ខេត្តកំពង់ឆ្នាំង ៖ ពិតជាគួរឱ្យអាសូរក្មេងកំព្រា៤នាក់ដែលកំពុងតស៊ូរស់ ក្រោយពីឪពុកម្តាយស្លាប់អស់ ប្អូនទាំងអស់ត្រូវពឹងផ្អែកលើកូនស្រីច្បងអាយុត្រឹមតែ១៣ឆ្នាំជាអ្នករ៉ាប់រង ក្នុងការដើរស៊ីឈ្នួលគេបានប្រាក់បន្តិចបន្តួចយកមកចិញ្ចឹមប្អូនៗ ដែលរស់នៅក្នុងបន្ទុក ។ កុមារកំព្រាដ៏កំសត់នេះ មានទីលំនៅភូមិសុភី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ។
តាមការរៀបរាប់របស់លោក សូត្រ សុន មេភូមិសុភី ឃុំជើងគ្រាវ បានឱ្យដឹងថា គ្រួសារខាងលើនេះ ក្រក្សត់តាំងពីឪពុកម្ដាយរស់នៅមកម្ល៉េះ ។ កាលពីជាង៣ឆ្នាំមុន ឪពុកដែលជាអ្នកដើររកស៊ីទិញកន្ទក់ពីកន្លែងឆ្ងាយៗ ហើយយកមកលក់នៅតាមភូមិបានទទួលមរណភាព បន្ទាប់ពីខ្យល់គ នៅក្នុងភូមិក្តុល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខណៈដែលគាត់ទៅទិញកន្ទក់នៅទីនោះ ។
ក្រោយពីឪពុកស្លាប់បាន៣ឆ្នាំ ម្ដាយក៏ចាប់ផ្តើមមានជំងឺធំពោះ (ទាជទឹក) និងបានស្លាប់កាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០១៩ គឺមុននេះប្រហែល១ខែប៉ុណ្ណោះ ។
ប្រភពដដែលបន្តថា នៅពេលឪពុកម្ដាយស្លាប់អស់ ក្មេងទាំង៣នាក់ត្រូវពឹងផ្អែកទៅលើតែកូនស្រីច្បង ដែលមានអាយុត្រឹមតែ១៣ឆ្នាំប៉ុណ្ណោះ ជាអ្នកគ្រប់គ្រង ។ កូនស្រីច្បងបានដើរស៊ីឈ្នួលដកស្ទូង និងធ្វើការឱ្យគេក្នុងមួយថ្ងៃបាន៥ទៅ៦ពាន់រៀល ដើម្បីទិញអង្ករ និងម្ហូប ។
លោកមេភូមិបញ្ជាក់ដែរថា ដោយសារតែគ្មានលិខិតស្នាមត្រឹមត្រូវ ក្មេងទាំងអស់មិនបានចូលរៀននោះទេពីដើមមក ទើបតែឆ្នាំនេះដោយសារតែលោកព្យាយាមទំនាក់ទំនងទៅលោកគ្រូអ្នកគ្រូ ក៏ដូចជាអាជ្ញាធរឃុំ-ស្រុក គឺបានចុះឈ្មោះចូលរៀនអស់ហើយ ។
ហើយទាំងក្មេងទាំង៤នាក់ ទី១-ឈ្មោះរឺន សុភ័ក្រ អាយុ១៣ឆ្នាំ ទី២-ឈ្មោះ រឺន សុភ័ណ្ឌ អាយុ១៣ឆ្នាំ ទី៣-ឈ្មោះ រឺន សុភាស់ អាយុ៨ឆ្នាំ និងទីកូនប្រុសពៅឈ្មោះ រឺន សារិទ្ធ អាយុ៦ឆ្នាំ ។ ក្នុងនាមលោកជាអាជ្ញាធរភូមិ សូមអំពាវនាវដល់សប្បុរសជនមេត្តាជួយឧបត្ថម្ភជាស្បៀងសម្ភារ និងសម្ភារសិក្សាជូនដល់ក្មេងកំព្រាខាងលើនេះផង ។
ដោយឡែកលោកតា ទូច រឺន អាយុ ៧៨ ឆ្នាំ ដែលត្រូវជាជីតាក្មេងខាងលើបានឲ្យដឹងថា ក្មេងៗទាំងនេះ បន្ទាប់ពីឪពុកម្ដាយស្លាប់ទៅ គឺបានធ្លាក់បន្ទុកមកលើគាត់ជាអ្នកមើល ។
ប៉ុន្តែមិនបានដិតដល់នោះទេ ដោយសារថា នៅផ្ទះផ្សេងគ្នា ។ ចំណែករូបគាត់ និងប្រពន្ធក៏ចាស់ជរានៅតែពីរនាក់យាយតាដែរ។ បច្ចុប្បន្ននេះ ទាំងគាត់ ទាំងចៅទាំង៤នាក់សុទ្ធ តែសុំគេស្នាក់នៅទេ គឺមិនមានអ្វីជាដីខ្លួនឯងឡើយ ហេតុនេះហើយគាត់សូមសំណូមពរដល់សប្បុរសជនជិតឆ្ងាយ សូមមេត្តាជួយឧបត្ថម្ភគាំទ្រដល់គ្រួសារខាងលើនេះផង ។
សូមរំលឹកដែរថា បន្ទាប់ពីទទួលព័ត៌មានខាងលើនេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ទៅឧបត្ថម្ភដល់កុមារកំព្រាខាងលើនេះផងដែរ ក្នុងនោះរួមមាន អង្ករ១៥០គីឡូក្រាម, ត្រីងៀត៤គីឡូ, ទឹកបរិសុទ្ធ២កេស, ត្រីខកំប៉ុង៣ឡូ, ទឹកត្រី៣ឡូ, ទឹកស៊ីអ៊ីវ៣ឡូ, ទឹក្រូច៦កេស និងថវិកា ៣លាន២០ម៉ឺនរៀល ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ