃឡើងដល់១.៥០០រៀលក្នុងមួយគីឡូក្រាម។
លោក អ៊ិន ឆៃវ៉ាន បានបន្តថា «ស្វាយកែវរមៀតយើងឆ្នាំនេះមានការខ្វះខាតមែនទែន សម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ ហើយតម្លៃកើនឡើងមួយទ្វេជាពី។តាមរយៈបទពិសោធន៍ជាង១០ឆ្នាំរបស់ខ្ញុំ ស្វាយមិនដែលមានតម្លៃ ឡើងទៅដល់តម្លៃថ្លែបែបនេះ បើទោះបីស្វាយប្រឡាក់បែបណាក៏គេទទួលទិញដែរ»។
បើតាមប្រធានសមាគមរូបនេះ កាលឆ្នាំ២០១៨ កន្លងទៅគឺកម្ពុជាបាននាំចេញស្វាយបានជាង១,៣ម៉ឺនតោន ហើយសព្វថ្ងៃនេះផ្ទៃដីដាំស្វាយនៅទូទាំងប្រទេសមានជាង១០ម៉ឺនហិកតា ហើយក្នុងនោះនៅខេត្តកំពង់ស្ពឺ កំពត កែប និងខេត្តមានផ្ទៃដីប្រហែល៧០%នៃផ្ទៃដីសរុប ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ កម្ពុជា បានអោយដឹងថា ត្រឹមរយៈ១០ខែ និង២៥ថ្ងៃ ការនាំចេញស្វាយទៅកាន់ទីផ្សារបរទេសមានបរិមាណ ៤៩.៤៧៨តោន ទៅកាន់ទេសប្រទេសចំនួន៥ គឺថៃ វៀតណាម បារាំង រុស្ស៊ី និងសិង្ហបុរី ៕
ចែករំលែកព័តមាននេះ