ការរស់នៅដោយជោគជ័យ គឺជាគោលដៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ និងជាគោលដៅដែលមនុស្សវ័យក្មេងក្នុងសម័យកាលនេះកាន់តែជួបការលំបាកក្នុងការសម្រេចវាព្រោះពួកគេខ្វះជំនាញសំខាន់ៗ ។ ហើយជំនាញទាំងនេះមិនមែនត្រឹមតែជំនាញបច្ចេកវិទ្យាទេ តែជំនាញទុនដែលមានដូចជា ភាពច្នៃប្រឌិត ការធ្វើទំនាក់ទំនង ការគ្រប់គ្រងពេលវេលា ភាពឆ្លាតវៃផ្នែកផ្លូវអារម្មណ៍ និងការសម្របខ្លួនទៅតាមស្ថានការនានាជាដើម ។ ហើយសម្រាប់អ្នកដែលមិនទាន់មានធនធានគ្រប់គ្រាន់ អ្នកអាចរៀនជំនាញខាងលើបានតាមរយៈការងារខាងក្រោមនេះ ៖
១. ការងារដឹកជញ្ជូន៖
ជំនាញដែលអ្នកនឹងរៀនពីការងារនេះមានដូចជាការគ្រប់គ្រងពេលវេលា ការដោះស្រាយបញ្ហា ការធ្វើទំនាក់ទំនង និងការគ្រប់គ្រងខ្លួនឯង ។ ការងារដំបូងពេលដែលលោកមហាសេដ្ឋី វ៉ារេន បាហ្វេ (Warren Buffett)នៅជាយុវជនម្នាក់គឺការងារចែកកាសែតជារៀងរាល់ព្រឹកតាំងពីម៉ោង ៤ និង ៣០នាទី ។ លោកបានជំរុញឲ្យខ្លួនស្វែងរកវិធីចែកកាសែតឲ្យមានប្រសិទ្ធិភាពបំផុត ។ ការងារជាអ្នកដឹកជញ្ជូនម្ហូបអាហារជាជម្រើសល្អមួយប្រសិនបើអ្នកចង់រៀនជំនាញខាងលើនេះ ។
២. ការងារជំនួយការ៖
ការងារនេះនឹងជួយឲ្យអ្នករៀនយកចិត្តទុកដាក់លើចំណុចលម្អិតៗ ការស្ថាបនាទំនាក់ទំនង ការស្រាវជ្រាវ និងការសម្របសម្រួល ។ អ្នកប្រហែលជាមិនចូលចិត្តការស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកដទៃ ប៉ុន្តែវាប្រៀបបានជាអ្នកទទួលបានការហ្វឹកហាត់ពីបុគ្គលដែលជោគជ័យព្រមទាំងទទួលបានប្រាក់ខែទៀត ។ ការងារនេះនឹងជួយឲ្យអ្នករៀនពីមេរៀនសំខាន់ៗជាច្រើនដែលសូម្បីតែសាលារៀនក៏មិនអាចបង្រៀនអ្នកដែរ ។ លើសពីនេះទៅទៀត វាផ្តល់ឱកាសឲ្យអ្នកក្នុងការបង្កើតទំនាក់ទំនងជាមួយមនុស្សក្នុងវិស័យដែលអាចជួយអ្នកនៅថ្ងៃមុខបាន ។
៣. ការងារជាគ្រូបង្រៀន៖
ជម្រើសចុងក្រោយនេះបង្រៀនអ្នកពីភាពអត់ធ្មត់ ជំនាញសរសេរ ការណែនាំ ភាពច្នៃប្រឌិត ការគ្រប់គ្រងជម្លោះ និងភាពឆ្លាតវៃផ្លូវអារម្មណ៍ ។ ការងារជាគ្រូបង្រៀនស្ថិតក្នុងចំណោមការងារដែលលំបាកជាងគេ ប៉ុន្តែវាពិតជាជំរុញទឹកចិត្តណាស់ពេលដែលមើលឃើញការផ្លាស់ប្តូរក្នុងជីវិតរបស់សិស្សានុសិស្ស ។ លើសពីនេះទៅទៀត ការងារនេះតម្រូវឲ្យអ្នកមានភាពអត់ធ្មត់ និងចេះយល់ចិត្តអ្នកដទៃដែលជួយធ្វើឲ្យអ្នកកាន់តែឆ្លាតវៃក្នុងផ្នែកផ្លូវអារម្មណ៍ ។
លើសពីនេះទៅទៀត វាពង្រឹងសមត្ថភាពក្នុងការពន្យល់អ្វីដែលស្មុគស្មាញឲ្យស្រួលយល់ដែលជាជំនាញមួយអាចប្រើបានក្នុងស្ទើរតែគ្រប់ការងារ ។ មហាសេដ្ឋី ជេក ម៉ា (Jack Ma) ជាឧទាហរណ៍មួយដែលគ្រូបង្រៀនមួយរូបអាចមានឱកាសក្លាយជាមហាសេដ្ឋីបាន ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ