តើ​អ្នក​អុំទូក​ជា​ស្ត្រី​ដើរតួ​នាទី​សំខាន់​អ្វីខ្លះ​សម្រាប់​សហគមន៍​ទេសចរណ៍​កំពង់​ភ្លុក​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ?


សៀមរាប​៖ ភូមិ​កំពង់​ភ្លុក ជា​ភូមិ​មួយ​ដែល​សិ្ថ​ត​នៅ​តំបន់​លិច​ទឹកទន្លេ​សាប​នា​ខេត្តសៀមរាប ហើយ​អ្វី​ដែល​សំខាន់​នា​ពេល​បច្ចុប្បន្ន​នេះ​កំពង់​ភ្លុក​គឺជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​មួយ​ដែល​បាន​នឹង​កំពុង​ទាញ​ស្រូប​អ្នកទេសចរ​ជាតិ​និង​អន្តរជាតិ​ទៅ​កំសាន្ត​លេង​នៅ​តំបន់​នេះ ព្រោះ​កំពង់​ភ្លុក​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​និង​វប្បធម៌​ដែល​មាន​ទាំង​ការ​កំសាន្ត​តាម​ភូមិ​លិច​ទឹក ដែល​មានផ្ទះ​អណ្តែត​លើ​ទឹក​និង​ការ​ទស្សនា​នូវ​សត្វព្រៃ​តាម​ដង​ទន្លេសាប​នៅ​ព្រៃរនាម​។ ការ​ទស្សនា​តាម​ព្រៃរនាម​ធ្វើ​ឲ្យ​អារ​ម្មរណ៍​របស់​ភ្ញៀវ​ទេសចរណ៍​មាន​ភាព​ស្រស់ថ្លា ព្រោះ​ទីនោះ​មាន​សត្វ​បក្សី​ដ៏​ច្រើន​ប្រភេទ និង​ប្រភេទ​សត្វ​ល្មូ​ន​មាន​ដូច​ជា​ពស់ ក្រពើ អណ្តើក និង​ប្រភេទ​ត្រី​ធំ​ៗ​ជាប​ច្រើន​ប្រភេទ​ទៀត​។

ថ្មី​ៗ​នេះ​ផង​ដែរ តាម​រយៈ​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងផង​ដែរ​ថា ដោយ​សហគមន៍​នេះ​មាន​ភាព​ទាក់ទាញ​ដល់​អ្នកទេសចរ​អាច​ទស្សនា​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​នៅ​តាម​មាត់បឹង​ទន្លេសាប ទស្សនា​ផ្ទះ​សង់​ខ្ពស់​ៗ​នៅ​លើ​ផ្ទៃ​ទឹក ទស្សនា​ភូមិ​បណ្តែត​ទឹក អុំទូក​ទស្សនា​ក្នុងភូមិ ទស្សនា​ព្រៃ​លិច​ទឹក និង​ផ្តិត​យក​នូវ​រូបភាព​ស្អាត​ៗ ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​គឺ​អាច​ទស្សនា​ផ្ទៃ​បឹង​ទន្លេសាប​ដ៏​ធំ​ល្វឹងល្វើយ​ជាមួយនឹង​ភោជនីយដ្ឋាន​បណ្តែត​ទឹក បែ​ចិ​ញ្ជឹ​ម​ត្រី រួម​ជាមួយនឹង​ទិដ្ឋភាព​ថ្ងៃ​រៀប​លិច​ដ៏​ស្រស់​ស្អាត​នៅ​លើ​ផ្ទៃ​បឹង​។

លោកស្រី ហ៊ុន ដា​នី រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ដែល​ថ្មី​ៗ​នេះ​បាន​អញ្ជើញ​ចុះ​ទៅ​សួរសុខទុក្ខ ស្វែង​យល់​ពី​ស្ថានភាព​ក្រុម​ស្ត្រី​អុំទូក និង​សក្តានុពល​ទេសចរណ៍ នៅ​សហគមន៍​ទេសចរណ៍ធម្មជាតិ​កំពង់​ភ្លុក នោះ​បាន​ឲ្យ​ដឹង​ថា «​ចំពោះ​លក្ខណ​:​ពិសេស​ប្លែក​គេ​របស់​សហគមន៍ ហើយ​ដែល​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ពេញចិត្ត​បំផុត​នោះ​គឺ សេវា​អុំទូក​កម្សាន្ត​ក្នុងភូមិ​មើល​ទេសភាព និង​ព្រៃ​លិច​ទឹក​ដែល​មាន​អ្នក​អុំទូក​ជា​ស្ត្រី​ទាំងអស់​ក្នុង​ចំណោម​ទូក​ចំនួន ៩៦១»​។

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា «​ក្រុម​ស្ត្រី​អុំទូក​នេះ​មិន​ត្រឹមតែ​ជា​អ្នក​អុំទូក​ដ៏​ជំនាញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​មគ្គុទ្ទេសក៍​ទេសចរ​ដែល​អាច​ពន្យល់​រៀបរាប់​ដល់​ភ្ញៀវ​អំពី​លក្ខណ​:​ស្ថានភាព ធម្មជាតិ ប្រពៃណី​ទំនៀមទម្លាប់ និង​សក្តានុពល​ដែល​មាន​ក្នុង​សហគមន៍ ប្រកបដោយ​ស្នាមញញឹម រួសរាយ​រាក់ទាក់ ស្និទ្ធស្នាល ផ្តល់​នូវ​ភាព​កក់ក្តៅ​»​។

ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ អាច​ធ្វើ​ដំណើរ​ទៅ​កាន់​សហគមន៍​ទេសចរណ៍​កំពង់​ភ្លុក​បាន​តាម​រយ​: រថយន្ត រ៉ឺ​ម៉ក ឬ​ម៉ូតូ​ដោយ​ប្រើ​រយៈពេល​ប្រមាណ​ជា ២៥​នាទី​ពី​ទីរួមខេត្ត​ទៅ​កាន់​ចំណត​កាណូត​របស់​សហគមន៍ ហើយ​បន្ទាប់​មក​យើង​ធ្វើ​ដំណើរ​តាម​កាណូត​ទៅ​កាន់​សហគមន៍​ដោយ​ប្រើ​រយៈពេល​ប្រមាណ ២០ នាទី​ទៀត ទើប​យើង​ទៅ​ដល់​សហគមន៍​កំពង់​ភ្លុក​។

គួរ​បញ្ជាក់​ថា​សហគមន៍​ទេសចរណ៍ធម្មជាតិ​កំពង់​ភ្លុក ស្ថិត​នៅ​តាម​មាត់បឹង​ទន្លេសាប ក្នុង​ឃុំ​កំពង់​ភ្លុក ដែល​មាន​០៣​ភូមិ រួម​មាន​៖ ភូមិ​ត្នោត​កំបុត ភូមិ​គោក​ក្តុល និង​ភូមិ​ដីក្រហម ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប និង​មាន​ចំងាយ​ប្រមាណ ៣០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​សៀមរាប ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៦ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ