ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​សប្បាយ​រីករាយ ក្នុង​ការ​ប្រមូល​​ផល​ផ្លែស្វាយ​កែវ​រមៀត

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ចុងឆ្នាំ​២០១៩​នេះ ប្រជា​កសិករ​ជា​ច្រើន​នាក់ ដែល​ដាំ​ដំណាំ​ស្វា យ​កែវ​រមៀត បាន​ចាប់ផ្តើម​ប្រមូល​ផល​ផ្លែស្វាយ​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ហើយ ដោយ​តម្លៃ​មិន​មានការ​ធ្លាក់​ចុះ​អ្វី​នោះ​ទេ គឺ​អាច​ទទួលយក​បាន ។…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ចុងឆ្នាំ​២០១៩​នេះ ប្រជា​កសិករ​ជា​ច្រើន​នាក់ ដែល​ដាំ​ដំណាំ​ស្វា យ​កែវ​រមៀត បាន​ចាប់ផ្តើម​ប្រមូល​ផល​ផ្លែស្វាយ​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ហើយ ដោយ​តម្លៃ​មិន​មានការ​ធ្លាក់​ចុះ​អ្វី​នោះ​ទេ គឺ​អាច​ទទួលយក​បាន ។ ចំណែក​ឈ្មួញកណ្តាល ក៏​សប្បាយ​រីករាយ ក្នុង​ការ​ដើរ​ម៉ៅ​ទិញ​ផ្លែស្វាយ​នៅ​តាម​ចម្ការ​នីមួយ​ៗ រួច​ជួល​គោ​យន្ត ឬ​រថយន្ត ដឹក​យក​ទៅ​លក់ដូរ​បន្ត​នៅ​ប្រទេស​ថៃ​ផង​ដែរ ។

បើ​តាម​ប្រភព​ពី​កសិករ​ម្នាក់​ឈ្មោះ សា​រ៉ាត់ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​បាន​ដាំ​ដំណាំ​ស្វាយកែវ​រមៀត​រាប់រយ​ដើម​នៅ​ក្នុង​ចម្ការ ត្រង់​ចំណុច​ខក​មូស ក្នុងភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

គាត់​បន្ត​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ គាត់​បាន​ម៉ៅ​ផ្លែស្វាយ​ឱ្យ​ឈ្មួញ​ច្រក​ថង់​ខ្លះ និង​ម៉ៅ​ផ្លែស្វាយ​ដែល​សេសសល់​ទៅ​ឱ្យ​ឈ្មួញ​ដទៃ​ទៀត គេ​បេះ​យក​ទៅ​លក់ដូរ​នៅ​ប្រទេស​​ថៃ ។ ចំពោះ​តម្លៃ​ទីផ្សារ មិន​មាន​អ្វី​ខុស​ប្លែក​ពី​ឆ្នាំ​មុន​ៗ​ប៉ុន្មាន​ដែរ គឺ​បើ​ផ្លែ​ល្អ​អាច​លក់​បាន​១​គីឡូក្រាម ក្នុង​តម្លៃ​១៥០០​រៀល​ទៅ​១៦០០​រៀល ។ តែបើ​ផ្លែស្វាយ​មិនសូវ​ល្អ តម្លៃ​ក៏​ធ្លាក់​ចុះ​ទៅ​តាម​នោះ​ដែរ ប៉ុន្តែ​មិន​មានការ​ធ្លាក់​ចុះ​ខ្លាំង​នោះ​ឡើយ ពោល​គឺ​ប្រហាក់ប្រហែល​ទៅ​នឹង​ឆ្នាំ​មុន​ៗ​ដែរ ។

បើ​តាម​ប្រភព​ពី​ឈ្មួញកណ្តាល​ដើរ​ម៉ៅ​ផ្លែស្វាយ​ម្នាក់​ឈ្មោះ ពែង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ វឿ​ន អាយុ​៤០​ឆ្នាំ រស់នៅ​ខេត្តបាត់ដំបង បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​បាន​ដើរ​ម៉ៅ​ផ្លែស្វាយ​តាម​ចំការ​នៅ​បណ្តា​ខេត្ត​នានា​ជា​ច្រើន ដូច​ជា កំពង់ចាម កំពង់ស្ពឺ កំពង់ធំ សៀមរាប បាត់ដំបង រហូត​មក​ដល់​ខេត្ត​ប៉ៃលិន ហើយ​ក៏​ជួល​កម្មករ​ឱ្យ​បេះ​ដាក់​លើ​រថយន្ត​ដឹក​យក​ទៅ​លក់​បន្ត​នៅ​ប្រទេស​ថៃ ។

ប្រភព​បន្ត​ទៀត​ថា ចំពោះ​តម្លៃ គឺ​ទាក់ទង​ទៅ​ថៅកែ​ជនជាតិ​ថៃ​ជា​មុន រួច​បើ​គេ​ឱ្យ​ទិញ​ក្នុង​តម្លៃ​ប៉ុន្មាន ខាង​គាត់​ក៏​ទិញ​ទៅ​តាម​នោះ​ដែរ ដោយ​មិន​ខាត​នោះ​ទេ ទោះជា​តម្លៃ​ទីផ្សារ​មានការ​ធ្លាក់​ចុះ​ក៏​ដោយ ។

ជាក់ស្តែង រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ខាង​លោ កបាន​បេះ​ផ្លែស្វាយ ដែល​ខ្លួន​ម៉ៅ​ដឹក​ទៅ​លក់​នៅ​ប្រទេស​ថៃ ដោយ​១​គីឡូក្រាម​តម្លៃ​១១​បាត​(​ប្រាក់​ថៃ​) ប្រហែល​១៣០០​រៀល ហើយ​បើ​ផ្លែស្វាយ​ល្អ​ជាង​នេះ តម្លៃ​ក៏​ខ្ពស់​ជាង​នេះ​បន្តិចទៀត​​ដែរ ។ ប៉ុន្តែ បើ​ទូទាត់​ថ្លៃ​ដឹក ថ្លៃ​នាំ​ចេញ និង​ថ្លៃ​ឈ្នួល​កម្មករ​ក្នុង​១​ថ្ងៃ​ៗ គាត់​ចំណាយ​រហូត​ដល់​១០០០​ដុល្លារ​ឯណោះ ពោល​គឺ​កម្មករ​ម្នាក់​ក្នុង​១​ថ្ងៃ​ជួល​គាត់​២៥០០០​រៀល ដោយ​ទិញ​ម្ហូបអាហារ​ឱ្យ​ពួក​គាត់​ទទួលទាន​ថែម​ទៀត ។ តែ​ទោះបីជា​យ៉ាងណា ខាង​លោក​អាច​សល់​ថវិកា​សម្រាប់​យក​ទៅ​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ដែរ។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន ប្រជាពលរដ្ឋ ដែល​មាន​ដី​ច្រើន​កន្លែង គេ​ដាំ​ដំណាំ​ច្រើន​មុខ ដូច​ជា ពោតក្រហម ដំឡូង​មី តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន និង​ទុក​ដី​មួយ​ចំនួន​ទៀត ដាំ​ដំណាំ​ស្វាយកែវ​រមៀត​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ