ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​នូវ​សម្ភារៈ​ធ្វើ​ដំណើរ​និង​កាបូប​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ហាក់​រក្សា​បាន​តួលេខ​ថេរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តួលេខ​សម្រាប់​ការ​បញ្ជា​ទិញ​ទៅ​លើ​សម្ភារៈ​ធ្វើ​ដំណើរ​និង​កាបូប​មក​ពេល​នេះ​មិន​ទាន់​មាន​នោះ​ទេ ហើយ​ការ​នាំ​ចេញ​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​គឺ​ពុំ​មានការ​កើនឡើង​នោះ​ទេ ។ នេះ​ជា​ការ​លើក​ឡើង​របស់​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ឬ​ហៅ​កាត់​ថា​GMAC បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា​ម្សិលមិញ​នេះ​។ ​ លោក…

រាជធានី​ភ្នំពេញ​៖ តួលេខ​សម្រាប់​ការ​បញ្ជា​ទិញ​ទៅ​លើ​សម្ភារៈ​ធ្វើ​ដំណើរ​និង​កាបូប​មក​ពេល​នេះ​មិន​ទាន់​មាន​នោះ​ទេ ហើយ​ការ​នាំ​ចេញ​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​គឺ​ពុំ​មានការ​កើនឡើង​នោះ​ទេ ។ នេះ​ជា​ការ​លើក​ឡើង​របស់​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ឬ​ហៅ​កាត់​ថា​GMAC បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា​ម្សិលមិញ​នេះ​។

លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​មាន​ប្រសាសន៍​ថា «​តួលេខ​នៃ​ការ​បញ្ជា​ទិញ​នេះ​យើង​អត់​ទាន់​មាន​ទេ ទាល់តែ​សួរ​ខាង​គយ​។ រាល់ដង​យើង​យក​តួលេខ​ខាង​គយ​។ បើ​តាម​យើង​ដឹង​កាល​៣​ឆ្នាំ​កន្លង​មក​អត់​មាន​កើនឡើង​ទេ​»​។ ​លោក​បាន​សង្កត់ធ្ងន់​ថា «​កន្លង​មក​យើង​អត់​មាន​តួលេខ​ជាក់ស្តែង​ទេ​ទាក់ទង​និង​ការ​នាំ​ចេញ​សម្ភារៈ​ធ្វើ​ដំណើរ​និង​កាបូប ប៉ុន្តែ​បើ​យើង​ដឹង​កាលពី​ឆ្នាំ​២០១៨​នាំ​ចេញ​មាន​ទឹកប្រាក់​ប្រមាណ​៥៦០ លាន​ដុល្លារ​អា​មេ​រិ​ក​តែ​នៅ​ឆ្នាំ​២០១៩​នេះ​យើង​អត់​ទាន់​មាន​តួលេខ​ពិតប្រាកដ​ទេ​។​តាម​តួលេខ​ឆ្នាំ​២០១៨​កន្លង​ទៅ​សម្ភារៈ​ធ្វើ​ដំណើរ​និង​ការ​បូ​ប​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក​៦៥% និង​៣៥%​នាំ​ទៅ​ទីផ្សារ​អឺរ៉ុប​»​។ លោក ខេន លូ បាន​លើក​ឡើង​ថា មក​ដល់​សព្វថ្ងៃ​រោងចក្រ​កាត់ដេរ​ដែល​ជា​សមាជិកសមាគម​ផលិត​សម្រាប់​ធ្វើការ​នាំ​ចេញ​សរុប​មាន​ចំនួន ៤៨៥​រោងចក្រ ហើយ​ប្រៀប​ទៅ​នឹង​ឆ្នាំ​កន្លង​មក​វា​កើនឡើង​ជាង​២០​រោងចក្រ​។​រោងចក្រ​ផលិត​កាបូប​បាន​ចូល​ជា​សមាជិក​មាន​៣៣​រោងចក្រ​។

ទាក់ទង​និ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ថ្មី​នេះ តំណាង​រាជរដ្ឋាភិបាល​កម្ពុជា សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​និង ការ​អន្តរជាតិ​ខាង​ការងារ​(ILO) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា សម្រាប់​ឆ្នាំ​២០២០-២០២២​។​ការ​ចុះ​អនុស្សរណៈ​នេះ​បើ​តាម​លោក ខេន​លូ មាន​ប្រសាសន៍​ថា «​យើង​ចុះ​អនុស្សរណៈ​រវាង​រាជរដ្ឋាភិបាល សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា និង​ILO​កាល​ថ្មី​ៗ​នេះ ពុំ​មែន​គិតគូ​ពី​ការ​បញ្ជា​ទិញ​នោះ​ទេ យើង​គ្រាន់​ឱ្យ​ការ​ផលិត​កាបូប​ទទួល​បានការ​គោរព​ច្បាប់​ការងារ​យើង​ស្រប​ទៅ​និង​ច្បាប់​ការងារ​អន្តរជាតិ​»​។

លោក ងុ​យ រិ​ទ្ធ អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​ថា​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នេះ នឹង​ចាប់ផ្តើម​អនុវត្តន៍​នៅ​ខែមករា​ឆ្នាំ​២០២០​ដល់​ចុងឆ្នាំ​២០២២​។​គោលបំណង​សំខាន់​នៃ​គម្រោង​នេះ​គឺ​ដើម្បី​ពង្រឹង​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ ដែល​ជា​ចំណុច​ស្នូល​ក្នុង​ការ​ធានា​នូវ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​នៃ​អង្គការ​វិជ្ជាជីវៈ​លក្ខខណ្ឌ​ការងារ ទំនាក់ទំនង​វិជ្ជាជីវៈ​ដែល​ជា​គោលនយោបាយ​ស្នូល​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​អនុវត្ត​តាំងពី​ឆ្នាំ​១៩៩៩ ក្នុង​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក ក្នុង​ការ​ផ្សារ​ភ្ជាប់​លក្ខខណ្ឌ​ការងារ​ទៅ​នឹង​បទដ្ឋាន​ការងារ​អន្តរជាតិ​។

​លោក​បាន​បន្ត​ថា គម្រោង​នេះ​នឹង​បន្ត​ឃ្លំ​មើល​លក្ខខណ្ឌ​ការងារ​នៅ​កម្ពុជា ដែល​ជា​គម្រោង​វាយតម្លៃ​ដោយ​ឯករាជ្យ​សម្រាប់​អ្នកបញ្ជា​ទិញ​ទាំងឡាយ​ពី​កម្ពុជា ដែល​គេ​ប្រើប្រាស់​របាយការណ៍​ក្នុង​គម្រោង​នេះ ក្នុង​ការ​ផ្តល់​ការ​បញ្ជា​ទិញ​ពី​កម្ពុជា ដោយ​គេ​យល់​ឃើញ​ថា​ប្រទេស​កម្ពុជា​អនុវត្ត​បាន​ល្អ​នូវ​ស្តង់ដារ​ការងារ​លក្ខណៈ​អន្តរជាតិ ដែល​យើង​ធ្លាប់​អនុវត្ត​ដោយ​ជោគជ័យ​ជាង​២០​ឆ្នាំទៅ​នេះ​។

បើ​តាម​លោក អនុរដ្ឋលេខាធិការ បាន​ឲ្យ​ដឹង​ថា « សម្រាប់​គម្រោង​លើក​នេះ​យើង បាន​ពង្រីក​ទៅ​លើ​បទដ្ឋាន​ការងារ​អន្តរជាតិ​ឱ្យ​ស្រប​តាម​ច្បាប់​ការងារ​របស់​យើង​នេះ​ទៅ​លើ​វិស័យ​ដែល​គេ​ហៅ​ថា​សម្ភារៈ​ធ្វើ​ដំណើរ​និង​កាបូប​។​អនុស្សរណៈ​នេះ​បាន​គ្របដណ្តប់​ទៅ​លើ​បណ្តា​រោងចក្រ សហគ្រាស​ទាំងឡាយ​ណា​ដែល​ផលិត​សម្រាប់​នាំ​ចេញ​នៅ​សម្ភារៈ​ធ្វើ​ដំណើរ​និង​កាបូប​ទាំងនេះ ធ្វើការ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​លើ​ច្បាប់​ស្តី​ពី​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​ដូច​ជា​ស្រប​ទៅ​និង​បទដ្ឋាន​ស្តង់ដា​អន្តរជាតិ​»​។

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​មាន​ប្រសាសន៍​ថ្មី​ៗ​នេះ​ថា «​គោលនយោបាយ​ផ្សារ​ភ្ជាប់​ពាណិជ្ជកម្ម​ជាមួយ​បទដ្ឋាន​ការងារ​យើង​បាន​បង្កើត​នូវ​ទំនុក​ទុកចិត្ត​ដល់​អ្នកបញ្ជា​ទិញ​ម៉ាក​យីហោ​ល្បី​ៗ​ក្នុង​ការ​ដាក់​បន្ថែម​ការ​បញ្ជា​ទិញ​ផលិតផល សម្លៀក​បំពាក់ និង​វាយនភ័ណ្ឌ​នៅ​កម្ពុជា​ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ​កាន់តែ​ច្រើន​ឡើង​។ ជាក់ស្តែង​ការ​នាំ​ចេញ​របស់​កម្ពុជា​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ទៅ​កាន់​ទីផ្សារ​បរទេស​នៅ​ឆ្នាំ​២០០១​មាន​ទឹកប្រាក់​១.១៨៨​លាន​ដុល្លារ​អា​មេ​រិ​ក​កើន​រហូត​ដល់​ទឹកប្រាក់​សរុប​១២.៨៩៥​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​។ ការ​នាំ​ចេញ​ផលិតផល​សម្លៀក​បំពាក់​និង​វាយ​ន​ភ័​ណ​មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​ដែល​កាលពី​ឆ្នាំ​២០០១​មាន​ទឹកប្រាក់​ត្រឹមតែ​៨២៨​លាន​ដុល្លារ​អា​មេ​រិ​ក បាន​កើនឡើង​ដល់​៧.៧៧៦​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០១៨»៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ