ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខរបរ​តម្បាញ​របស់​អ្នក​ភូមិ​កោះដាច់​មានការ​ធ្លាក់​ចុះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កោះដាច់​ធ្លាប់​មាន​ប្រជាពលរដ្ឋ​៦០​ភាគរយ ប្រកប​រប​តម្បាញ​ហូល ផាមួង ស៊ឹង ជា​មុខរបរ​ចិញ្ចឹមជីវិត​ត​ពី​ជីដូន​ជីតា​មក ។ ប៉ុន្តែ​មុខរបរ​តម្បាញ​នា​ពេល​នេះ​ប្រឈម និង​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង…

រាជធានី​ភ្នំពេញ ៖ កោះដាច់​ធ្លាប់​មាន​ប្រជាពលរដ្ឋ​៦០​ភាគរយ ប្រកប​រប​តម្បាញ​ហូល ផាមួង ស៊ឹង ជា​មុខរបរ​ចិញ្ចឹមជីវិត​ត​ពី​ជីដូន​ជីតា​មក ។ ប៉ុន្តែ​មុខរបរ​តម្បាញ​នា​ពេល​នេះ​ប្រឈម និង​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ។ ហេតុផល​សម្រាប់​ការ​ធ្លាក់​ចុះ​រួម​មាន​ការងារ​ទាមទារ​ភាព​អត់ធ្មត់ ការ​វាយលុក​របស់​ផលិតផល​មក​ពី​ក្រៅប្រទេស និង​ការ​និយម​ទៅ​ធ្វើការ​តាម​រោងចក្រ​ក្នុង​ចំណោម​មនុស្ស​វ័យក្មេង​នា​សម័យនេះ ។

ទន្ទឹម​នឹង​រវល់​តម្បាញ​ហូល​នោះ លោកស្រី កឹ​ម យ៉​ន អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​កោះដាច់ សង្កាត់​កោះដាច់ បាន​និយាយ​ថា តម្បាញ​ហូល​ផាមួង កំពុង​តែ​ខិត​ទៅ​រក​ការ​បាត់បង់ ។ ចំណែក​អ្នក​ត្បាញ​វិញ​ក៏​មានការ​ធ្លាក់​ចុះ​ផង​ដែរ ។ លោកស្រី​កឹ​ម យ៉​ន និយាយ​បណ្តើ​រទាំង​ដកដង្ហើម​ធំ​ៗ​ថា ៖ កូនស្រី​ខ្មែរ​ដែល​ពេញវ័យ​នា​ពេល​បច្ចុប្បន្ន​គេ​មិន​ចូល​ចិត្ត​មុខរបរ​តម្បាញ​នេះ​ទេ ព្រោះ​ក្នុង​ការ​តម្បាញ​ហូល ផាមួង វា​ទាមទារ​ភាព​អត់ធ្មត់​ខ្លាំង​ណាស់ និង​ព្យាយាម​យកចិត្តទុកដាក់ និង​ផ្ចិតផ្ចង់​ទើបបាន​ហូល​ផាមួង​មួយ​ក្បិន​ៗ ។

សម័យនេះ​មិន​ថា ក្មេង​ស្រី ក្មេង​ប្រុស​នោះ​ទេ គេ​នាំ​គ្នា​ទៅ​ធ្វើការ​តាម​រោងចក្រ​ព្រោះ​ស្រួល​បាន​លុយ​មក​ចាយ ។ និយាយ​នេះ​មិនមែន​មាន​ន័យ​ថា មួយ​សង្កាត់​កោះដាច់​គ្មាន​ក្មេង​ស្រី​ពេញវ័យ​ចាប់​យកមុខ​របរ​តម្បាញ​នោះ​ទេ ។ វា​មាន​ដែរ តែ​ភាគតិច​ប៉ុណ្ណោះ ។ នៅ​កោះដាច់​បច្ចុប្បន្ន​នេះ​ប្រពៃណី​មួយ​ដែល​ខ្មែរ​យើង​កំពុង​បាត់បង់​នៅ​បច្ចុប្បន្ន​នេះ គឺ​ការ​ត្បាញ អន្លូញ និង​ផាមួង​ជរ​ជើង ។ យើង​ឃើញ​នៅ​សល់​តែ​ការ​ត្បាញ ហួល ផាមួង​លាត ផាមួង​បន្តក់ សារុងសូត្រ កន្សែង​សូត្រ និង​សារបាប់ តែ​ប៉ុណ្ណោះ ។

រីឯ​តម្លៃ​មានការ​ធ្លាក់​ចុះ​ច្រើន​ហើយ​ឈ្មួញ​មក​ទិញ គឺ​តម្លៃ​នៅ​លើ​មាត់​ឈ្មួញ​ថា ប៉ុណ្ណោះ ។ ប្រជាពលរដ្ឋ​នា​ពេល​នេះ​នាំ​គ្នា​តម្បាញ​តែ​ផាមួង​លាត និង​ផាមួង​បន្តក់ ព្រោះ​វា​ស្រួល​លក់​ចេញ គឺ​មួយ​ក្បិន​តម្លៃ​៧៥​ដុល្លារ បើ​ហូល​វិញ​វា​មាន​តម្លៃ​ខ្ពស់​ដើមទុន​ច្រើន ។

អ្នកស្រី​សូរ សំ​អាន អាយុ​៣៨​ឆ្នាំ អ្នកស្រុក​ភូមិ​កោះ​តូច ឃុំ​កោះ​ឧ​ញ៉ា​តី ស្រុក​ខ្សាច់កណ្តាល ខេត្ត កណ្តាល ដែល​កំពុង​អង្គុយ​យ​ត្បាញ​នៅ​ក្រោមផ្ទះ របស់​គាត់​នោះ​ក៏​បាន​បញ្ចេញ​អារម្មណ៍​ព្រួយបារម្ភ​ដូច​គ្នា​អំពី​មុខរបរ​តម្បាញ​នៅ​កោះ​ខ្សាច់ ។ គាត់​បាន​និ​យ​យាយ​ថា មុខរបរ​តម្បាញ​នេះ​ជា​ការងារ​មួយ​លំបាក​ណាស់ ។ ការ​ត្បាញ​ផា​មួយ​ក្បាល​ពេល​ខ្លះ​ស៊ីពេល​រហូត​ដល់​១០​ថ្ងៃ​ក៏​មាន ។

ចំណែក​ការ​ប្រកួតប្រជែង​ក៏​កាន់តែ​មាន​ខ្លាំង​ឡើង ដោយសារ​តែ​ផលិតផល​ពី​ក្រៅប្រទេស ។ ក្រណាត់​ផាមួង ឬ​សឹង​ដែល​ហូរ​ចូល​មក​ពី​ក្រៅប្រទេស​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ហូល​ខ្មែរ ។ ប៉ុន្តែ ហូល និង​ផា​មួយ​ខែ្ម​រ​មាន​ភាព​ថ្លៃថ្នូរ និង​ប្រណីតភាព​ជាង​ដោយសារ​ការ​ធ្វើ​ពី​ដៃ​យ៉ាង​យកចិត្តទុកដាក់ ។

អ្នកស្រី​មានការ​ព្រួយ​បា​រម្មជា​ខ្លាំង ហើយ​មិន​ចង់​ឲ្យ​បាត់បង់​របរ​តម្បាញ​នោះ​ទេ ។ អ្នកស្រី​ស្នើ​ឲ្យ​អាជ្ញា​មូលដ្ឋាន​មានការ​ចាប់អារម្មណ៍ និង​យកចិត្តទុកដាក់​បង្កើត​ជា​សហគមន៍​មួយ ដើម្បី​រក្សា​តម្លៃ​ការ​លក់​ចេញ​ហួល​ផាមួង ។ បើ​មិន​ដូច្នោះ​ថ្ងៃ​ណាមួយ​នៅ​លើ​កោះដាច់​ក៏​ដូច​ជា កោះ​តូច​ឃុំ​ឧ​ញ៉ា​តី​លែង​ឮ​សម្លេង​បោះ​ត្រល់​ទៀត​ហើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ