៣ វិធី​សំខាន់​ដែល​ឪពុក​ម្តាយ​គួរ​ជំរុញ​កូន​ៗ​ដែល​មានគំនិត​រកស៊ី


មាន​បុគ្គល​ដែល​ជោគជ័យ​ក្នុង​ផ្នែក​អាជីវកម្ម​ជា​ច្រើន​ដែល​មានគំនិត​រកស៊ី​តាំងពី​នៅ​វ័យ​កុមារ ឬ​ពេល​ដែល​នៅ​ជា​យុវវ័យ ។ ទោះជា​កូន​របស់​អ្នក​មិន​អាច​ចាប់ផ្តើម​អាជីវកម្ម​មួយ​នៅ​ថ្ងៃស្អែក​ដែល​ជួយ​ឲ្យ​គ្រួសារ​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ពិតមែន​ក្តី ការ​ជំរុញ​គំនិត​រកស៊ី​អាច​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដូច​ខាងក្រោម​នេះ​៖

១. ជំរុញ​ការ​ឈ្វេងយល់​៖
សំណួរ ហេតុ​អ្វី? អាច​បើកផ្លូវ​ជា​ច្រើន​ដល់​កូន​ៗ​ក្នុង​ការ​រៀនសូត្រ ។ ឪពុក​ម្តាយ​គួរតែ​ជំរុញ​ទឹកចិត្ត​ឲ្យ​កូន​ៗ​ពូកែ​ឆ្ងល់ និង​សួរ​សំណួរ​កាន់តែ​ច្រើន ព្រោះ​វា​ជា​គុណសម្បត្តិ​ដ៏​សំខាន់​ដែល​សហគ្រិន​ជោគជ័យ​ភាគច្រើន​មាន ។ វា​ជា​គុណសម្បត្តិ​ដែល​ជួយ​ឲ្យ​ពួក​គេ​ស្វែងរក​ដំណោះស្រាយ​ថ្មី​ៗ​សម្រាប់​បញ្ហា​ក្នុង​សង្គម ឬ​បង្កើត​ផលិតផល​ថ្មី​ដែល​មាន​តម្រូវការ​ជុំវិញ​ពិភពលោក​ជាដើម ។

២. ជំរុញ​ភាព​ប្រកួតប្រជែង​៖
ភាព​ប្រកួតប្រជែង​ក្នុង​ករណី​នេះ​មិនមែន​ជា​ភាព​ប្រកួតប្រជែង ឬ​ការ​ប្រៀបធៀប​ខ្លួន​ជាមួយ​អ្នក​ដទៃ​ដើម្បី​រក​អ្នក​ឈ្នះ និង​អ្នក​ចាញ់​ទេ ព្រោះ​ការ​ជំរុញ​កូន​ៗ​ឲ្យ​មានគំនិត​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ហត់នឿយ និង​មាន​សម្ពាធ ។

ផ្ទុយ​មក​វិញ ឪពុក​ម្តាយ​គួរ​ជំរុញ​ឲ្យ​កូន​ៗ​ប្រកួតប្រជែង​ជាមួយនឹង​ខ្លួនឯង​ដើម្បី​បន្ត​អភិវឌ្ឍន៍​ខ្លួន​ជា​និច្ច ខណៈ​ដែល​សហការ​ជាមួយ​អ្នក​ដទៃ​ទៅ​វិញ ។ វិធី​មួយ​ដែល​អាច​ជំរុញ​ផ្នែក​នេះ​គឺ​ការ​អនុញ្ញាត​ឲ្យ​កូន​ៗ​ចូលរួម​ក្រុមកីឡា ឬ​ការ​ប្រកួត​ជា​ក្រុម​ណាមួយ ព្រោះ​ដើម្បី​ឈ្នះ ពួក​គេ​នឹង​ត្រូវ​ពង្រឹងសមត្ថភាព​ខ្លួន​ជា​និច្ច​ខណៈ​ដែល​រៀន​សហការ​ជាមួយ​សមាជិក​ក្រុម​ដទៃ ។

៣. ជួយ​ធ្វើ​ឲ្យ​ការ​ស្រមើល​ស្រ​ម៉ៃ​ក្លាយជា​ការ​ពិត​៖
ក្មេង​ៗ​ជា​ច្រើន​ចូល​ចិត្តការ​ស្រមើល​ស្រ​ម៉ៃ ឬ​ពូកែ​គិត ប៉ុន្តែ​មិន​មាន​សមត្ថភាព​ក្នុង​ការ​បកស្រាយ​វា ឬ​ធ្វើ​ឲ្យ​វា​ក្លាយជា​ការ​ពិត​ឡើយ ។ ប្រសិនបើ​កូន​ៗ​អ្នក​ជួបនឹង​បញ្ហា​នេះ មាន​ន័យ​ថា​កូន​អ្នក​អាច​នឹង​ខ្សោយ​ក្នុង​ផ្នែក​ទំនាក់ទំនង​ដែល​ជា​កត្តា​សំខាន់​មួយ​ប្រសិនបើ​ពួក​គេ​ចង់​ជោគជ័យ​ទាំង​ក្នុង​ការងារ និង​អាជីវកម្ម ។

ឪពុក​ម្តាយ​អាច​ពង្រឹង​ផ្នែក​នេះ​បាន​ដោយ​ឲ្យ​កូន​ៗ​ចាត់ចែង​កិច្ចការ​អ្វីមួយ ហើយ​បន្ទាប់​ពី​វា​ត្រូវ​បាន​បញ្ចប់​ហើយ ឪពុក​ម្តាយ​ត្រូវ​និយាយ​ជាមួយ​កូន​ៗ​ពី​ដំណើរការ​តាំងពី​ដើម​ដល់​ចប់ ។ រួច​សួរ​ពី​អ្វី​ដែល​ពួក​គេ​ធ្វើ​បាន​ត្រឹមត្រូវ និង​ដំណោះស្រាយ​ផ្សេង​ៗ​ដែល​ពួក​គេ​បាន​គិត​ឃើញ​ពេល​ជួបនឹង​បញ្ហា ។

កូន​ៗ​គ្រប់​រូប​មាន​លក្ខណៈ​ខុស​ៗ​គ្នា ដូច្នេះ​ឪពុក​ម្តាយ​មិន​គួរ​គិតតែ​ព្រួយបារម្ភ​ច្រើន​ពេក​ទេ ហើយ​ផ្តោត​ស្មារតី​ទៅ​លើ​ចំណុចខ្លាំង​ដែល​ពួក​គេ​មាន​ទៅ​វិញ និង​ចាំ​លើកទឹកចិត្ត​កូន​ៗ​ឲ្យ​បន្ត​ការ​រៀនសូត្រ និង​អភិវឌ្ឍន៍​ខ្លួន​ជា​និច្ច ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

Live

Sponsored News

០២:៤៤ | ក្នុងស្រុក

សារលិខិត​អបអរសាទរ ជូន​ចំពោះ​លោក​​ជំទាវ​-​លោក​ជំទាវ​ឧកញ៉ា​ទាំង​២១ រូប ដែល​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​និង​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ