ការ​ជួប​ប្រទះ​ដែល​ជួយ​ឲ្យ​លោក ធី​ម ឃុ​ក ក្លាយជា​បុគ្គល​ដ៏​ជោគជ័យ


ក្នុង​ពេល​ថ្មី​ៗ​នេះ លោកនាយក​ប្រតិបត្តិ ធី​ម ឃុ​ក (Tim Cook) របស់​ក្រុមហ៊ុន Apple ទទួល​បាន​សំណួរ​មួយ​ក្នុង​កំឡុង​ពេល​បទ​សម្ភាសន៍​ថា តើ​តម្លៃ​ក្នុង​ជីវិត​ដែល​សំខាន់​ជាងគេ​ក្នុង​ជីវិត​លោក​គឺជា​អ្វី?

លោក ឃុ​ក បាន​លើក​ឡើង​ពី​រឿង​ដែល​លោក​បាន​ជួប​ប្រទះ​ទាក់ទិន​នឹង​ការ​ខិតខំ​រក​គោលដៅ​ក្នុង​ជីវិត​របស់​លោក ។ ពេល​ដែល​លោក​នៅ​វ័យក្មេង គោលដៅ​ក្នុង​ជីវិត​របស់​លោក​គឺ​ទាក់ទិន​នឹង​ជំនាញ​ដែល​លោក​បាន​ជ្រើសរើស​នៅ​សាកលវិទ្យាល័យ ។ តែ​មិនយូរ​ប៉ុន្មាន​លោក​ក៏​ដឹង​ថា​វា​មិនមែន​ជា​អ្វី​ដែល​លោក​ពិតជា​ប្រកាន់ខ្ជាប់​ឡើយ ។

បន្ទាប់​មក លោក​បាន​ស្វែងរក​វា​ទៀត​នៅ​ក្នុង​ការងារ អាពាហ៍ពិពាហ៍ និង​កូន ប៉ុន្តែ​លោក​នៅ​តែ​មិន​ពេញចិត្ត ។ រហូត​ដល់​ពេល​ដែល​លោក​មាន​វ័យ ៣០​ឆ្នាំ​ក្រាស់​ទើប​លោក​បាន​ប្រទះ​ឃើញ​ថា មូលហេតុ​ដែល​មនុស្ស​រស់នៅ​មានជីវិត គឺ​ដើម្បី​ជួយ​មនុស្ស​ម្នាក់​ទៀត ។ លោក​បាន​បន្ថែម​ថា «​អ្នកមាន​វត្ត​មាននៅ​ទី​នេះ​ដើម្បី​បម្រើ​ដល់​អ្នក​ដទៃ ។ វា​មិនមែន​សម្រាប់​តែ​អ្នកជា​រៀង​រាល់ពេល​ទេ​» ។
ការ​ប្រទះ​ឃើញ​នេះ​បាន​ផ្លាស់​ប្តូរជីវិត​របស់​លោក​យ៉ាង​ខ្លាំង និង​ជួយ​ឲ្យ​លោក​ធ្វើការ​សម្រេច​ចិត្តបាន​ដោយ​ងាយស្រួល​ជាង​មុន​ផង​ដែរ​ព្រោះ​ពាក្យ​សម្តី ឬ​សកម្មភាព​ដែល​លោក​នឹង​ធ្វើ​អាច​ជួយ​ឬ​មិន​អាច​ជួយ​អ្នក​ដទៃ​បាន ។ គោលដៅ ឬ​តម្លៃ​ក្នុង​ជីវិត​ជា​កត្តា​សំខាន់​មួយ​សម្រាប់​មនុស្ស​ម្នាក់​ៗ ព្រោះ​វា​ជា​អ្វី​ដែល​ជះ​ឥទ្ធិពល​លើ​សកម្មភាព និង​ការ​សម្រេចចិត្ត​របស់​យើង ។ វា​ជា​អ្វី​ដែល​យើង​ជឿជាក់​លើ និង​មិន​អាច​តវ៉ា​បាន​មិន​ថា​អ្នក​ដទៃ​និយាយ​យ៉ាងណា ។

ប្រសិនបើ​អ្នក​ទទួល​បាន​សំណួរ​ដូច​លោក​ឃុ​ក តើ​អ្នក​អាច​ឆ្លើយ​បាន​ទេ? សំណួរ​នេះ​មាន​សារៈសំខាន់​ណាស់​ព្រោះ​វា​ទាក់ទិន​នឹង​សំណួរ​ថា តើ​អ្នក​កំពុង​តែ​រស់នៅ​ដោយ​ប្រកាន់ខ្ជាប់​តម្លៃ​ក្នុង​ជីវិត​ជា​រៀងរាល់ថ្ងៃ​ទេ? មាន​តែ​ពេល​អ្នកឆ្លើយ​សំណួរ​ទាំង​ពីរ​នេះ​ចេញ​ទេ​ទើប​អ្នក​អាច​រក​ឃើញ​ការងារ ឬ​អាជីវកម្ម​ដែល​អ្នក​ពិតជា​ស្រលាញ់ និង​មានចិត្ត​ប្តេជ្ញា​ខិតខំ​ធ្វើ​ឲ្យ​ខ្លួន​ជោគជ័យ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ