ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក លឹ​ម គាន​ហោ ៖ យុទ្ធសាស្ត្រ​គ្រប់គ្រង​គ្រោះ​រាំង​ស្ងួត​ឆ្នាំ​២០២០-​២០២៥ នឹង​ជួយ​ដោះស្រាយ​បញ្ហា​គ្រោះ​រាំង​ស្ងួត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​គណៈកម្មការ​ទន្លេមេគង្គ (Mekong River Commission-MRC) កម្ពុជា ក្នុង​នាម​ជា​ប្រធាន​ក្រុមប្រឹក្សា MRC សម្រាប់​ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​គណៈកម្មការ​ទន្លេមេគង្គ (Mekong River Commission-MRC) កម្ពុជា ក្នុង​នាម​ជា​ប្រធាន​ក្រុមប្រឹក្សា MRC សម្រាប់​ឆ្នាំ​២០១៩ បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ក្រុម​ប្រជុំ​ក្រុមប្រឹក្សា​លើក​ទី​២៦ និង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​ប្រទេស​ដៃគូ​អភិវឌ្ឍន៍​ក្នុង​ក្របខ័ណ្ឌ MRC លើក​ទី​២៤ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ​ភូ​គី​ត្រា នា​រាជធានី​ភ្នំពេញ​។

ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា MRC សម្រាប់​ឆ្នាំ​២០១៩ បាន​អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​ខាងលើ ដោយ​មាន​វត្តមាន​ចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សា MRC ថ្នាក់​រដ្ឋមន្ត្រី​នៃ​ប្រទេស​ជា​សមាជិក MRC រួម​មាន ៖ កម្ពុជា ឡាវ ថៃ និង​វៀតណាម តំណាង​ប្រទេស​ដៃគូ​អភិវឌ្ឍន៍ តំណាង​ប្រទេស​ដៃគូ​សន្ទនា (​ចិន និង​មី​យ៉ា​ន់​ម៉ា​) តំណាង​នៃ​អង្គការ​តំបន់​និង​អន្តរជាតិ និង​មន្ត្រី​លេខា​ធិការដ្ឋាន​MRC សរុប ចំនួន ១០០ រូប​។

កិច្ចប្រជុំ និង​ពិនិត្យ​ពិភាក្សា​លើ​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង និង​ផែនការ​យុទ្ធ​សាស្ត្រ​របស់ MRC ឆ្នាំ​២០១៦-២០២០ និង​ការ​រៀបចំ​បន្ត​សម្រាប់​ដំណាក់កាល​បន្ទាប់​, កិច្ច​សហប្រតិបត្តិការ​តំបន់​, ការ​អនុវត្ត​នីតិវិធី​ស្តី​ពី​ការ​គ្រប់គ្រង​ការ​ប្រើប្រាស់​ទឹក​, ការ​តាមដាន​ត្រួត​ពិនិត្យ​ទន្លេ និង​កិច្ចការ​សំខាន់​មួយ​ចំនួន​ទៀត ។ កិច្ចប្រជុំ ក៏​នឹង​ពិនិត្យ អនុម័ត​ផែនការ​ការងារ MRC សម្រាប់​ឆ្នាំ​២០២០-២០២១ និង​យុទ្ធសាស្ត្រ​គ្រប់គ្រង​គ្រោះ​រាំង​ស្ងួត ឆ្នាំ​២០២០-២០២៥។

ក្នុង​សុន្ទរកថា​ថ្លែង​បើក​កិច្ចប្រជុំ​, ឯកឧត្តម លឹ​ម គាន​ហោ តាង​នាម​រាជរដ្ឋាភិបាល​កម្ពុជា បាន​សំដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​គណៈប្រតិភូ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ និង​ក្នុង​នាម​ប្រធាន​ក្រុមប្រឹក្សា MRC បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​ការងារ និង​សមិទ្ធផល​ដែល MRC សម្រេច​បាន​ក្នុង​ឆ្នាំ​២០១៩ តាម​រយៈ​ការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព នូវ​ផែនការ​ការងារ​របស់​ខ្លួន​ដែល​បាន​ដាក់​ចេញ ក្រោម​ការ​សម្របសម្រួល​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​របស់​លេខាធិការដ្ឋាន MRC និង​ដោយ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​, ការ​គាំទ្រ ក៏​ដូច​ជា​ភាព​ជា​ដៃគូ​យ៉ាង​ល្អ​ពី និង​ជាមួយ​ភាគី​ពាក់ព័ន្ធ ក្នុង​កិច្ច​សហប្រតិបត្តិការ​តំបន់ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​អាង​ទន្លេមេគង្គ​។

ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​នូវ​បញ្ហា​ប្រឈម​ក្នុង​អាង​ទន្លេមេគង្គ ជា​ពិសេស​គ្រោះ​រាំង​ស្ងួត​ដ៏​ធ្ងន់ធ្ងរ​ដែល​ធ្វើ​ឲ្យ​លំហូរ​ទឹកទន្លេ​មេគង្គ​ក្នុង​ឆ្នាំ​២០១៩ មាន​កម្រិត​ទាប​បំផុត​ដែល​មិន​ធ្លាប់​ជួប​ប្រទះ​នា​ពេល​កន្លង​មក​។ ក្នុង​បរិបទ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សំដែង​ក្តី​សង្ឃឹមថា យុទ្ធសាស្ត្រ​គ្រប់គ្រង​គ្រោះ​រាំង​ស្ងួត ឆ្នាំ​២០២០-២០២៥ បាន​អនុម័ត​នា​ពេល​នេះ នឹង​ជួយ​ដោះស្រាយ​បញ្ហា​គ្រោះ​រាំង​ស្ងួត ក្នុង​ការ​គ្រប់គ្រង និង​កាត់​បន្ថយ​ហា​នី​ភ័យ​គ្រោះ​ទឹកជំនន់​ដែល​នឹង​កើត​មាន ឲ្យ​មាន​ប្រសិទ្ធភាព​។

ក្នុង​នាម​ប្រធាន​ក្រុមប្រឹក្សា MRC សម្រាប់​ឆ្នាំ​២០១៩, ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ដៃគូ​អភិវឌ្ឍន៍ ដៃគូ​សន្ទនា និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត ដែល​បាន​ជួយ​ធ្វើ​ឲ្យ MRC សម្រេច​បាន​នូវ​សមិទ្ធផល​ធំ​ៗ​ជា​ច្រើន​រហូត​មក​ដល់​ពេល​នេះ ក្នុង​កិច្ច​ប្រឹងប្រែង និង​កិច្ច​សហប្រតិបត្តិការ​តំបន់​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​អាង​ទន្លេមេគង្គ​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា MRC បាន​និង​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង ឆ្នាំ​២០២១-២០៣០ និង​ផែនការ​យុទ្ធសាស្ត្រ​របស់​ខ្លួន ឆ្នាំ​២០២១-២០២៥ ក្នុង​គោលបំណង​ដើម្បី​រួមចំណែក និង​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក្នុង​អាង​ទន្លេមេគង្គ ដូចដែល​បាន​ដាក់​ចេញ​ក្នុង​សេចក្តីថ្លែងការណ៍​ក្រុង​សៀមរាប ដែល​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក កម្ពុជា ឡាវ ថៃ និង​វៀតណាម បាន​អនុម័ត​ក្នុង​កិច្ចប្រជុំ​កំពូល MRC លើក​ទី​៣ ក្នុង​ខែមេសា ឆ្នាំ​២០១៨ នៅ​ខេត្តសៀមរាប ។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ស្នើ​ដៃគូ និង​ភាគី​ពាក់ព័ន្ធ​បន្ត​ជួយ​គាំទ្រ និង​សហការ​ក្នុង​ដំណើរការ​ឆ្ពោះទៅ​គោលដៅ​នេះ ឲ្យ​ទទួល​បាន​ជោគជ័យ​។

សូម​ជម្រាប​ថា នៅ​មុន​កិច្ចប្រជុំ​ក្រុមប្រឹក្សា​លើក​ទី​២៦, ក្នុង​នាម​ជា​ប្រធាន​ក្រុមប្រឹក្សា MRC សម្រាប់​ឆ្នាំ​២០១៩, ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម Jean Bernard Carrasco ឯកអគ្គរដ្ឋទូត​អូ​ស្រា្ត​លី ប្រចាំ​ប្រទេស​ឡាវ និង​បច្ចុប្បន្ន​ជា​ប្រធាន​ក្រុម​ប្រទេស​ដៃគូ​អភិវឌ្ឍ​ក្នុង​ក្របខ័ណ្ឌ MRC បាន​ចូល​ជួប​សំដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​។ នៅ​ក្នុង​ជំនួប​ភាគី​ទាំង​ពីរ បាន​ពិភាក្សា​អំពី​វឌ្ឍនភាព​ការងារ​, បញ្ហា​ប្រឈម តម្រូវការ និង​អាទិភាព របស់ MRC ក៏​ដូច​ជា​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង MRC និង​ដៃគូ​អភិវឌ្ឍន៍ សម្រាប់​ការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ក្នុង​អាង​ទន្លេមេគង្គ​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ